Sunday, May 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី បានបញ្ជាក់ថា ការជួបជុំនាថ្ងៃនេះ ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលំហរសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជំនួបជាមួយអ្នកសារព័ត៌មាន គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានជួបដោយផ្ទាល់ និងបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអាជីព និងមិនមែនអាជីពផ្សេងៗ ដែលនេះជាសេរីភាពយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ហើយផ្អែកលើច្បាប់ដែលបានកំណត់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក។

សម្តេចមហាបវរធិបតី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ ល្ងាចថ្ងៃសៅរ៍ ទី៣ ឧសភា ២០២៥។

សម្តេចបវរធិបតី បានថ្លែងបន្តទៀតថា ជាមួយគ្នានេះ ការជួបជុំនាថ្ងៃនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលំហរសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងអាជីពសារព័ត៌មានកាន់តែល្អប្រសើរ ជាពិេសសរួមគ្នាខិតខំផ្សព្វផ្សាយព័ត៌មានពិត ហើយរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា កត្តាសុក្រឹតភាព កត្តាសុចរិតភាព និងកត្តាទំនួលខុសត្រូវ ជាធាតុដែលធ្វើឱ្យស្ថាប័នព័ត៌មានរក្សាបានប្រជាប្រិយភាពរឹងមាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ថ្ងៃនេះខ្ញុំសូមលើកយកកត្តា៣យ៉ាង ជាធាតុដែលធ្វើឱ្យស្ថាប័នព័ត៌មាន រក្សាបានប្រជាប្រិយភាពរឹងមាំរួមមាន កត្តាសុក្រឹតភាព, កត្តាសុចរិតភាព និងកត្តាទំនួលខុសត្រូវ មាន៣នេះរស់បានយូរ មានន័យថា មានកត្តា៣នេះទទួលបានការគាំទ្របានយូរអង្វែង សូមជឿខ្ញុំចុះ បើគ្មានកត្តា៣នេះទេ សារព័ត៌មានណាក៏មិនអាចរក្សាបានដែរ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ប្រសិនបើសារព័ត៌មានគ្មានសុក្រឹតភាព ដាក់អ្វីក៏មិនប្រាកដ។ អ្នកសារព័ត៌មានខុស ពីអ្នកផ្សព្វផ្សាយនយោបាយ បើយើងយកអាជីពជាអ្នកវិជ្ជាជីវៈ ត្រូវប្រកាន់សុក្រឹតភាព កាលណាមានសុក្រឹតភាព អ្នកមើល អ្នកតាមដានព័ត៌មានអ្វីមួយ នោះអ្នកមើលនឹងទៅរកវេបសាយព័ត៌មានដែលមានសុក្រឹតភាពបើកមើលភា្លម ព្រោះវេបសាយនេះ ជាវេបសាយផ្សាយព័ត៌មានសុក្រឹត ដូច្នេះអ្នកមើលនឹងមិនចំណាយពេលទៅមើល១០-២០វេបសាយនោះទេ គឺគេមើលតែវេបសាយមួយណឹងប៉ុណ្ណោះ ដូច្នេះសុក្រឹតភាពជាការចាំបាច់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា លើលោកនេះគ្មានអ្វីល្អឥតខ្ចោះនោះទេ ប៉ុន្ដែយើងមានទិសដៅ និងគោលដៅក្នុងការធ្វើឲ្យល្អឥតខ្ចោះ នេះជាអ្វីដែលយើងត្រូវធ្វើមានន័យថា យើងព្យាយាមកាត់បន្ថយភាពមិនល្អ ភាពកង្វះខាតរបស់យើង ជាបន្ដបន្ទាប់ ដើម្បីឈានដល់ភាពល្អប្រសើរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី