Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​ផ្ទុះ​ក្តៅ​គគុក! សង្ឃ​ថៃ​មួយ​អង្គ លួច​លុយ​វត្ត​ជាង ៥ លាន​ដុល្លារ ចា​យវាយ​​បក្ខ​ពួក​យ៉ាង​សប្បាយ ហើយ​ថែមទាំង​ធ្វើ​រឿង​ផ្តេសផ្តាស​ក្នុង​វត្ត​ទៀត

នេះជារឿងថ្មី ដែលកំពុងផ្ទុះក្តៅគគុកទៀតហើយ នៅក្នុងប្រទេសថៃ ព្រោះតែមានព្រះសង្ឃមួយអង្គ បានលួចកឹបកេងលុយវត្ត យកទៅចាយវាយយ៉ាងសប្បាយ អស់ជាង ៥ លានដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងការក្តៅក្រហាយយ៉ាងខ្លាំង ពីសំណាក់ប្រជាពុទ្ធបរិស័ទ ជាពិសេសអ្នកមានចិត្តធ្វើបុណ្យ បរិច្ចាគចូលចំណែកកសាងវត្ត។

យោងតាមកាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយឲ្យដឹងថា អតីតព្រះសង្ឃមួយអង្គ ព្រះនាម ខុម អាភីវ៉ារ៉ូ ត្រូវបានចាប់ខ្លួន រួមនឹងមនុស្សជំនិត២នាក់ទៀត ក្រោមការចោទប្រកាន់ពីបទកេងប្រវ័ញ្ចប្រាក់ចំនួន ១៨០ លានបាត (ស្មើជាង ៥ លានដុល្លារ) ពីវត្ត ផា ហាមម៉ាគីរី ជាកន្លែងដែលព្រះសង្ឃរូបនេះគង់ នៅខេត្ត នគររាជសីមា។

លោកនាយឧត្តមសេនីយ៍ ម៉ន ទ្រី ថេតខាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងថា លោក ខុម អាយុ ៣៩ ឆ្នាំ ដែលទទួលបានភាពល្បីល្បាញជាអ្នកជំនាញសមាធិ និងមានអ្នកដើរតាមលំដាប់ខ្ពស់ជាច្រើនរូប ត្រូវបានចាប់ខ្លួនតាមដីកាដែលចេញដោយតុលាការព្រហ្មទណ្ឌ ពីបទពុករលួយ និងប្រព្រឹត្តិខុស ស្ថិតនៅក្រោមការិយាល័យស៊ើបអង្កេតកណ្តាល (CIB)។

មនុស្ស២នាក់ ដែលត្រូវបានចាប់ខ្លួន​ជាមួយ​គាត់ ​មាន​ឈ្មោះ វុទ្ធី ម៉ា (ហៅ ប្រា ម៉ោ) អាយុ ៣៨ ឆ្នាំ និង​ឈ្មោះ ជូ ថាហ៊ីប អាយុ ៣៥ ឆ្នាំ។ ប្រភព​ពី​ប៉ូលិស ​បាន​និយាយ​ថា ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន។

ប្រភព​ដដែល​បាន​បន្ត​ថា លោក ខុម ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​បាន​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​ នៅក្នុងវត្តទៀតផង។

ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថា CIB បានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន បន្ទាប់ពីការិយាល័យជាតិនៃព្រះពុទ្ធសាសនា (NOB) បានសង្ស័យថា ព្រះសង្ឃរូបនេះ បានប្រមូលអំណោយព្រះវិហារមួយចំនួន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់។

លុយអំណោយ​មួយ​ ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ធ្វើ​ឡើង​តាម​រយៈ​លោក វុទ្ធីម៉ា អតីត​ព្រះ​ចៅ​អធិការ ដែល​ពេល​នោះ​បាន​ប្រគល់​ប្រាក់​ទៅ​ឲ្យនាង ជូថាហ៊ីប ជា​ប្អូន​ស្រី​របស់​លោក ខុម។

នាង ជូថាហ៊ីប បានដាក់ប្រាក់ចូលក្នុងគណនីធនាគាររបស់លោក ខុម ខណៈដែលអំណោយជាសាច់ប្រាក់ផ្សេងទៀតចំនួន ៥១ លានបាត ត្រូវបានរក្សាទុកក្នុងប្រអប់ស្នោ និងវ៉ាលីនៅផ្ទះរបស់នាង។

ការស៊ើបអង្កេត ក៏បានរកឃើញប្រតិបត្តិការមួយផ្សេងទៀតចំនួន ១៣០ លានបាត ដែលលោក ខុម បានគ្រប់គ្រងដកចេញពីការបរិច្ចាគវត្ត។ ប្រភព​ប៉ូលិស​បាន​និយាយ​ថា ​សរុបជាសាច់ប្រាក់ លោក ខុម ​បាន​កឹបកេង​ប្រាក់​យ៉ាង​ហោច​ណាស់ ១៨០ លាន​បាត ​ពីវត្ត។

ជនសង្ស័យ ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​កេង​បន្លំ និង​បំពាន​លើ​ការិយាល័យ។ ចំណែក នាង ជូថាហ៊ីប ក៏ត្រូវបានចោទប្រកាន់ពីបទទទួលលុយលួចទាំងនេះផងដែរ។

សូមបញ្ជាក់ថា លោក ខុម បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Mahachulalongkornrajavidyalaya សាខា Wang Noi ក្នុងក្រុងអយុធ្យា មុននឹងផ្លាស់ទៅខេត្ត ណាខន រ៉ាឆាស៊ីម៉ា។ គាត់ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញខាងសមាធិ ហើយមានមនុស្សល្បីៗជាច្រើន បានមកដើរតាម និងជាកូនសិស្សរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×