ថ្មីៗនេះ រឿងរ៉ាវករណីគ្រោះថ្នាក់ចរាចរណ៍ឡានធំ បុកពីក្រោយឡានតូច យ៉ាងពេញទំហឹង បណ្តាលឲ្យខូចខាតផ្នែកគូទខាងក្រោយយ៉ាងដំណំ កាលពីវេលាម៉ោង ៩ និង ៣០ នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅម្តុំវិហារសួគ៌ ក្នុងខេត្តកណ្តាល បានកំពុងបង្កការវែកញែកខុស និងត្រូវ ពីសំណាក់អ្នកលេងបណ្តាញសង្គម។
ទោះជាយ៉ាងណា បន្ទាប់មានមនុស្សមួយចំនួន ដែលគ្រាន់តែឃើញតាមរយៈការវីដេអូ ហើយវាយតម្លៃថា នេះគឺជាកំហុសឡានធំទាំងស្រុងនោះ ថ្មីៗនេះ ម្ចាស់ឡានធំ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Tha Nung FC ចេញមកមកបកស្រាយឲ្យដឹងថា៖ «ដោយសារមានការដោះស្រាយមិនទាន់ចប់ ពីព្រោះភាគីខាងឡានតូច គាត់អត់ទទួលរួមចំណែលខុសទាំងសងខាង ចឹងទុកអោយច្បាប់ដោះស្រាយ បញ្ជាក់! មុនកើតហេតុឡានម៉ាក Ford Ranger 2020 ពណ៌ស ស្លាកលេខ ភ្នំពេញ 2BG-5348 ធ្វើដំណើស្របទិសគ្នាពីត្បូងមកជើង ក្នុងសន្ថានភាពល្បឿនប្រហាក់ប្រហែលគ្នាចន្លោះពី40-60គីឡូម៉ែតក្នុងមួយម៉ោងដូចគ្នា តែមកដល់ចំណុចកើតហេតុ គាត់បានចាប់ហ្វាំងឈប់កណ្តាលផ្លូវទាំងបង្ខំ (ប្រហែលគាត់ចង់បត់ឆ្វេង តែអត់បានវៃភ្លើងស៊ីញ៉ូ)។
ម្ចាស់ឡានធំខាងលើ ក៏បានសម្តែងការហួសចិត្ត ទៅនឹងម្ចាស់ឡាន Ford ដែលបាននិយាយបែបនេះថា៖ «ទី1 គាត់អះអាងថា ដោយសារឡានគាត់មានឧបសគ្គនៅខាងមុខ ទី2 គាត់និយាយថា យកខ្ញុំជាតៃកុងឡានធំនឹងទៅពិនិត្យសារជាតិញៀន ទី3 គាត់ថាខ្ញុំគេចគេហើយមកប៉ះគាត់ ទី4 គាត់ថាឡានគាត់អែបគៀនហើយបានបុក ទី5 គាត់ថាឡានគាត់អត់បានឈប់ទេ តែខ្ញុំមានភស្តុតាងវីដេអូសុវត្តិភាពរបស់ខ្ញុំ បានបញ្ជាក់ថា ខុសពីការនិយាយបកស្រាយរបស់គាត់ ហើយអ្នកមួយចំនួនតូចដែលមិនបានដឹងអំពីហេតុការហ្នឹងច្បាស់ សូមកុំអាលវាយតម្លៃគេអី ឡានធំគ្មានហ្រាំង ABS ដូចឡានតូចទំនើបៗទេ ហើយឡានបើកស្របទិសគ្នា 4-5 គីឡូ ដែរ ប៉ុន្តែដល់ចំណុចកើតហេតុ គាត់ឈប់កណ្តាលផ្លូវបែបនេះ គ្មានអ្នកណាហ្រ្វាំងទាន់ទេ តែខ្ញុំក៏ទទួលខុសដែរ ដែលបុកគេពីក្រោយ តែមិនមែនអោយខ្ញុំទទួលកំហុសទាំងស្រុងនោះទេ បើគាត់មិនចាប់ហ្រ្វាំងកណ្តាលផ្លូវចឹង ក៏គ្មានករណីហ្នឹងកើតឡើងដែរ កំហុសទាំងសងខាងតែគាត់មិនព្រមទទួលខុសដែរ ទើបទុកអោយច្បាប់ធ្វើការដោះស្រាយ ព្រោះគាត់ចង់អោយខ្ញុំសងការខូចខាត់ទាំងស្រុង តែខាងខ្ញុំមិនព្រមទទួលសំណើរបស់គាត់ ទើបទុកអោយច្បាប់គេដោះស្រាយ»។
ជាការពិតណាស់ មិនថាឡាន ធំ ឡានតូច ឬ ម៉ូតូ នោះទេ ប្រសិនបើក្នុងករណីកំពុងបើកបរក្នុងល្បឿនលឿនសុខៗ ហើយស្រាប់តែមានការបើកឆ្លងកាត់ផ្លូវ ឬ ឈប់ភ្លាមៗ នៅកណ្តាលផ្លូវបែបនេះ គឺប្រាកដណាស់ មិនអាចទាន់ហ្វ្រាំងទាន់ទេ ហើយក៏មិនអាចគេចបាននោះដែរ ពោលគឺមានតែបុកទាំងបង្ខំប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់ករណីនេះ គេក៏បានឃើញរូបភាព ឡានធំចាប់ហ្វ្រាំងអូសជាច្រើនម៉ែត្រផងដែរ គឺមិនមែនបើកទៅបុកទាំងកម្រោលនោះទេ ដែលនេះមានន័យថា ឡានធំចាប់ហ្រាំង ព្រោះតែឡាន Ford ឈប់បន្ទាន់ពេក។ ទោះជាយ៉ាងណា CEN មិនមែនជាអ្នកកាត់ក្តីក្នុងរឿងនេះទេ ដោយទុកឲ្យមហាជនជួយពិនិត្យ និងពិចារណាបន្ថែម ថាតើអ្នកណាខុស អ្នកណាត្រូវ ឬក៏ខុសទាំងសងខាង!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






