ប្រជាជនអូស្ត្រាលីដ៏ច្រើនលើសលុប បានបោះឆ្នោតគាំទ្រឲ្យមានការរៀបការភេទដូចគ្នា ហើយបើតាមការិយាល័យស្ថិតិអូស្ត្រាលីបានឲ្យដឹងនៅថ្ងៃពុធនេះថា ៦១ភាគរយនៃប្រជាជនអូស្ត្រាលី បានបោះឆ្នោតគាំទ្រដល់ការរៀបការភេទដូចគ្នា និងមានតែ ៣៨ភាគរយប៉ុណ្ណោះមិនគាំទ្រ។
ប្រជាជនអូស្ត្រាលីច្រើនជាង ១២,៧លាននាក់ទូទាំងប្រទេស ឬស្មើ ៧៩,៥ភាគរយនៃប្រជាជនសរុប បានចូលរួមធ្វើប្រជាមតិគ្រប់រដ្ឋទាំងអស់ និងបានផ្តល់ការគាំទ្រចំពោះការរៀបការភេទដូចគ្នា។
ក្រោយពេលប្រកាសលទ្ធផល នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បាននិយាយថា មានការផ្តល់ការគាំទ្រមានច្រើនលើសលុប ហើយលោកបានស្នើឲ្យ ការរៀបការភេទដូចគ្នា មានភាពស្របច្បាប់មុនថ្ងៃបុណ្យគ្រីសម្មឺស (Christmas) ចូលមកដល់។
អ្នកនយោបាយអូស្ត្រាលី ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សានៅសប្ហាហ៍នេះលើសេចក្តីព្រៀងច្បាប់ដើម្បីធ្វើឲ្យការរៀបការភេទដូចគ្នានៅក្នុងប្រទេសមានភាពស្របច្បាប់៕ សុភ័ក្ត្រ