ករណីក្មេងស្ទាវបង្ហោះម៉ូតូ នៅលើដងផ្លូវសាធារណៈដ៏បង្កគ្រោះថ្នាក់ ជាពិសេសនៅពេលយប់ស្ងាត់ប៉ូលិស គឺគេតែងតែបានឃើញស្ទើរជារៀងរាល់ថ្ងៃតែម្តង បើទោះជាសមត្ថកិច្ចធ្វើការបង្រ្កាបយ៉ាងណាក៏ដោយ។ តែនេះប្រហែលដោយសារតែសមត្ថកិច្ច «លត់ដំ» នៅស្ទើរ និងគ្រាន់តែអប់រំ អនុញ្ញាតឲ្យទៅផ្ទះវិញ ទើបបានជាពួកគេនៅតែព្រហើនបែបនេះ។
ជាក់ស្តែង អ្វីដែលគួរឲ្យរន្ធត់នោះ គឺក្មេងស្ទាវ២នាក់ ត្រូវបានប្រជាពលរដ្ឋអ្នកធ្វើដំណើរថតបាន បង្ហោះម៉ូតូភ្លាត់ស្នៀត ស្រាប់តែរ៉េចង្កូតទៅបុកប្រជាពលរដ្ឋម្នាក់ នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ នេះ នៅចំណុចផ្លូវ ២៤៥ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តែអ្វីដែលធ្វើឲ្យគ្រប់គ្នា មានការហួសចិត្តខ្លាំង គឺយុវជនម្នាក់ ក្នុងចំណោមគ្នីគ្នាម្នាក់ទៀត បែរជានិយាយដោះសារបែបនេះថា ម្តាយបានប្រើមកទិញអីហូប ហើយខ្លួន និងមិត្តភក្តិជាអ្នកបើក ក៏បានជិះម៉ូតូទៅរកទិញ លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជាប់លេខ២ ក៏ហោះតែម្តងទៅ។ យុវជនរូបនេះ ក៏បានបន្តនិយាយទាំងកុហកខ្លួនឯង បែបកំប្លែងស្ងួតថា ម៉ូតូខ្លួនភាគច្រើនគឺជាប់លេខតែចឹង ហើយបើមិនជឿ ឲ្យទៅសួរក្រុមមិត្តភក្តិខ្លួនដ៏ដឹងដែរ។
ក្រោយពីបានលឺបែបនេះ បងប្អូនអ្នកលេងបណ្តាញសង្គម ពិតជាមានការហួសចិត្ត និងនាំគ្នាដាក់ម្នាក់១ម៉ាត់ថា៖ «បានតែ២-៣កំផ្លៀងអី បានអត់ជាប់លេខ, គេថតបានបង្ហោះស្តែងៗប៉ុណ្ណឹងហើយ វាប្រកែកដោះសារថាជាប់លេខ, សួរគ្នាញុមទៅវាបែកដូចតែញុមដែរហ្នឹង, អើវាជាប់លេខហើយ គឺជាប់លេខ 8 »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង