Saturday, May 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់សាជាថ្មីថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរ ខួបទី៣២ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ ” ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៍មាន និងប្រព័ន្ធផ្សព្វផ្សាយ ” ៣ ឧសភា ១៩៩៣ ~ ៣ ឧសភា ២០២៥។

ក្នុងថ្ងៃប្រារព្ធ ទិវាសេរីភាពសារព័ត៌មាន លើកទី៣២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមបញ្ជាក់សាជាថ្មីថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងឱកាសដែលបណ្តាប្រទេសនានានៅលើពិភពលោក ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ ប្រចាំឆ្នាំដ៏មានសារៈសំខាន់ក្នុងវិស័យសារព័ត៌មាន, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជា មានសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរ និងជូនពរបងប្អូនអ្នកសារព័ត៌មានខ្មែរ និងបរទេស ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចនឿយហត់ដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់របស់ខ្លួនជូនដល់ សាធារណជន។ ទិវាសេរីភាពសារព័ត៌មាននេះ ជាថ្ងៃដ៏មានអត្ថន័យ ដែលរំឭកពីសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយ ក៏ដូចជាទិវារំឭកដល់វីរភាព និងការលះបង់របស់អ្នកសារព័ត៌មាន ក្នុងការបំពេញការងាររាយការណ៍ព័ត៌មានពិតត្រឹមត្រូវជូនសាធារណជន។

ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៥ នេះ ត្រូវបានប្រារព្ធឡើង ក្រោម ប្រធានបទការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន: ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ» ដោយផ្តោតជាសំខាន់លើបរិបទនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យា ឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលបណ្តាលឱ្យមានការប្រែប្រួលនៃប្រតិបត្តិការផ្នែកកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។ ការណ៍នេះទាមទារឱ្យអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ រួមមានអ្នកសារព័ត៌មាន អ្នកផលិតមាតិកាជាដើម ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងសាធារណជនដែលជាអ្នកទទួលនិងប្រើប្រាស់ព័ត៌មាន ត្រូវមានចំណេះដឹងផ្នែកអក្ខរកម្ម
ព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយនិងអក្ខរកម្មឌីជីថល ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺការធានា បានសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ ខ្លឹមសារព័ត៌មានដែលផ្សព្វផ្សាយប្រកបដោយគុណភាព និងគោរព គោលការណ៍គ្រឹះផ្នែកសារព័ត៌មាន និងធានាបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។

បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមានភាពសម្បូណ៌បែបដែលជាមធ្យោបាយផ្តល់ព័ត៌មាន ចម្រុះសម្រាប់សាធារណជន។ យោងតាមជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩, ការវាយតម្លៃតាមចំនួនឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនបង្ហាញថាចំនួនគ្រួសារពលរដ្ឋ ៩២ភាគរយ ទទួលបាន ព័ត៌មានតាមគ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មីរបស់រដ្ឋនិងឯកជន និងចំនួនគ្រួសារពលរដ្ឋ ៧០ភាគរយ ទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរបស់រដ្ឋ និងឯកជន។ គិតត្រឹមដើម ត្រីមាសទី២ ឆ្នាំ២០២៥ នេះ អង្គភាពសារព័ត៌មានទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួង ព័ត៌មាន និងកំពុងប្រតិបត្តិការមានចំនួន ១ ៦២០ អង្គភាព ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី រោងពុម្ព មាន៧៤៥ អង្គភាព និងប្រព័ន្ធផ្សព្វផ្សាយទំនើប រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ ទូរទស្សន៍ឌីជីថល ទូរទស្សន៍ប្រភេទ OTT និងទូរទស្សន៍ផ្កាយរណប សរុបមានចំនួន៨៧៥ អង្គភាព។ នេះមិនទាន់រាប់បញ្ចូលបណ្តាញសង្គមហ្វេសប៊ុក ទឹកតុក តេឡេក្រាម CoolApp ជាច្រើនលានគណនីផ្សេងទៀត ដែលកំពុងដើរតួនាទីសំខាន់ជាមធ្យោបាយក្នុងការផ្សព្វផ្សាយ ព័ត៌មាន និងទទួលព័ត៌មាន។ នៅត្រឹមចុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងព័ត៌មាន បានចេញបណ្ណ សារព័ត៌មាន ដែលបានបំពាក់ QR code ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រួចរាល់ជូនដល់អង្គភាព និងអ្នកសារព័ត៌មានបានចំនួន ៨ ០៦២ បណ្ណ ដែលអ្នកសារព័ត៌មានទាំងនោះបាននិងកំពុងធ្វើសកម្មភាព យ៉ាងសកម្មក្នុងវិស័យសារព័ត៌មាន។

