ភ្នំពេញ ៖ សិល្បករ និងអ្នកនិពន្ធបទចម្រៀងលោក សួន ពិសិដ្ឋ បានបង្ហាញបំណងរបស់ខ្លួន ដោយលោកបានស្នើថ្នាក់ដឹកនាំឲ្យបញ្ចូលបទ “មោទនភាពជាតិខ្មែរ” ចូលក្នុងថ្ងៃបិទកម្មវិធី SEA Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្បិតលោកគិតថា បទចម្រៀងមួយនេះគឺសាកសមសម្រាប់ព្រឹត្តការណ៍ថ្នាក់ជាតិធំៗបែបនេះ។
លោក សួន ពិសិដ្ឋ បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា ខ្ញុំសង្ឃឹមថានឹងមាន បើសិនជាអាចសូមថ្នាក់ដឹកនាំមេត្តាអនុគ្រោះជួយបញ្ចូលបទ “មោទនភាពជាតិខ្មែរ” ចូលក្នុងថ្ងៃបិទកម្មវិធី CAMBODIA SEA Games ផង! សូមកុំបំភ្លេច ឬ បោះបង់បទបេតិកភណ្ឌរបស់ខ្មែរយើងមួយនេះចោល!។

លោកបញ្ជាក់ថា បទនេះគឺនៅតែគង់ស្ថិតនៅក្នុងបេះដូងដួងចិត្តដួងវិញ្ញាណរបស់កូនខ្មែរគ្រប់ៗរូប ហើយបទមួយនេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗក្នុងការបង្ហាញទៅកសលលោកដែលយើងគួរកុំមើលរំលង។ បទនេះគឺពិតណាស់គឺបានគាស់បង្ហាញនូវដួងចិត្ត ដួងវិញ្ញាណស្មារតីរួមជាធ្លុងមួយរបស់ខ្មែរ ភាពអស្ចារ្យរបស់ខ្មែរ វប្បធម៌ អរិយធម៌ ទឹកដីសុវណ្ណភូមិ ជាតិខ្មែរ តាំងតែពីសម័យកាលភាពរុងរឿងនៃសម័យអង្គររហូតមកដល់សម័យកាលនៃភាពរុងរឿងដ៏អស្ចារ្យ និងមានសន្តិភាពរបស់ខ្មែរនាពេលបច្ចុប្បន្នកាល!។បទ “មោទនភាពជាតិខ្មែរ” នេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៌ CAMBODIA SEA Games នេះ!។

ខ្ញុំជឿជាក់ថា កូនខ្មែរគ្រប់ៗរូបក៏មានចិត្ត មានឆន្ទៈ ចង់ឃើញ ចង់ឮ ចង់ស្ដាប់ ក្នុងការគាំទ្របទ “មោទនភាពជាតិខ្មែរ” របស់ខ្មែរយើងនេះដូចជាខ្ញុំបាទផងដែរក្នុងការយកមកបង្ហាញក្នុងព្រឹត្តិការណ៍ CAMBODIA SEA Games ដ៏ធំសម្បើមអស្ចារ្យរបស់ខ្មែរយើងក្នុងសម័យថ្មីដ៏រុងរឿង និងមានសន្តិភាពនាពេលបច្ចុប្បន្នកាលនេះផងដែរ។
បើតាមលោក សួន ពិសិដ្ឋ ដូចបានជម្រាបជូនខាងលើនេះសូមថ្នាក់ដឹកនាំមេត្តាអនុគ្រោះដល់ខ្ញុំបាទក្នុងប្រការខុសឆ្គងខ្វះខាតដោយអចេតនា ក្នុងនាមខ្ញុំបាទជាកូនខ្មែរមានដែលតំណក់ឈាមជាកូនខ្មែរមួយរូបផងដែរ! ។ខ្ញុំជឿជាក់លើថ្នាក់ដឹកនាំ ខ្ញុំមានសង្ឃឹម ខ្មែរជឿជាក់ខ្មែរ ខ្មែរជួយខ្មែរ! អរគុណសន្តិភាព!
“មោទនភាពជាតិខ្មែរ” ។

គួរបញ្ជាក់ថា បទ “មោទនភាពជាតិខ្មែរ” ត្រូវបានផលិតឡើងដោយផលិតកម្មរ៉ុក ដែលបានចេញផ្សាយកាលពីជិត១០ឆ្នាំមុន ក្រោមការនិពន្ធបទភ្លេងដោយលោក សួន ពិសិដ្ឋ និងនិពន្ធទំនុកច្រៀងដោយលោក មាស បូព៌ា ៕ រក្សាសិទ្ធដោយ ៖ សំណាង SV










