Sunday, May 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេរីភាពសារព័ត៌មានគឺជាសិទ្ធិជាមូលដ្ឋានគ្រឹះ ហើយក៏ជាកត្តាមួយដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រជាធិបតេយ្យ

ភ្នំពេញ ៖ ស្ថានទូតអស្ត្រាលីប្រចាំកម្ពុជាបានឲ្យដឹងថា ថ្ងៃនេះ ជាទិវាសេរីភាពសារព័ត៌មានពិភពលោក យើងសូមបញ្ជាក់សារជាថ្មីអំពីតម្លៃនៃសេរីភាពសារព័ត៌មាន និងតួនាទីដ៏សំខាន់ក្នុងការគាំទ្រ ការបើកចំហ ភាពរីកចម្រើន និងអភិបាលកិច្ចល្អ។

សារព័ត៌មានឯករាជ្យ និងសេរីជួយធានាឱ្យមានគណនេយ្យភាព បើកឱកាសឱ្យមានការប្រកួតប្រជែងផ្នែកគំនិត និងគាំទ្រដល់ការតាក់តែងគោលនយោបាយដែលមានប្រសិទ្ធភាព។ វាផ្តល់នូវភាពអង់អាចដល់ប្រជាពលរដ្ឋ ជួយពង្រឹងស្ថាប័ន និងបង្កើតលក្ខខណ្ឌសមស្របសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។

កាលពីថ្ងៃទី២ ខែឧសភា តំណាងស្ថានទូតអូស្ត្រាលីរបស់យើងបានចូលរួមជាមួយបណ្តាអ្នកសារព័ត៌មាន អ្នកដឹកនាំសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាល ដើម្បីប្រារព្វទិវាដ៏សំខាន់នេះនៅរាជធានីភ្នំពេញ។

លោកឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិកាណ៍មួយស្តីពីការការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងតាមរយៈការផ្តួចផ្តើមគំនិតរបស់អង្គការសង្គមស៊ីវិលជាច្រើន។

លោកទូតបានរំលឹកថាប្រទេសបារាំងមានការប្តេជ្ញាចិត្តយ៉ាងពេញលេញសម្រាប់សេរីភាពបញ្ចេញមតិ ការការពារអ្នកសារព័ត៌មាន និងមជ្ឈដ្ឋានប្រព័ន្ធផ្សព្វផ្សាយសេរី នៅគ្រប់ទីកន្លែងនៅលើពិភពលោក។ ប្រទេសបារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ខ្លួនដល់បុគ្គលទាំងឡាយណាដែលបំពេញការងារប្រកបដោយសេចក្តីក្លាហានដើម្បីផ្តល់ព័ត៌មានដោយសេរី និងឯករាជ្យ។

សេរីភាពសារព័ត៌មានគឺជាសិទ្ធិជាមូលដ្ឋានគ្រឹះ ហើយក៏ជាកត្តាមួយដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងប្រជាធិបតេយ្យ។

សូមរំលឹកផងដែរថា នៅថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០២៥ ក្រុមអង្គការ សង្គមស៊ីវិលជាង១០ ដែលធ្វើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស បានរួមគ្នារៀបចំប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកតស៊ូមតិលើសិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយ យ៉ាងហោចណាស់១០០នាក់ ដើម្បីឆ្លុះបញ្ចាំងនូវស្ថានភាពបច្ចុប្បន្ននៃឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា។

សន្និសទីនេះមានការចូលរួមថ្លែងសុន្ទកថាបើកដោយឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជាលោក Jacques Pellet តំណាងស្ថានទូតអូស្ត្រាលី ស្ថានទូតអង់គ្លេស ស្ថានទូតជប៉ុន ស្ថានទូតអាល្លឺម៉ង់ រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។

សន្និសីទនេះមានការថ្លែងសុន្ទរកថាគន្លឹះ កិច្ចពិភាក្សា និងសម្ដែងនូវការគោរពនិងកោតសរសើរចំពោះវីរភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា និងជុំវិញពិភពលោក ដែលបន្តរាយការណ៍ព័ត៌មានបាន ទោះបីជាត្រូវប្រឈមមុខនឹងការត្រួតពិនិត្យ ការបំភិតបំភ័យ និងអំពើហិង្សាក៏ដោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី