កាលពីប៉ុន្មានថ្ងៃមុន នារីជនជាតិចិនម្នាក់ បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ហើយបានចុះឈ្មោះសម្រាប់ដំណើរទេសចរណ៍មុជទឹកស្គីបា។ ប៉ុន្តែ មិននឹកស្មានដល់ ក្នុងដំណើរការនេះ នាងត្រូវបានគ្រូមុជប្រុសម្នាក់ ចាប់នាង ខណៈកំពុងមុជនៅក្រោមទឹក។ ក្រោយមក គ្រូរូបនោះ បានបន្តយាយីនាង ធ្វើឱ្យនាងមានការភ័យខ្លាច ក៏សម្រេចចិត្តទូរស័ព្ទទៅសមត្ថកិច្ច។
យោងតាមសារព័ត៌មាន Sin Chew Daily កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នារីវ័យក្មេងអាយុ ២៥ ឆ្នាំ មកពីប្រទេសចិន បានធ្វើដំណើរទៅកាន់កោះ Mataking ដែលមានទីតាំងនៅសមុទ្រ Celebes ក្នុងស្រុក Semporna រដ្ឋ Sabah (ម៉ាឡេស៊ី)។ នៅទីនោះ នាងបានចុះឈ្មោះសម្រាប់ដំណើរទេសចរណ៍មុជទឹកស្គីបា។ ដើម្បីអនុវត្តតាមនីតិវិធីត្រឹមត្រូវ នាងក៏ត្រូវបានណែនាំ និងត្រួតពិនិត្យដោយគ្រូមុជមុជទឹក ព្រោះការមុជទឹកទាមទារលក្ខខណ្ឌជាច្រើន និងសុវត្ថិភាពខ្ពស់។
នៅថ្ងៃនោះ នៅពេលដែលនាងកំពុងមុជជាមួយគ្រូបង្វឹកប្រុសអាយុ ២៧ ឆ្នាំ នៅក្នុងសមុទ្រ នាងពិតមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញគ្រូរូបនោះមានសកម្មភាពជាច្រើន ដែលហួសពីការកំណត់របស់នាង។ ជាក់ស្តែង ខណៈពេលកំពុងមុជទឹក គ្រូបង្វឹកប្រុសនោះបានចូលទៅជិត និងចាប់ថើបថ្ពាល់នាងជាច្រើនដង បើទោះបីជានាងបដិសេធក៏ដោយ។ នាងមានកាមេរ៉ាកាន់ដៃពេលកំពុងមុជទឹក ដូច្នេះនាងក៏បានថតទិដ្ឋភាពទាំងមូលផងដែរ។
ក្រោយពីបញ្ចប់ការមុជទឹករួច គ្រូបង្វឹកប្រុសនេះនៅតែរកនាង ដោយបានចូលទៅកាន់គណនីបណ្ដាញសង្គម WeChat របស់នាង ហើយបានយាយីនាងជាច្រើនដង។ គ្រូរូបនោះបានសួរនាងថា តើនាងនៅឯណា ហើយថែមទាំងជូននាងដើរលេង «តែមួយយប់» នៅក្នុងរថយន្ត។
នារីរូបនេះបានខឹងសម្បារជាខ្លាំង ចំពោះទង្វើរបស់គ្រូបង្វឹកប្រុសនោះ ហើយនាងក៏សម្រេចចិត្តរាយការណ៍ពីហេតុការណ៍នេះ ទៅភ្នាក់ងារទេសចរណ៍ដែលនាងបានជួល ហើយក៏រាយការណ៍ពីហេតុការណ៍នេះទៅប៉ូលីសនៅថ្ងៃទី៦ ខែឧសភា។ ប៉ុន្តែ បន្ទាប់ប៉ូលីសទទួលបានព័ត៌មាននេះ នារីនោះក៏បានចាកចេញពីស្រុក Semporna ទៅកាន់រដ្ឋធានី Kuala Lumpur ហើយក៏ចាប់បានជើងហោះហើរត្រឡប់ទៅប្រទេសចិន។
ក្រោយមក ក្មេងស្រីក៏បានសម្រេចចិត្តផ្សព្វផ្សាយជាសាធារណៈ នូវរូបថតអេក្រង់នៃការសន្ទនាដែលគ្រូមុជមុជទឹកប្រុស បានផ្ញើមកនាង ដែលមានសារជាច្រើនដែលមានខ្លឹមសារដ៏រសើបដូចជា៖ «កុំខ្លាចអី ខ្ញុំមិនញ៉ាំសាច់ទេ”, “ខ្ញុំគ្រាន់តែចង់ថើបដៃរបស់អ្នក”, “ខ្ញុំចង់នៅជាមួយអ្នក”, “ខ្ញុំបានជួលឡានសម្រាប់យើងទាំងពីរនាក់ចេញទៅក្រៅ” … ទោះបីជានាងមិនឆ្លើយក៏ដោយ ក៏គ្រូបង្វឹករូបនេះ នៅបន្តផ្ញើសារបៀតបៀន។
ទោះបីជាក្មេងស្រីរូបនេះបានលុបការបង្ហោះរបស់នាងភ្លាមៗក៏ដោយ ក៏ករណីនេះនៅតែរីករាលដាលនៅលើបណ្តាញសង្គមក្នុងប្រទេសចិន និងម៉ាឡេស៊ី ជាពិសេសក្នុងចំណោមក្រុមអ្នកមុជទឹកទេសចរណ៍។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ប៉ូលីសម៉ាឡេស៊ីបានចាប់ខ្លួនគ្រូប្រុសអាយុ ២៧ ឆ្នាំ រូបនោះនៅព្រឹកព្រលឹមថ្ងៃទី៧ ខែឧសភា ហើយបានស្នើសុំពន្យារពេលការឃុំខ្លួនរហូតដល់ថ្ងៃទី១១ ខែឧសភា ដើម្បីបម្រើការស៊ើបអង្កេត។
គេដឹងថា វិញ្ញាបនបត្រគ្រូមុជរបស់បុរសនេះ ផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ប៉ុន្តែគាត់នៅតែអនុវត្តបន្ត។ មុនពេលមានហេតុការណ៍នេះ លោក Shen Fei ប្រធានក្លឹបមុជទឹក Sabah បានស្នើឱ្យមជ្ឈមណ្ឌលមុជទឹកធ្វើការពិនិត្យឡើងវិញ នូវវិញ្ញាបនបត្រមុជទឹកដែលមានសុពលភាព និងក្រមសីលធម៌សម្រាប់បុគ្គលិក ដើម្បីជៀសវាងកើតមានករណីស្រដៀងគ្នានេះ។
ហេតុការណ៍នេះ ក៏បានបង្កភាពចលាចលក្នុងសង្គមអនឡាញ ដោយមានមតិចម្រុះជាច្រើន។ អ្នកខ្លះបានរិះគន់ទង្វើរបស់គ្រូមុជទឹកប្រុសនោះ ហើយអាណិតដល់បទពិសោធន៍របស់នារីទេសចរចិន។ តែផ្ទុយទៅវិញ ក៏មានអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន ដែលគិតថា នារីរូបនេះ មិនបានបង្ហាញពីការតស៊ូអ្វីឡើយ ពេលត្រូវថើបក្នុងទឹក មើលទៅ នាងហាក់ស្ម័គ្រចិត្ដជាងការថើបដោយបង្ខំ ខណៈរូបភាពមួយក៏បានបង្ហាញអ្នកទាំងពីរយកដៃរួមគ្នាជា «បេះដូង» ទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





