ករណីគ្រោះធម្មជាតិរន្ទះបាញ់ដើមឈើ ជាពិសេសដើមឆ្នោត គឺយើងគ្រប់គ្នាតែងតែឃើញផ្នែកនៃកំពូលរបស់វាឆេះខ្លោចប៉ុណ្ណោះ ប៉ុន្តែកម្របានឃើញករណីមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅដូចយកសាំងទៅចាក់ដុតបែបនេះទេ។ ជាក់ស្តែង បាតុភូតធម្មជាតិដ៏ចម្លែកនេះ បានកើតឡើងបង្កការភ្ញាក់ផ្អើលម្តងរួចមកហើយ កាលពីអំឡុងពាក់កណ្តាលដើមខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោក សង្កាត់ព្រះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈមេឃកំពុងរលឹម។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺកាលពីរសៀលម្សិលមិញ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣) បាតុភូតគ្រោះធម្មជាតិដ៏កម្រនេះ បានកើតឡើងទៀតហើយ ដោយរន្ទះបានបាញ់ឆេះដើមដូងអស់ចំនួន ៣ ដើម និងដើមត្នោត១ដើម នៅទីកន្លែងផ្សេងគ្នា ជាមួយអណ្តាតភ្លើងឆេះយ៉ាងសាហាវ ជាងទុស្សេខ្សែភ្លើងទៅទៀត។
បើតាមប្រជាពលរដ្ឋ ដែលថតវីដេអូពីករណីនេះ បានចែករំលែកឲ្យដឹងថា «សូមបងប្អូនប្រុងប្រយ័ត្ន មុននេះបន្តិច មានខ្យល់ផ្គរ ហើយក៏មានរន្ទះបាញ់ឆេះដើមដូងចំនួន៣ដើម ស្ថិតនៅភូមិគោកធ្លក ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប»។
ដោយឡែក មួយករណីទៀត អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ក៏បានបញ្ជាក់ប្រាប់ថា «បាតុភូតធម្មជាតិ ប្លែកៗណាស់ រន្ទះបាញ់ឆេះដើមត្នោតស្តែងៗតែម្តង ប៉ុន្តែ ករណីនេះមិនដឹងថា បានកើតឡើងក្នុងភូមិឃុំស្រុកណានោះទេ សូមបងប្អូនប្រុងប្រយត្ន័ផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង