ក្មេងប្រុស២នាក់បន្ថែមទៀត នៃក្លឹបបាល់ Mu Pa នៅល្ងាចថ្ងៃអង្គារ៍នេះ ត្រូវបាននាំចេញដោយសុវត្ថិភាព ពីរូងភ្នំ Tham Luang នៅក្នុងខេត្តឈៀងរ៉ៃ នៅក្នុងប្រតិបត្តិការសង្គ្រោះរយៈពេល ៣ ថ្ងៃ ដើម្បីនាំយកក្មេងប្រុស៤នាក់ និងគ្រូបង្វឹកម្នាក់របស់ពួកគេ សម្រាប់ថ្ងៃចុងក្រោយនេះ ។
ប្រធានប្រតិបត្តិការសង្គ្រោះ លោក Narongsak Osottanakorn និយាយថា អាជ្ញាធរសង្គ្រោះ រំពឹងថានឹងនាំយកសមាជិកក្រុមបាល់ទាត់ Mu Pa ទាំងអស់ ពីក្នុងរូងភ្នំ Tham Luang ឲ្យចប់នៅត្រឹមថ្ងៃនេះ ។
គួររម្លឹកថា ប្រតិបត្តិការនេះដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ បាននាំយក ៨ នាក់ ក្នុងចំណោមសមាជិក Mu Pa ទាំង១៣នាក់ ដែលបានជាប់គាំងក្នុងរូងនេះចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា ។
សម្រាប់ល្ងាចនេះ ក្មេងប្រុសទី៩ ត្រូវបាននាំចេញពីរូងនៅវេលាម៉ោងជាង ៤ ខណៈអ្នកទី១០ ប្រហែល ២០ នាទីក្រោយ ។
ពួកគេទទួលបានការត្រួតពិនិត្យសុខភាព នៅមន្ទីរពេទ្យវាលមួយ ដែលសង់នៅក្បែររូង មុនពេលរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់ឧទ្ធម្ភាគចក្រ ហោះឆ្ពោះទៅកាន់មន្ទីរពេទ្យ Prachanukroh ក្នុងខេត្តឈៀងរ៉ៃ ៕ ឧត្តម