ជាមួយការរីកចម្រើននិងភាពសម្បូណ៌បែប យើងទាំងអស់គ្នាក៏បានកត់សម្គាល់ពីការប្រើប្រាស់ ឧត្តមភាពផ្នែកបច្ចេកវិទ្យាដោយអសីលធម៌ និងការមិនទទួលខុសត្រូវ ជាពិសេសការបង្កើតដំណឹង ក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបន្លំ ក្នុងចេតនាទុច្ចរិត បង្កការភាន់ច្រឡំ ចលាចលសង្គម ដែលធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ ប៉ះពាល់ដល់សង្គម វប្បធម៌ សិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់ មនុស្សជាតិផងដែរ។ បន្ថែមលើនេះ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះវិបត្តិជម្លោះ ប្រដាប់អាវុធនិងសង្គ្រាមពាណិជ្ជកម្ម ការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវតែមានអភិបាលកិច្ច និងការទទួល ខុសត្រូវខ្ពស់តាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបទប្បញ្ញត្តិជាធរមាន ដើម្បីរក្សាសណ្តាប់ធ្នាប់និង ស្ថិរភាពសង្គម។ ក្នុងន័យនេះ យើងទាំងអស់គ្នា ចាំបាច់ត្រូវបន្តនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីផ្តល់ព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ទាំងក្នុងតំបន់ និង លើសកលលោក។

ក្នុងថ្ងៃប្រារព្ធ ទិវាសេរីភាពសារព័ត៌មាន លើកទី៣២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបញ្ជាក់ សាជាថ្មីថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ជាមួយនឹងសណ្តាប់ធ្នាប់ ក្នុងវិស័យសារព័ត៌មានត្រូវបានរៀបចំកាន់តែប្រសើរ។ ការណ៍នេះ ត្រូវបានបញ្ជាក់ច្បាស់លាស់ក្នុងប្រសើរដោយសារមានការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មានបានល្អ ការកើនឡើងការគោរព អនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងវិធានការទាំងឡាយក្នុងការពង្រឹងសន្តិសុខព័ត៌មាន សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានមានប្រសិទ្ធភាព។ ក្នុងន័យនេះ ការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន គឺមានសារៈសំខាន់ ដោយត្រូវប្រកាន់ខ្ជាប់ក្នុងអាជីពជាអ្នកសារព័ត៌មាន។ ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលប្រកាសដាក់ឱ្យ អនុវត្តកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដោយក្រសួងព័ត៌មាន ក៏បានចូលរួមពង្រឹងការអនុវត្តក្រម សីលធម៌វិជ្ជាជីវៈ ហើយខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន អង្គភាព សារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនព្រោះក្រមសីលធម៌វិជ្ជាជីវៈជា អាវក្រោះ ការពារអ្នកសារព័ត៌មានគ្រប់កាលៈទេសៈ។

ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួម អភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម។ កម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់ សិទ្ធិ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។ នៅកម្ពុជា យើងទទួលស្គាល់ការចូលរួមដ៏សំខាន់ របស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងបាននាំយក ព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល ដែលជាទំនាក់ទំនងទ្វេមុខក្នុងទិសដៅរួមតែមួយគឺពលរដ្ឋទទួល បានព័ត៌មានគ្រប់ជ្រុងជ្រោយទាក់ទងនឹងច្បាប់លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងសមិទ្ធផលសម្រេចបានដោយរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ជូនប្រជាពលរដ្ឋ និងការភ្ជាប់ពីសំណើសំណូមពរ និងបញ្ហាផ្សេងៗរបស់ពលរដ្ឋដើម្បីរាជរដ្ឋាភិបាលដោះស្រាយ។ កម្ពុជា សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការការពារសេរីភាពសារព័ត៌មាន ធានាសុវត្ថិភាព អ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យមានការសន្ទនាប្រកបដោយភាពច្នៃប្រឌិតនៅគ្រប់វេទិកាទាំងអស់ ដើម្បីវិស័យសារព័ត៌មានកម្ពុជាកាន់តែមានភាពរីកចម្រើនពោរពេញដោយគុណភាព។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានមើលឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុង ការធ្វើបរិវត្តកម្មឌីជីថល និងការទទួលបានព័ត៌មាន។ នៅក្នុងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដែលកំពុងរីក ចម្រើននេះ រាជរដ្ឋាភិបាលលើកទឹកចិត្តបងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងស្ថាប័នសារព័ត៌មាន ឱ្យប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ភាពត្រឹមត្រូវ និងស្តង់ដាក្រមសីលធម៌វិជ្ជាជីវៈ ខណៈដែលសារព័ត៌មានបន្តធ្វើ ជាស្ពានតភ្ជាប់រវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ជាការពិត តាមរយៈប្រធានបទនៃទិវាសេរីភាព សារព័ត៌មានលើកទី៣២ នេះ បរិវិត្តកម្មនៃបញ្ញាសិប្បនិម្មិតទៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បាននាំ មកនូវអត្ថប្រយោជន៍យ៉ាងច្រើន រួមមានការប្រើប្រាស់ច្រើនភាសា និងការវិភាគទិន្នន័យ សម្រាប់ការផលិត ផ្សព្វផ្សាយ និងចែកចាយបានរហ័សនិងចំគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿនទាំងនេះ ក៏បាននាំមកនូវហានិភ័យនៃព័ត៌មានក្លែងក្លាយ ដែលបង្កើតដោយបច្ចេកវិទ្យា។ ជាងនេះទៅទៀត បរិវិត្តកម្មនេះក៏នឹងជះឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមានដល់អាជីពសារព័ត៌មានផងដែរ។

ជាថ្មីម្តងទៀត ផ្អែកលើគោលបំណងលើកកម្ពស់និងការពារសេរីភាពសារព័ត៌មានពិភពលោក កម្ពុជាសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានទាំងអស់ ជុំវិញពិភពលោក ក្នុងឱកាសនៃការប្រារព្ធ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២នេះ។ កិច្ចខិតខំ ប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញភារកិច្ចរបស់អ្នកសារព័ត៌មានទាំងអស់ ពិតជាបានបង្ហាញពី ការប្តេជ្ញាចិត្តឥតងាករេនៅក្នុងការរាយការណ៍ព័ត៌មានពិតត្រឹមត្រូវពីព្រឹត្តិការណ៍នានាទាំងក្នុង និងក្រៅ ប្រទេសទាក់ទងនឹងបញ្ហាដែលសង្គមជួបប្រទះ វិបត្តិនយោបាយសកលនិងតំបន់ ទំនាក់ទំនងការទូត សង្គ្រាម បញ្ហាសេដ្ឋកិច្ចនិងសង្គម ការប្រកួតប្រជែងពាណិជ្ជកម្ម ការរីករាលដាលនៃជំងឺឆ្លងដ៏កាច សាហាវជាដើម ដោយប្រឈមមុខនឹងការលំបាក បញ្ហាសុវត្ថិភាព និងសុខភាព។ល។

សូមបន្តសហការគ្នាធ្វើកិច្ចការកាន់តែខ្លាំង និងសកម្មថែមទៀត បន្តលើកកម្ពស់សិទ្ធិទទួលព័ត៌មាន របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត និងការពារបានសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់ប្រជាពលរដ្ឋ ព្រមទាំងមានភាពធន់ដើម្បីចូលរួមចំណែកដល់ការរក្សាសន្តិភាព សណ្តាប់ធ្នាប់ សាធារណៈ និងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងគោលដៅកសាងសង្គមកម្ពុជា មួយដ៏រស់រវើកដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ ដូច្នេះ ដើម្បីពង្រឹងនូវតួនាទីវិស័យសារព័ត៌មាន ឱ្យកាន់តែសកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាពជាកញ្ចក់ឆ្លុះបញ្ចាំងការពិតក្នុងសង្គមជាតិ, ខ្ញុំសូមផ្តល់ជូននូវអនុសាសន៍មួយចំនួនជូនក្រសួងព័ត៌មានក្នុងការយកចិត្តទុកដាក់៖

