ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានប្រារព្វឡើងនៅខេត្តកំពង់ធំ កាលពីព្រឹកមិញនេះ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣) ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពងខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លទ្ធផលបានដឹងជាផ្លូវការហើយ គឺគោឧសភរាជ បានបរិភោគពោត សណ្ដែក និងស្រូវច្រើនជាងគេ ក្នុងចំណោមអាហារចំនួន៧មុខ ដែលរួមមាន៖ ស្រូវ ពោត ល្ង សណ្តែក ស្មៅ ទឹក និង ស្រា។
តាមរយៈការពិនិត្យឃើញជាក់ស្តែង គ្រូព្រាហ្មណ៍បរោហិត បានឲ្យដឹងទៅតាមក្បួនទស្សន៍ទាយថា គោឧសភរាជ ដែលបានបរិភោគ ពោត សណ្តែក និងស្រូវបាន ៩៥ ភាគរយ នោះមានន័យថា ទិន្នផលកសិកម្មក្នុងរដូវវស្សាឆ្នាំនេះ គឺមានដំណាំពោត សណ្តែក និងស្រូវ នឹងទទួលបានផលច្រើន។
តាមទម្លាប់ ពិធីនេះត្រូវបានធ្វើឡើងដោយមាន គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ ឬគោព្រះរាជទ្រព្យ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។ គោ២ នឹមទៀត ដែលសម្រាប់ ហែមុខ ហែក្រោយ ឃើញថា មិនទាន់កំណត់លក្ខណៈនោះទេ តែតាមដែលធ្លាប់ប្រើមកហើយនោះ ឃើញច្រើនតែសម្បុរក្រហម។
ឯ «គោឧសភរាជ ឬកគោព្រះរាជទ្រព្យ» នោះ វេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿង ពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ រីឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿង បែបពណ៌មាស។
បន្ទាប់មក គ្រូព្រាហ្មណ៍បរោហិត បានរៀបចំចំណី៧មុខ រួមមាន៖ ស្រូវ ពោត ល្ង សណ្តែក ទឹក ស្រា និងស្មៅ ជាអាហារសម្រាប់ឱ្យ «គោឧសភរាជ ឬគោព្រះរាជទ្រព្យ» បរិភោគ ដើម្បីផ្សងពីផលដំណាំ ដែលមានផលល្អ មិនល្អ ឬមានរោគាផ្សេងៗ ទៅលើសត្វធាតុ និងការរស់នៅរបស់ប្រជាកសិករ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









