បើទោះដឹងខ្លួនថាចាញ់ តែភាពតស៊ូ តាំងចិត្តដ៏មុះមុត មិនដាក់ធុរៈចុះ ព្រោះដើម្បីលើកមុខមាត់ជាតិ បន្តរត់ក្រោមតំណក់ទឹកភ្លៀងធ្លាក់ខ្លាំង រហូតដល់គោលដៅដែលបានកំណត់ ចម្ងាយ ៥០០០ ម៉ែត្រ, កីឡាការិនី ប៊ូ សំណាង បានធ្វើឲ្យប្រជាជនខ្មែរទូទាំងប្រទេស រំជួលចិត្ត ស្រក់ទឹកភ្នែកមិនដឹងខ្លួន និងសូម្បីធ្វើឲ្យចាប់អារម្មណ៍ ដល់ប្រជាជាតិក្នុងតំបន់អាស៊ី ជាពិសេសថៃ និងវៀតណាម កោតសរសើរពីវីរភាព ការតស៊ូរបស់នាងជាខ្លាំង។
ក្រោយពីបានឃើញពីភាពអត់ធ្មត់របស់នាង តស៊ូរត់កាត់ហាលភ្លៀង ខ្យល់ ក្នុងឆន្ទៈចង់អោយប្រទេសមួយនេះមានឈ្មោះល្បីល្បាញ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនបានមើលរំលងនោះទេ ដោយសម្តេចបានលើកទឹកចិត្តដល់កូនស្រី ប៊ូ សំណាង នូវទឹកប្រាក់ឧបត្ថម្ភចំនួន ១ ម៉ឺនដុល្លារ។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវរបស់សម្តេច ប៉ុន្មានម៉ោងមុននេះ (ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣) បានបង្ហោះយ៉ាងដូច្នេះថា៖ «បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅ ឥណ្ឌូនេស៊ីតែខ្ញុំក៏នៅបន្តតាមដានការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា យើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១ម៉ឺនដុល្លារ (10,000$)។ សូមលោកសេង ទៀងយកថវិការជូនកូន ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ»។
ក្រោយឃើញរំភើបពេក បណ្តាអ្នកលេងបណ្តាញសង្គម បានបង្ហាញអារម្មណ៍មួយនេះថា៖ «ប្អូនស្រីពិតជាសំណាងមែន នេះហើយជាឆន្ទះរបស់ប្អូនដែលខំតស៊ូដើម្បីជាតិយើង សូមឱ្យខ្មែរគ្រប់ៗរូបធ្វើអ្វីៗដើម្បីជាតិរបស់យើង យើងស្រលាញ់ប្រទេសយើងក្រោមដំបូលសុខសន្តិភាព យើងស្រលាញ់ថ្នាក់ដឹកនាំរបស់យើង!, ខ្ញុំពិតជារំភើបជំនួសប្អូនស្រីខ្លាំងណាស់ ដែលនាងបានខិតខំរត់រហូតដល់ទី ទោះបីដឹងខ្លួនថាចាញ់ តែលទ្ធិផលវាហួសពីការគិតរបស់នាងទៅទៀត ព្រោះនាងបានបេះដូងពីប្រជាជនកម្ពុជា និង ទូទាំងពិភពលោក ហើយវាក៏សារមួយដាស់តឿនដល់កូនខ្មែរគ្រប់រូប កុំបោះបង់ការព្យាយាមអោយសោះ លទ្ធផលនឹងអាចប្រែប្រួលបានគ្រប់វិនាទី,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





