តុលាការថៃ កាលពីថ្ងៃពុធ (ទី១០ ខែឧសភា ឆ្នាំ២០២៣) បានកាត់ទោសប្តីប្រពន្ធមួយគូ ឱ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗរហូតដល់ទៅ ១២៦៤០ ឆ្នាំ បន្ទាប់ពីរកឃើញថា ពួកគេបានឆបោកប្រាក់រាប់លានដុល្លារ ពីមនុស្សជាង ២០០០ នាក់ ក្នុងគម្រោងវិនិយោគសន្សំប្រាក់ម្យ៉ាង ហៅថា Ponzi ។
ទោះបីជាយ៉ាងណាក៏ដោយ តុលាការព្រហ្មទណ្ឌរបស់ប្រទេសថៃ បានបន្ធូរបន្ថយទោសរបស់ពួកគេមកត្រឹម ៥០៥៦ ឆ្នាំ ប៉ុណ្ណោះ ដោយសារតែនាង Wantanee Tippaveth និងស្វាមីរបស់នាងឈ្មោះ Methi Chinpha បានសារភាពចំពោះបទល្មើសរបស់ពួកគេ ដែលបានកើតឡើងក្នុងឆ្នាំ ២០១៩ ។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា អ្នកទាំងពីរត្រូវបានគេរំពឹងថា នឹងជាប់ពន្ធនាគារត្រឹមតែ ២០ ឆ្នាំ ប៉ុណ្ណោះ ព្រោះថាច្បាប់របស់ប្រទេសថៃ ដែលបានកំណត់ការជាប់ពន្ធនាគារសរុបរបស់ពួកគេត្រឹម ២០ ឆ្នាំ ក្នុងម្នាក់ៗ។
ក្នុងអំឡុងពេលសវនាការ តុលាការត្រូវបានឮនិយាយថា ប្តីប្រពន្ធមួយគូនេះ រួមនឹងមនុស្ស ៧នាក់ផ្សេងទៀត បានអញ្ជើញមនុស្សតាមរយៈ Facebook ចន្លោះខែមីនា និងខែតុលា ឆ្នាំ ២០១៩ ឱ្យវិនិយោគលើគម្រោងសន្សំប្រាក់ ដែលត្រូវបានចោទប្រកាន់ថាបានផ្តល់ផលចំណេញដល់ទៅ ៩៣ ភាគរយ។
ដើម្បីបញ្ចុះបញ្ចូលមនុស្ស Wantanee តែងតែបង្ហោះវីដេអូអនឡាញសម្ញែងគ្រឿងអលង្ការមាសពេជ្រដ៏មិនធម្មតានោះទេ នៅក្នុងហាងគ្រឿងអលង្ការដែលនាងកាន់កាប់ (ក្លែងក្លាយ)។
ប៉ូលីសបាននិយាយថា ការបង្ហោះបែបនេះ រួមជាមួយនឹងរូបថតនៅលើបណ្តាញសង្គម ដែលបង្ហាញពីរបៀបរស់នៅដ៏ឡូយឆាយរបស់នាង បានជួយទាក់ទាញជនរងគ្រោះ ឲ្យចាប់អារម្មណ៍។ មនុស្សសរុបចំនួន ២៥៣៣ នាក់ បានចូលរួមក្នុងគម្រោងនេះ ដោយបានវិនិយោគប្រហែល ១.៣ ពាន់លានបាត (ប្រមាណជិត ៤០ លានដុល្លារ)។
ប៉ូលីសបាននិយាយថា ជនរងគ្រោះមួយចំនួនបានចូលរួមវិនិយោគប្រាក់ដែលខំសន្សំពេញមួយជីវិត និងសូម្បីផ្ទះរបស់ពួកគេផងដែរ។ អ្នកខ្លះត្រូវបានគេរាយការណ៍ថា ប៉ុនប៉ងធ្វើអត្តឃាត បន្ទាប់ពីបាត់បង់ទ្រព្យសម្បត្តិ។
ព្រះរាជអាជ្ញាបានចោទប្រកាន់អ្នកទាំង ៩ នាក់ ពីបទក្លែងបន្លំជាច្រើនករណី ប៉ុន្តែមានតែ Wantanee និង Methi ប៉ុណ្ណោះ ដែលត្រូវបានគេរកឃើញថាមានទោស។ អ្នកផ្សេងទៀតត្រូវបានរួចទោស ដោយសារតែគ្មានភស្តុតាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






