ប្រធានបេសកកម្មសង្គ្រោះនិយាយថា កិចខិតខំប្រឹងប្រែងបានចាប់បន្តជាថ្មី កាលព្រឹកថ្ងៃអង្គារ៍ ដើម្បីជម្លៀសក្មេងៗបាល់ទាត់នៅសល់ចំនួន ៥ នាក់ ដែលកំពុងជាប់គាំងនៅខាងក្នុងរូងភ្នំ Tham Luang ដោយក្នុងក្តីសង្ឃឹមនាំយកពួកគេចេញដោយសុវត្ថិភាពទាំងអស់គ្នាតែម្តង ក្នុងរយៈពេលច្រើនតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
លោក Narongsak Osottanakorn បានប្រាប់អ្នកសារព័ត៌មានថា ប្រតិបត្តិការបានចាប់ផ្តើមនៅវេលាម៉ោង ១០ និង០៨ នាទី ព្រឹកមិញនេះ ដោយមានអ្នកមុជទឹកកំពូលៗ ១៩ នាក់ ដើម្បីនាំយកក្មេងៗបាល់ទាត់ ៤ នាក់ និងគ្រូបង្វឹកម្នាក់អាយុ ២៥ ឆ្នាំ របស់ពួកគេ ឈ្មោះ Ekkapon Chantawong ។
លោក Narongsak និយាយថា ពួកគេទទួលបានការចាប់ផ្តើមលឿនជាងថ្ងៃសង្គ្រោះ២ថ្ងៃមុននេះ (អាទិត្យ និងច័ន្ទ) និងមានទំនុកចិត្តនៅក្នុងបទពិសោធន៍ដែលទទួលបានផងដែរ ។ ថ្វីបើមានភ្លៀងធ្លាក់នៅពេលយប់ក៏ដោយ ក៏កម្រិតទឹកនៅខាងក្នុងរូង គឺប្រហាក់ប្រហែលនឹងថ្ងៃច័ន្ទផងដែរ ។
ការចាកចេញខាងក្រៅរូងចុងក្រោយ នៅថ្ងៃអង្គារ គឺមានគ្រូពេទ្យម្នាក់ និងអ្នកមុជទឹកកងទ័ពជើងទឹក ៣ នាក់ ផងដែរ ដែលបានស្នាក់នៅជាមួយក្រុមក្មេងបាល់ទាត់ទាំងអស់នោះ នៅមាត់ទឹក Noen Nom Sao ទីកន្លែងដែលពួកគេត្រូវបានរកឃើញជាប់គាំងនៅទីនោះ បន្ទាប់ពីទឹកជំនន់កើនឡើងយ៉ាងសាហាវក្នុងរូង បានបិទផ្លូវពួកគេពុំអាចចេញខាងក្រៅវិញបាន កាលពីរសៀលថ្ងៃសៅរ៍ (២៣ មិថុនា) ។
លោក Narongsak និយាយថា ក្មេងប្រុស២នាក់ដែលត្រូវបានរំដោះចេញកាលពីថ្ងៃអាទិត្យ បានលេចឡើងជាមួយការឆ្លងមេរោគសួត ប៉ុន្តែ ស្ថានភាពរបស់ពួកគេបានវិវត្តល្អប្រសើរជាបណ្តើរវិញហើយ បន្ទាប់ពីត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយ៉ូទិច ។ លោកក៏បានបញ្ជាក់បន្ថែមថា ក្មេងប្រុសដែលត្រូវបានយកចេញដោយសុវត្ថិភាព ៨ នាក់ មុននេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Rai Prachanukroh ខេត្តឈៀងរ៉ៃ ហើយពួកគេមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្តទាំងអស់គ្នា ៕ ឧត្តម