ជឿជាក់ថា ប្រិយមិត្តជាច្រើន ជាពិសេសអ្នកស្នេហាវិស័យកីឡាប្រដាល់ បានស្គាល់ច្បាស់រួចហើយ កីឡាករតំណាងគុនខ្មែរ ជនជាតិអាហ្វ្រិកខាងត្បូង Emmanuel Onyedikachi ឬហៅថា ម៉ានូ គឺកម្រទទួលលទ្ធផលចាញ់ណាស់ ក្នុងប្រវត្តិប្រកួតតំណាងឲ្យគុនខ្មែរ អស់រយៈពេលជាង១០ឆ្នាំ មកនេះ។
ដោយឡែក ថ្មីៗនេះ ម៉ានូ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈចេញមុខក្នុងវីដេអូផ្តល់បទសម្ភាសន៍មួយ ដោយលោកបាននិយាយជាភាសាខ្មែរយ៉ាងចំហរ អន្ទះសាចង់ប្រកួតជាមួយកីឡាករជើងខ្លាំងថៃយ៉ាងខ្លាំង ចង់មួយណាក៏បានដែរ។
ពិតណាស់ ក្នុងវីដេអូរៀបរាប់ថា ប្រហែល២ខែទៀត នឹងចេញទៅប្រកួតជាមួយកីឡាករជើងខ្លាំងរុស្ស៊ី ក្នុងនាមតំណាងឲ្យគុនខ្មែរ, អ៊ីម៉ាណូអែល បានប្រាប់គួរឲ្យញាក់សាច់ថា គាត់វាយឲ្យគូប្រកួតបាក់ជើងអស់៥នាក់ហើយ និងអះអាងថា កីឡាករភាគច្រើនខ្លាចទម្ងន់ដៃ និងកម្លាំងជើងរបស់គាត់តែម្តង។
តែអ្វីដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺនៅពេលសួរថា តើមានក្តីស្រមៃចង់ប៉ះជាមួយកីឡាករថៃលំដាប់រូបណាទេ? ស្រាប់តែកីឡាករវ័យ ៣៧ឆ្នាំ រូបនេះ បានប្រញាប់ឆ្លើយភ្លែតថា «ខ្ញុំចង់ប៉ះហ្មង អាណាគេថាខ្លាំង ម៉ោ!»។ បន្ថែមលើនេះ ម៉ានូ ក៏ចង់ស្នើដល់សហព័ន្ធកីឡាកម្ពុជាយើង រៀបចំឲ្យលោកប្រកួតដាក់ខ្សែក្រវ៉ាត់ ជាមួយកីឡាករជើងខ្លាំងថៃ (អាណាខ្លាំងជាងគេ) ដោយលោកនឹងព្យាយាមសម្រកគីឡូតាម ឲ្យតែបានប្រកួតជាមួយថៃ។
ក្រោយពីបានឃើញ កីឡាករ ម៉ានូ និយាយចេញពីបេះដូងពិតៗបែបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន បង្ហាញការពេញចិត្តយ៉ាងខ្លាំង ដោយម្នាក់ៗបានបញ្ចេញមតិជាមួយសំណើចថា៖ «មួយម៉ាត់នេះពេញចិត្តណាស់, អាណាក៏ដោយអោយតែខ្លាំងចូលមក អាប៊ូខាវ ក៏ដោយ ហ៊ានមួយពូម៉ៅអត់, ចុម! ពូម៉ៅ ខ្មែរច្បាស់ចែស កីឡាករថៃអាណាខ្លាំងហក់ម៉ោ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



