បន្ទាប់ពីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានការធ្វើបទបង្ហាញស្តីពី «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» តំណាងដោយលោកជំទាវ រ័ត្ន បូតា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត។
ជាកិច្ចចាប់ផ្តើមឆ្លុះបញ្ចាំងអំពីខ្លឹមសារ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ឯកសារដ៏មានសំខាន់នេះ គឺជាលទ្ធផលនៃការងាររយៈពេលវែង ដែលបានប្រមូលផ្តុំអ្នកជំនាញជាច្រើន នៅក្នុងក្រុមការងារបច្ចេកទេសកម្រិតខ្ពស់ នៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក រួមទាំងតំណាងក្រសួង ស្ថាប័ន និងអង្គការនានា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះសហភាតរៈទាំងអស់ ដែលបានចូលរួមចំណែក ក្នុងការធ្វើឱ្យផែនការជាតិនេះលេចជារូបរាងឡើងនាថ្ងៃដ៏នក្ខត្តឫក្សនេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា ជំងឺមហារីកជានិមិត្តរូបនៃសំណាងអាក្រក់ ដូច្នេះហើយយើងត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់។ គ្រូពេទ្យមានកាតព្វកិច្ច ជា «មធ្យោបាយព្យាបាល ថែទាំ» រីឯអ្នកពាក់ព័ន្ធទាំងឡាយ ជា អ្នកដែលត្រូវ «ទទួលស្គាល់លទ្ធផល» ដែលទាំងអស់គ្នាត្រូវប្រឹងប្រែងប្រែក្លាយសំណាងអាក្រក់នេះឱ្យទៅជាសេចក្តីសង្ឃឹម។ អ្នកដែលចាប់ផ្តើមប្រែក្លាយឱ្យទៅជាសេចក្តីសង្ឃឹមនេះគឺអ្នកដឹកនាំ គ្រូពេទ្យ អ្នកថែទាំ អ្នកស្រាវជ្រាវ អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ សហគមន៍ ដែលត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានការយល់ដឹងឱ្យបានច្យាស់លាស់ទាំងអស់គ្នាអំពីជំងឺមហារីកនេះ។ សរុបមកបញ្ហាប្រឈមនៃជំងឺមហារីកនេះជាភារកិច្ចរបស់មនុស្សគ្រប់រូបទាំងអស់គ្នា។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ និងសូមផ្ញើសារទៅប្រជាពលរដ្ឋគ្រប់រូបអំពីការការពារ និងការប្រយុទ្ធប្រឆាំងនៃជំងឺមហារីកដូចតទៅ៖
ក. ចំពោះអ្នកវិជ្ជាជីវសុខាភិបាល៖ សូមទំនាក់ទំនងជាមួយអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ដោយធ្វើការស្វែងយល់ចិត្តអ្នកជំងឺ នៅពេលពួកគាត់ទទួលដំណឹងថាមានជំងឺមហារីក ធ្វើយ៉ាងណាកុំឱ្យអ្នកជំងឺបាក់ទឹកចិត្ត បាត់បង់ស្មារតី។
ខ. ចំពោះអ្នកពាក់ព័ន្ធ៖ ត្រូវចូលរួមប្រឆាំងជាមួយជំងឺមហារីក សូម គ្រប់ក្រសួង ស្ថាប័ន ចូលរួមទាំងអស់គ្នា ក្នុងការបង្ការឱ្យស្រប និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដូចជា ការចូលរួមចាក់ថ្នាំបង្ការមហារីកមាត់ស្បូន ការអប់រំសុខភាព តាមសាលា តាមសហគមន៍ ត្រួតពិនិត្យផលិតផលកសិកម្ម ទៅលើសាច់នាំចូល។ល។
គ. ចំពោះប្រជាពលរដ្ឋ៖ សូមឱ្យស្វែងយល់អំពីការគំរាមគំហែងនៃជំងឺមហារីក ទំនាក់ទំនងជំងឺមហារីកជាមួយជីវភាពរស់នៅប្រចាំថ្ងៃ សុខភាពរបស់ក្រុមគ្រួសារ សុវត្ថិភាពសុខភាពយូរអង្វែង ក្តីសង្ឃឹម ការព្រាត់ប្រាស់ បំណុល។ល។ ដែលយើងអាចកាត់ចេញបាននៃកត្តាខាងក្រៅរបស់ជំងឺមហារីក។ ជាងនេះទៅទៀត សូមប្រជាពលរដ្ឋទាំងអស់ ឆាប់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលបានការពិនិត្យ និងព្យាបាលថែទាំទាន់ពេលវេលា។
មុននឹងបញ្ចប់ពិធី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរ «ត្រូវរួមគ្នា ដើម្បីកម្ពុជាយើងកាត់បន្ថយអត្រាហានិភ័យនៃជំងឺមហារីកនេះ ហើយមានសង្ឃឹមថាកម្មវិធីជាតិប្រយុទ្ធនឹងជំងឺមហារីក នឹងទទួលបានជោគជ័យទៅតាមដំណើរការ ដើម្បីសុខភាពរបស់ជាតិកម្ពុជារបស់យើង»៕ រក្សាសិទ្ធដោយ៖សុទ្ធលី




