ការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទះបុរសក្នុងវគ្គផ្តាច់ព្រ័ត្រ (Final) រវាងឥណ្ឌូនេស៊ី ប្រកួតជាមួយកម្ពុជា កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ជាលទ្ធផល ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានចាញ់ឥណ្ឌូណេស៊ី ក្នុងពិន្ទុ ១៥ ទល់នឹង ២៥ ។
តែយ៉ាងណាមិញ ជុំវិញការចាញ់របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវបានអ្នកលេងបណ្តាញសង្គមជឿជាក់ថា ការចាញ់នេះ គឺដោយសារតែបារមីផ្លូវក្នុងរបស់លោក ម៉ៃ សុគន្ធ តែម្តង ព្រោះថា នៅក្នុងអំឡុងពេល Live ការប្រកួត គេបានរកឃើញ លោក ម៉ៃ សុគន្ធ បានចូលទៅខមិនលើកទឹកចិត្តកីឡាករកម្ពុជា ដោយបានសរសេរពាក្យថា «ជ័យោ កម្ពុជា»។
ក្រោយពីបានដឹងថា រឿងនេះគឺមកពី ម៉ៃ សុគន្ធ ដែលល្បីល្បាញជាមនុស្សចម្រៃខ្លាំង ក្នុងអំឡុងរដូវស៊ីហ្គេម គឺឲ្យតែ ម៉ៃ សុគន្ធ ធ្វើការគាំទ្រ ឬ ស៊ែរក្រុមកីឡាករណាហើយ បើមិនចាញ់ ក៏ស្នើដែរនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម នាំគ្នាក្តៅក្រហាយបែបៗនេះថា៖ «ថាមែនៗ ចង្រៃ ខូចអារម្មណ៍ម៉ង, អាឆ្គួតហ្នឹងបើវានៅស្ងៀមៗទៅវាថី, ចប់ហើយពេលនេះ ចប់ដោយគ្មានវាចារ,…»។
ទោះជាយ៉ាងណា ក៏សូមបញ្ជាក់ឲ្យដឹងថា ក្រុមបាល់ទះជម្រើសជាតិឥណ្ឌូណេស៊ី គឺត្រូវបានគេទទួលស្គាល់ថា ជាក្រុមខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយនេះគឺជាការឈ្នះមេដាយជាលើកទី១២ ហើយ សម្រាប់ឥណ្ឌូណេស៊ី ហើយក៏ជាការឈ្នះ២លើកជាប់ៗគ្នាផងដែរ ពោលគឺកាលពីឆ្នាំ២០២១ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី បានយកឈ្នះម្ចាស់ផ្ទះវៀតណាម ខណៈមកដល់ឆ្នាំ២០២៣ នេះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឥណ្ឌូណេស៊ី ក៏បានយកឈ្នះម្ចាស់ផ្ទះកម្ពុជាទៀត ដែលពិតជាមិនធម្មតានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




