ភ្នំពេញ៖ សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី អំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នាទប់ស្កាត់នូវព័ត៌មានក្លែងក្លាយឲ្យខាងតែបាន ខណៈការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈនឹងមិនបាត់បង់នូវទំនុកចិត្តពីប្រជាពលរដ្ឋនោះឡើយ ថែមទាំងទទួលស្គាល់ និងមានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនផងដែរ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន នៅទូទាំងប្រទេស លើកទី៧ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អ្នកសារព័ត៌មាន ដែលបានផ្សព្វផ្សាយព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ខណៈការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈនេះ បានជួយដល់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមអ្នកនយោបាយប្រឆាំងមួយក្តាប់តូច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ឬទំនើបយ៉ាងណា ក៏នៅតែអាស្រ័យលើមនុស្ស ដែលជាអ្នកប្រើប្រាស់ និងកំណត់ថា បច្ចេកវិទ្យានេះ គ្រោះថា្នក់ ឬក៏មិនគ្រោះថា្នក់។
បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន នៅតែមានតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយទាំងឡាយ។
សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី៖ ព័ត៌មានប្លែក ពិត និងសុក្រឹត្យ គឺពលរដ្ឋ នឹងបន្តតាមដាននិងជឿជាក់ ហើយឲ្យតម្លៃ ដូច្នេះហើយអ្នកសារព័ត៌មានទាំងអស់គប្បីត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួនឲ្យខាងតែបានកុំបំភ្លើស កុំបំភ្លៃ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រឹងនូវអភិក្រម ពង្រឹងនូវក្រមសីលធម៌ និងការទទួលខុសត្រូវ របស់អ្នកចែកចាយព័ត៌មាន នៅតែជាគន្លឹះ ក្នុងការគ្រប់គ្រងបច្ចេកវិទ្យាទាំងអស់នេះ។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អាវុធទំនើបយ៉ាងម្ដេចក៏ដោយ ក៏មិនអាចសម្លាប់មនុស្សបានដែរ មានតែមនុស្សទេ ដែលសម្រេចចិត្ដបាញ់គ្នា ឬមួយក៏បង្កើតសង្គ្រាម»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា បច្ចេកវិទ្យា AI ឬក៏បច្ចេកវិទ្យាឌីជីថល តាមទូរស័ព្ទដៃក្ដី វាគ្រោះថ្នាក់ ឬក៏មិនគ្រោះថ្នាក់ វាអាស្រ័យទៅលើមនុស្សជាអ្នកប្រើ ហើយក្នុងនោះ តួរអង្គអ្នកសារព័ត៌មាន គឺជាតួរអង្គសំខាន់ នៅក្នុងការធានា និងជួយទប់ធ្វើយ៉ាងម្ដេច កុំឲ្យ AI ក្លាយទៅជាគ្រោះថ្នាក់ ដល់សង្គមជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងផងដែរថា បណ្តាញសង្គមដើរតួនាទី កាន់តែសំខាន់ ក្នុងការបើកឱកាស ឱ្យពលរដ្ឋលើកបង្ហាញភាពអសកម្មនៃការដឹកនាំរដ្ឋ។ សម្តេចមើលឃើញថា ការផ្សព្វផ្សាយរូបភាពគ្រោះថ្នាក់ចរាចរ ត្រូវបានកាត់បន្ថយ ជាការបង្ហាញភាពចាស់ទុំ ផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សង្គមស៊ីវិល័យ ជាការយល់ដឹងខ្ពស់ ការគោរពគ្នាខ្ពស់ សីលធម៌ខ្ពស់ មិនមែនជាសង្គម ដែលមានលុយច្រើននោះទេ។ មានលុយទិញ ឡានថ្លៃជិះ តែខ្វះសីលធម៌ លើការបើកបរជាមនុស្សព្រៃ។ សម្តេចបានថ្លែងថា គ្មាននរណាស្រឡាញ់ និងថែរក្សាអាជីពសារព័ត៌មានខ្លាំង ជាងអ្នកសារព័ត៌មាននោះទេ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី៖ អ្នកសារព័ត៌មានមិនត្រឹមតែពង្រឹងសមត្ថភាពវិជ្ជាជីវៈនោះទេ ត្រូវពង្រឹងទាំងសមត្ថភាពបច្ចេកទេសដើម្បីឲ្យសារព័ត៌មានយើងកាន់តែទំនើប ព័ត៌មានកាន់តែច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមានការជឿជាក់មកលើអាជីពអ្នកសារព័ត៌មានរបស់យើងផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អ្នកសារព័ត៌មានត្រូវធានាសុចរិតភាព ហើយកុំប្រើអាជីពអ្នកសារព័ត៌មាន ទៅផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ។
ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ ដោយសុចរិតភាព នាំឱ្យអ្នកសារព័ត៌មាន ទទួលបានទំនុកចិត្តពីមហាជន ហើយធ្វើឱ្យអ្នកសារព័ត៌មានទទួលបានតម្លៃផងដែរ ។
ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី មានប្រសាសន៍ថា “សុចរិតភាព កើតឡើងអំពីអ្វី? ទី១ គឺកុំប្រើប្រាស់អាជីព ជាអ្នកសារព័ត៌មាន ទៅផ្សព្វផ្សាយព័ត៌មានអ្វីដែលយើងដឹងថា មិនពិត ដើម្បីគោលដៅអាក្រក់ លើអ្នកដទៃ ឬចង់ចំណេញខាងអ្វីមួយនោះ គឺសុំប្រកាន់សុចរិតភាព ភាពទៀងត្រង់របស់យើងទើបមានតម្លៃ” ។
សម្តេចធិបតី ណែនាំកុំប្រើអាជីពជាអ្នកកាសែត ដើម្បីទៅទាញយកផលប្រយោជន៍មិនត្រឹមត្រូវ ជាក់ស្តែងកាលពីពេលកន្លងទៅក្រសួងព័ត៌មាន បានដកអាជ្ញាបណ្ណ ពីអ្នកសារព័ត៌មានមួយចំនួន ក្រោយស្រាវជ្រាវ រកឃើញថា បានប្រព្រឹត្តប្រាសចាកវិជ្ជាជីវៈ ជំរិតទារលុយពីអ្នកដទៃ ថ្នូរនឹងការជួយបិទបាំងព័ត៌មាន ដែលបានធ្វើឱ្យប៉ះពាល់ ដល់អ្នកសារព័ត៌មានដទៃទៀតរាប់ពាន់នាក់ និងធ្វើឱ្យអ្នកសារព័ត៌មាន បាត់បង់ទំនុកចិត្ត ហេតុនេះទាមទារឱ្យមានសុចរិតភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី













