កាលពីយប់មិញនេះ (ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣) ក្រុមកីឡាករបាល់ទាត់កម្ពុជា «គោព្រៃ» បានធ្វើការប្រកួតជាមួយជើងខ្លាំងឥណ្ឌូនេស៊ី ដើម្បីប្រជែងយកឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែ គួរឲ្យសោកស្តាយជាខ្លាំង ដែលកម្ពុជាយើងអស់ឱកាសឡើងទៅវគ្គបន្ទាប់ ដោយក្រុមគោព្រៃ ចាញ់ឥណ្ឌូនេស៊ី ក្នុងពិន្ទុ ១-២។
តែជាមួយនឹងលទ្ធផលនេះ អ្នកគាំទ្រកម្ពុជាជាច្រើន ក៏បានបន្តស្តីបន្ទោសទៅលើមហាបារមីផ្លូវក្នុងកំពូលស៊យ កំពូលចង្រៃ មៃ សុគន្ធ តែម្តង ព្រោះថា មុនពេលក្រុមកម្ពុជា និងឥណ្ឌូនេស៊ី ចាប់ផ្តើមប្រកួត លោក ម៉ៃ សុគន្ធ បានចេញវីដេអូបង្ហោះតាម TikTok និងភ្ជាប់សារបែបនេះថា «សូមឲ្យកម្ពុជាឈ្នះៗ!, ល្ងាចម៉ោង7 នេះ គោព្រៃកម្ពុជា🇰🇭 VS ឥណ្ឌូនេសុី 🇮🇩 ពូងោលផ្លូវក្នុងសូមជូនពរគោព្រៃកម្ពុជា ឈ្នះៗ កម្ពុជាពេញបេះដូង លោកតាៗ បើកម្ពុជាឈ្នះកូនចៅ សែនជ្រូកកណ្តុរអាំងមួយ និងមាន់១0»។
ទន្ទឹមនឹងនោះផងដែរ គេក៏បានឃើញអ្នកលេងបណ្តាញសង្គម ក៏បានចូលទៅខមិនកុំឲ្យ ម៉ៃ សុគន្ធ ធ្វើរឿងនេះ ដោយបានប្រាប់ថា៖ «ធ្វើកុំផុស១ថ្ងៃទៅអូន បើទោះជាកម្ពុជាចាញ់ ក៏អ្នកជឿ គេនឹងមិនគិតអាក្រក់លើអូនទៀតទេ។ កុំឌឺពួកគេអី បងក៏ចង់ដឹងដែរ បើអូនមិនផុស តើខ្មែរអាចឈ្នះមែនអត់?, ញោម ម៉ៃ សុគន្ធ ទុកថាអាត្មាសុំម្ដងទៀតទៅណាញោម, គាំទ្រជាតិឯងវាប្រពៃហើយ តែបើដឹងថាខ្លួនឯងចង្រៃ ប្តូរទៅគាំទ្រគេដើម្បីជាតិទៅ បង!, ខ្ញុំខ្ជិលចង់និយាយទៀតណាស់ រឹងពេកចឹង!, កុំថាឡើយសែនមាន់ 10 សែនទាំងទ្រុងទៀត ក៍ដឹងតែចាញ់ដែរ បើវាចេញមកចឹងទៀតហើយនោះ!,…»។
ទោះជាយ៉ាងណា សម្រាប់អ្នកមើលឃើញច្បាស់ពីសមត្ថភាពរបស់កីឡាករទាំងពីរ ថាអ្នកណាខ្លាំងជាងអ្នកណានោះ បានស្នើកុំឲ្យគ្រប់គ្នាស្តីបន្ទោស ម៉ៃ សុគន្ធ ទៅនាំគ្នាជឿលើបារមីផ្លូវក្នុងស្អីគេហ្នឹងទៅ ដោយបានលើកឡើងថា «គាត់ជាខ្មែរដែរ បើមិនឲ្យគាត់គាំទ្រខ្មែរ ឬចង់ឲ្យគាត់គាំទ្រឥណ្ឌូនេស៊ី?? សូមគិតចំណុចហ្នឹងម្តងទៀតផង!, គាត់ជាខ្មែរ បើមិនគាំទ្រខ្មែរគ្នាឯង ទៅគាំទ្រគេ ក៏នៅតែមានអ្នក bully គាត់ដដែលហ្នឹង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






