រាជធានីភ្នំពេញ ៖ ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង “ទិវាសេរីភាពសារព័ត៌មាន និង ពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី ៧” នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។
ប្រសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ៖
១. បន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងន័យនេះ, ក្រសួងព័ត៌មាន ត្រូវពិនិត្យឡើងវិញនូវច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងសិក្សារៀបចំ ច្បាប់ស្តីពីសោតទស្សន៍, គោលនយោបាយអភិវឌ្ឍទូរទស្សន៍ឌីជីថលកម្ពុជា និង គោល នយោបាយអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ។ ទន្ទឹមនេះ, បន្ត តាមដាន និង វាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាន ដោយត្រូវរៀបចំរបាយការណ៍ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា ប្រចាំឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ ។
២. បន្តពង្រឹងការអនុវត្តច្បាប់ និង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់ស្ថាប័ន សារព័ត៌មាន និង ធានាបាននូវសន្តិសុខព័ត៌មាន ។ ក្នុងន័យនេះ, ក្រសួងព័ត៌មាន ត្រូវ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សារៀបចំច្បាប់ស្តីពីការប្រឆាំងព័ត៌មាន ក្លែងក្លាយ ព្រមទាំង បន្តតាមដាន, វាយតម្លៃ និងឆ្លើយតបឱ្យទាន់ពេល ចំពោះព័ត៌មាន បំភ្លៃការពិត និងព័ត៌មានក្លែងក្លាយ ។ ទន្ទឹមនេះ, បន្តតាមដាន ត្រួតពិនិត្យ និង មានវិធាន ការផ្លូវច្បាប់ចំពោះជនខិលខូចមួយចំនួន ជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទ កំហែងយក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ។
៣. បន្តពង្រីកធនធានមនុស្ស និង ពង្រឹងមូលធនមនុស្ស ក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ដោយក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល, ការកសាងកម្លាំង បន្តវេន និងការបង្កើនសមត្ថភាពស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន, ទាំងលើ ការងារគ្រប់គ្រង និងការងារបច្ចេកទេស ។
៤. ជំរុញការអនុវត្តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា ដើម្បីការពារមាតិការបស់ទូរទស្សន៍ និងអនុញ្ញាត ជាគោលការណ៍ដល់ក្រសួងព័ត៌មាន ឱ្យសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធ សិក្សាពីលទ្ធភាពរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងខ្លឹមសារ និង ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងផ្តល់លទ្ធភាពដល់ប្រព័ន្ធ ផ្សព្វផ្សាយ និង អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ក្នុងស្រុក អាច ទាញផលប្រយោជន៍ ពីការផ្សាយពាណិជ្ជកម្ម ។
៥. ជំរុញអង្គភាពសារព័ត៌មានអនឡាញទាំងអស់ប្រើប្រាស់ Domain Name “.kh” ដើម្បី បង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងខ្លឹមសារ និង មាតិកា, ការរក្សាទុកទិន្នន័យវិវាទ, ការ គ្រប់គ្រងព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ, ការរៀបចំសណ្តាប់ធ្នាប់ស្ថាប័នសារព័ត៌មាន, និងការលើកកម្ពស់អត្តសញ្ញាណជាតិយើង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














