រដ្ឋធានីហ្សាការតា៖ ការរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ដែលបានជាប់ឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ ដោយអំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នោះ បានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងវិបត្ដិ កាន់តែជ្រៅទៅៗ រហូតមានការវាយប្រយុទ្ធគ្នាជាបន្ដបន្ទាប់ ប៉ុន្ដែឥឡូវនេះ បណ្ដាមេដឹកនាំ ប្រជាជាតិអាស៊ាន កំពុងតែព្រួយបារម្ភកាន់តែខ្លាំងឡើង និង កំពុងតែជំរុញឲ្យមានបទឈប់បាញ់គ្នា រវាងកងទ័ពរដ្ឋាភិបាលយោធា និង ក្រុមចលនាចម្រុះ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១០ ខែឧសភា ថា សមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ បានបញ្ជាក់ ថា ប្រជាជាតិអាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញអំពើហិង្សា កំពុងតែបន្ដកើតមានឡើងជាបន្ដបន្ទាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ អាស៊ាន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ប្រឆាំងនឹងក្បួនដឹកជញ្ជូនជំនួយមនុស្សធម៌ នៅក្នុងរដ្ឋសាន (Shan) ប្រទេសមីយ៉ាន់ម៉ា។ ជម្លោះនៅក្នុងប្រទេសជាសមាជិកមួយនេះ កំពុងតែជំរុញឲ្យមានការលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន នៅក្នុងប្រទេសឥណ្ឌូណេស៊ី នាពេលនេះ។
អាស៊ាន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ (ទី១០ ខែឧសភា) ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើហិង្សា កំពុងតែបន្ដកើតមានឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយយើងជំរុញឲ្យបញ្ឈប់ជាបន្ទាន់រាល់គ្រប់ទម្រង់ហិង្សា និង ការប្រើប្រាស់កម្លាំងយោធា»។

ឥណ្ឌូនេស៊ី និង សិង្ហបុរី កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារ មកលើក្បួនរថយន្តជំនួយ ដែលដឹកអ្នកការទូត នៅក្នុងតំបន់ រួមទាំងបុគ្គលិកចំនួន២នាក់របស់ស្ថានទូតសិង្ហបុរី ប្រចាំនៅទីក្រុងយ៉ាំងហ្គោន (Yangon)។ ព័ត៌មានលម្អិតមួយចំនួន បានចេញផ្សាយ អំពីការបាញ់ប្រហារ នៅក្នុងរដ្ឋសាន នាភាគខាងកើត ប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែសិង្ហបុរី និង ឥណ្ឌូណេស៊ី បានបញ្ជាក់ ថា ប្រេសិតរបស់ខ្លួន មិនបានរងគ្រោះថ្នាក់អ្វីឡើយ។
មេដឹកនាំអាស៊ាន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃពុធនេះ ថា «យើងសូមថ្កោលទោស ចំពោះការវាយប្រហារនេះ។ អាស៊ាន បានគូសបញ្ជាក់យ៉ាងច្បាស់ ថា ជនល្មើស ត្រូវតែទទួលខុសត្រូវ ចំពោះសកម្មភាពវាយប្រហាររបស់ពួកគេ។ យើងបានគាំទ្រយ៉ាងពេញទំហឹង ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន រួមទាំង ការបន្តចូលរួមរបស់អាស៊ាន ជាមួយអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីលើកទឹកចិត្ត និង ជំរុញឱ្យមានវឌ្ឍនភាព នៅក្នុងការអនុវត្តនូវការឯកភាពទាំង៥ចំណុចរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ា»។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ ថា លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ី ខណៈបច្ចុប្បន្នកំពុងតែធ្វើជាប្រធានអាស៊ាន ប្ដូរវេនផងនោះ បានបញ្ជាក់ ថា ប្លុកមួយនេះគួរតែនិយាយគ្នាឡើងវិញ ហើយនិយាយអំពីបញ្ហាមួយ នៅក្នុងចំណោមបញ្ហាប្រឈមបំផុតរបស់ខ្លួន ថាតើអាស៊ាននឹងនៅតែរក្សាស្ងៀមស្ងាត់ ឬ ថាតើអាស៊ាន នឹងអាចក្លាយជាអ្នកជំរុញ ឬ ជាអ្នកសន្តិភាព ឬ ជាអ្នកជំរុញឲ្យមានការរីកចម្រើន?
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី វីដូដូ បានអំពាវនាវឱ្យមានការសន្ទនា ស្វែងរកដំណោះស្រាយរួមគ្នាមួយ។ អាស៊ាន បានបញ្ជាក់ កាន់តែខ្លាំងឡើង ជាមួយនឹងរបបយោធាមីយ៉ាន់ម៉ា ជុំវិញបរាជ័យ នៅក្នុងការអនុវត្តនូវការព្រមព្រៀងទាំង៥ចំណុច ដែលបានព្រមព្រៀងគ្នា ហើយបានរារាំងដល់ក្រុមឧត្ដមសេនីយ៍របស់ប្រទេសនេះ ចូលទៅក្នុងកិច្ចប្រជុំកម្រិតកំពូលរបស់អាស៊ាន។
បើតាមសមាគមជំនួយការសម្រាប់អ្នកទោសនយោបាយ (ភូមា) បានចេញរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នា២០២៣ ថា ក្រោយអំពើរដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ា មានមនុស្ស ចំនួន ១៧ ៧៥០នាក់ ត្រូវបានកាត់ទោស និង ចាប់ឃុំឃាំង នៅក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួន ចំនួន ២១ ៩៧៣នាក់។ ដោយឡែក ជនរងគ្រោះ ចំនួន ៣ ៤៧៦នាក់ផ្សេងទៀត ត្រូវបានគេសម្លាប់៕ រក្សាសិទ្ធដោយ ៖ សារាយSN


















