ករណីបុរសម្នាក់ ក្លែងខ្លួនធ្វើជា «កងរាជអាវុធហត្ថ» ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះម្នាក់ៗមិននឹកស្មានថា បុរសរូបនេះហ៊ានដល់ថ្នាក់ហ្នឹង។
ទាក់ទងរឿងនេះ មហាជនបានចោទជាចម្ងល់ថា ហេតុអ្វីបានជាមន្រ្តីមូលដ្ឋានមេភូមិ-ឃុំ-សង្កាត់ មិនដឹងខ្យល់សោះអ៊ីចឹង? ព្រោះថា ត្រឹមក្លែងឯកសណ្ឋាន គឺអាចមិនចាប់អារម្មណ៍ ប៉ុន្តែ ដល់ថ្នាក់លើកទាំងស្លាក «មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ» នៅក្នុងផ្ទះ ប៉ុណ្ណាណី បែរជាមើលមិនឃើញ ឬក៏ជនរូបនេះចេះមន្តអាគមបំបាំងភ្នែកមន្រ្តីមូលដ្ឋាន!!។
ក្នុងនោះ អ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាបញ្ចេញមតិភ្ជាប់ចម្ងល់ទាំងហួសចិត្តថា៖ «ឆ្ងល់ណាស់ Fake មួយឈុតធំ មន្ត្រីមូលដ្ឋានគាត់ធ្វើអីបានមិនដឹង, កុំទៅឆ្ងល់អី ក្តាមស្រែណាកាត់ស្រែហ្នឹង បើខ្មោចស្រុកវាមិនឱ្យដៃនោះ ខ្មោចព្រៃវាមិនហ៊ាននោះទេ, ប្រាកដជាមានបក្ខពួកទៀត មិនមែនតែប៉ុណ្ណឹងទេ ម្នាក់ឯងធ្វើម៉េចកើត, មិនដឹងដើរធ្វើស៊ីគេ ជាពិសេសក្មេងស្ទាវៗអស់ប៉ុន្មាននាក់ទេ,…»។
រីឯអ្នកខ្លះទៀត ក៏បានបង្ហាញក្តីបារម្ភថា៖ «សព្វថ្ងៃ មិនដឹងថាមួយណាពិត មួយណាក្លែងក្លាយអោយពិតប្រាកដទេ ព្រោះថា អាវនិងសំភារៈទាហ៊ាន អាចរកទិញបាននៅទឹកថ្លា ចង់បានស័ក្កម៉ានក៏មាន ពាក់ហើយឡើងភ្លាមៗតែម្ដង»។
សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ពេជ និវត្តន៍ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ (មិនពិតប្រាកដ) ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០២៣ បញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ក្លែងបន្លំខ្លួនធ្វើជាកងរាជអាវុធហត្ថ ដើម្បីធ្វើសកម្មភាពឃាត់ខ្លួនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ឆែកឆេររកគ្រឿងញៀន។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួចមាន៖ ឯកសណ្ឋានយោធាប៉ារ៉ា ០១កំប្លេ, ឯកសណ្ឋានអាវុធហត្ថ ០២កំប្លេ, អាវកាក់អាវុធហត្ថ ០១, ស្លាកលោហ្គោអាវុធហត្ថ ០១, ស្បែកជើងកវែង ០១គូ, ស្រោមកាំភ្លើង ០២, ស័ក្កិស្មា ០២គូ, មួកប៉េរ៉េ ០២, ត្រាឈ្មោះ ០៤, តាំប៉ុង០២, រូបថតតូចធំ ០២សន្លឹក, មេដាយ ០១, កាបូបប៉ារ៉ា ០១, ម៉ូតូចំនួន០១គ្រឿងម៉ាកណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា ០.០០០០, ទូរស័ព្ទដៃ ០២គ្រឿង, និងស្លាកកងរាជអាវុហត្ថ ០១ផ្ទាំងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