ទី១. បន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និងរៀបចំ ច្បាប់និងលិខិតបទដ្ឋានថ្មីបន្ថែមទៀត ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន ឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈជំរុញការគោរពនិងអនុវត្តតាមច្បាប់ និង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។

ទី២. បន្តពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដោយបើកវគ្គបណ្តុះបណ្តាលលើជំនាញ បច្ចេកទេស ដើម្បីបង្កើនគុណភាពខ្លឹមសារព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់អ្នក ប្រើប្រាស់ និងដើម្បីជាប្រយោជន៍សម្រាប់ជាចំណេះដឹង និងត្រូវបង្កើនអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋដើម្បីលើកកម្ពស់សមត្ថភាព និងការយល់ដឹង។

ទី៣. បន្តដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិត របស់ប្រជាពលរដ្ឋ និងបង្ការ ទប់ស្កាត់តាមគ្រប់មធ្យោបាយនូវដំណឹងក្លែងក្លាយ ព័ត៌មាន ក្លែងបន្លំ និងព័ត៌មានបំភ័ន្តទាំងឡាយតាមរយៈការសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ បំភ្លឺ ឆ្លើយតប និងបកស្រាយឱ្យទាន់ពេលវេលា និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយដើម្បីបន្សាបព័ត៌មានក្លែងក្លាយ។

ទី៤. កំណត់គោលការណ៍ណែនាំ នៃក្រមសីលធម៌ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងការ ប្រមូលព័ត៌មាន ផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត ដើម្បីរក្សានិងបង្កើនទំនុកចិត្តលើ ព័ត៌មានដែលបានផលិតនិងផ្សព្វផ្សាយ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ទី៥. រៀបចំស្តង់ដាប្រតិបត្តិក្នុងការកំណត់លក្ខខណ្ឌអប្បបរមា ដើម្បីស្នើសុំបង្កើតអង្គភាព សារព័ត៌មាននិងបុគ្គលដែលត្រូវទទួលស្គាល់ថាជាអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីព ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងគុណភាពនិងសណ្តាប់ធ្នាប់ឱ្យបានល្អ ក្នុងវិស័យសារព័ត៌មាន។

ទី៦. លើកកម្ពស់ការទូតព័ត៌មាន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ក្នុងការទប់ស្កាត់ឥទ្ធិពលអវិជ្ជមានក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជាអាទិ៍ ការប្រឆាំងព័ត៌មានក្លែងក្លាយ ការពង្រឹងសមត្ថភាពរួមគ្នាក្នុងការទប់ស្កាត់ផលប៉ះពាល់ ផ្សេងៗទៀត។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ក៏សូមផ្តល់អនុសាសន៍មួយចំនួនជូនដល់បងប្អូនអ្នកសារព័ត៌មានដូច ខាងក្រោម៖

ទី១. សូមបន្តផលិត និងផ្សព្វផ្សាយតែព័ត៌មានពិត សុក្រឹតត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់នូវព័ត៌មានទាំងឡាយមុននឹងផ្សព្វផ្សាយ ប៉ុន្តែសូម ចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ ព័ត៌មាន មានចរិតញុះញង់ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សណ្តាប់ធ្នាប់សារធារណៈ និងវប្បធម៌ សង្គម សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងឯកជនភាពរបស់បុគ្គលដែលត្រូវបានការពារដោយច្បាប់។

ទី២. ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋាន នៃក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវចូលរួមលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោម ស្លាកសារព័ត៌មាន។

ទី៣. ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ដែលអាច កើតចលាចល ភាពវឹកវរ បាត់បង់សណ្តាប់ធ្នាប់សង្គម ឬប៉ះពាល់ដល់ស្ថិរភាពជាតិ និង ត្រូវចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ

ទី៤. ត្រូវបន្តពង្រឹងសមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ ព័ត៌មាន សុវត្ថិភាពព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន ក៏ដូចជាកសាងជំនឿ ទុកចិត្តកាន់តែខ្លាំងរបស់ពលរដ្ឋលើសារព័ត៌មាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី