ករណីបុគ្គលលោភលន់ ចង់បានដ៏ជ្រុលហួសហេតុ សូម្បីតែផ្លូវដើររួមសាធារណៈក្នុងសហគមន៍ តាំងពីសម័យដូនតាមក ក៏រំលោភយកដែរ ដោយធ្វើរបងមិនឲ្យអ្នកជិតខាងចេញចូលរួច គឺតែងតែកើតឡើងជារឿយៗ។ ជាក់ស្តែង ករណីនេះបានកើតឡើងទៀតហើយ នៅខាងខេត្តកណ្តាល ដោយបុគ្គលគ្រួសារមួយ នៅសុខៗ ស្រាប់តែយកបង្គោលថ្ម មកបោះធ្វើរបងកាត់យកអស់ជាងពាក់កណ្ដាលផ្លូវតែម្តង។
បើតាមប្រជាពលរដ្ឋម្នាក់ ដែលគ្រួសារគាត់ និងក៏ដូចអ្នកជិតខាងដទៃ កំពុងលំបាកក្នុងការចេញចូល នៅក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា ផ្លូវលំមួយខ្សែ ដែលប្រជាពលរដ្ឋប្រើប្រាស់តាំងពីដូនតាមក ត្រូវបានបុគ្គលគ្រួសារមួយ យកបង្គោលថ្មមកបោះរំលោភលើផ្លូវ (ចាប់ពីផ្នែកខាងមុខចុងផ្លូវ ស៊ីអស់ប្រហែលជាង២ម៉ែត្រ និងផ្នែកកណ្តាល រហូតដល់ព្រំដីខាងក្រោយ ប្រហែល ៣ ទៅ ៤ ម៉ែត្រ)។
ពិតណាស់ តាមរយៈការពិនិត្យឃើញជាក់ស្តែង គឺបុគ្គលគ្រួសារលោភលន់នោះ បានធ្វើរបងរំលោភយកដីផ្លូវ ដើម្បី«ពង្រីក» បន្ថែមពីលើ «របងថ្មចាស់» របស់ខ្លួន គិតចាប់ជិតចុងផ្លូវធំ រហូតដល់ព្រំដីខាងក្រោយ គឺមានប្រវែងលើសពី ៥០, ៦០ ម៉ែត្រ។
ប្រជាពលរដ្ឋ ក៏បានឲ្យដឹងថា ករណីនេះ បានកើតយូរហើយៗ ពួកគាត់ក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានផងដែរ ប៉ុន្តែ អាជ្ញាធរគ្មានចំណាត់ការជូនពួកគាត់សោះ រហូតមកទល់ពេលនេះ។
ដោយឡែក នៅពេលមានអ្នកលើកឡើងថា «មកអំពីផ្លូវហ្នឹងធ្វើលើដីរបស់គេ ដីរបស់គេមានប្លង់រឹង» ក៏ស្រាប់តែអ្នកលេងជាច្រើន បានចូលទៅឆ្លើយតបថា «ចឹងកាលគាត់ធ្វើរបងមុន ម៉េចក៍មឹនធ្វើអោយដល់លើរបងថ្មីទៅ គ្រាន់តែប៉ុន្នឹងគេមើលទៅយល់ហើយ, មានភ្នែកមើលអត់ មើលពីខាងក្រោយមកមើល ផ្លូវវាយ៉ាងម៉េចដែរ ហើយមិនឮលោកពូគាត់និយាយទេថា ផ្លូវហ្នឹងប្រើប្រាស់តាំងពីដូនតា, ងាប់ទៅទូលដីហ្នឹងទៅផង, កុំតែអាហារបីពេល សូមបរិច្ចាគផ្លូវចាស់ប្រើទាំងអស់គ្នាទៅ ពេលនេះដីជារបស់យើង ថ្ងៃមុខយើងជារបស់ដីវិញហើយ ធ្វើបុណ្យទាន់ខែភ្លឺ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








