Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួម​រំលែកទុក្ខ! សមាជិក​ក្​រុមជម្រើសជាតិ​បាល់ទះ​កម្ពុ​ជា ឈាង ភា​រ័ត្ន បាត់បង់​អ្នកមានគុណ តែ​ទើប​ទម្លាយ​ចេញ ក្រោយពេល​កម្ពុជា យកឈ្នះ​ថៃ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ

ជ័យជំនះរបស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ដែលបានយកឈ្នះក្រុមជម្រើសជាតថៃ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស គឺពិតជារឿងមួយដ៏រំភើបត្រេកអរខ្លាំងណាស់ សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ប៉ុន្តែ នៅពីក្រោយជ័យជំនះរបស់កម្ពុជា កាលពីម្សិលមិញនេះ (ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣) ក៏មានរឿងសោកសៅជាខ្លាំង នោះក៏ព្រោះតែសមាជិកបាល់ទះកម្ពុជា កីឡាករ ឈាង ភារ័ត្ន បានបាត់បង់លោកយាយជាទីស្រលាញ់ មុនពេលការប្រកួតជាមួយថៃ ប៉ុន្តែ ត្រូវបានក្រុមគ្រួសារលាក់បាំង ព្រោះខ្លាចប៉ះពាល់ផ្លូវចិត្ត មិនអាចបង្កើតប្រវត្តិសាស្ត្រជូនជាតិបាន។

នេះបើតាមបងប្អូនប្រុសរបស់កីឡាករជម្រើសជាតិកម្ពុជារូបនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sovanara Ret បានបង្ហោះឲ្យដឹងថា៖ «សុំទោសបងប្រុស Pøżż Röth ដែលអ្នករាល់គ្នា រួមទាំងខ្ញុំបានលាក់បាំងបង អំពីរឿងដែលបាត់បង់លោកយាយ ពីព្រោះគិតថាខ្លាចប៉ះពាល់ដល់ផ្លូវចិត្តបងប្រុស ពេលដែលប្រកួតជាមួយប្រទេសថៃ ព្រោះវាជាប្រកួតដ៏សំខាន់ តែឥឡូវបងប្រុសបានបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជាហើយ ដែលបាននាំកម្ពុជាឡើងវគ្គផ្ដាច់ព្រាត់ ទល់នឹង INDONESIA តែប្អូនសង្ឃឹមថា បងនឹងធ្វើចិត្តបាន នឹងធ្វើបានល្អនៅ Final ថ្ងៃស្អែក។ ព្រមទាំងនាំជ័យជំនៈជួនលោកយាយផង You have to be strong។

សូមបញ្ជាក់ថា លោកយាយរបស់កីឡាករ ឈាង ភារ័ត្ន បានទទួលមរភាព តាំងពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មុនការប្រកួតរវាង កម្ពុជា Vs ថៃ ប៉ុន្តែ ត្រូវបានក្រុមគ្រួសារលាក់មិនឲ្យដឹង ព្រោះគ្រប់គ្នាយល់ពីអារម្មណ៍របស់ ភារ័ត្ន ដែលស្រលាញ់លោកយាយខ្លាំង។

តែដោយឡែក នៅពេលមានគេសួរថា បើខ្លាចប៉ះពាល់ផ្លូវចិត្ត ភារ័ត្ន ហេតុអ្វីបានទម្លាយចេញ ប្អូនប្រុសកីឡាករបាល់ទះដ៏ល្អរូបនេះ បានប្រាប់ថា មកពីមានអ្នកចង់បំបាក់ស្មារតីបងប្រុសខ្លួន បានបង្ហើបរឿងនេះ ប៉ុន្តែ នៅពេលនេះ ភារ័ត្ន បានគ្រប់គ្រងស្មារតីបានហើយ និងតាំងចិត្តខិតខំឲ្យអស់ពីសមត្ថភាពដើម្បីដណ្តើមជ័យជំនះជូនជាតិ។

ទន្ទឹមនឹងនេះ បងប្អូនអ្នកលេងបណ្តាញសង្គម ក៏បានចូលរួមរំលែកទុក្ខ និងសោកស្តាយជាខ្លាំង ចំពោះដំណឹងដ៏ក្រៀមក្រំនេះ និងសូមអរគុណយ៉ាងខ្លាំង ចំពោះការលះបង់ទឹកចិត្តដ៏ធំធេងរបស់ ឈាង ភារ័ត្ន សម្រាប់ប្រទេសជាតិទាំងមូល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×