លោក ម៉ៃ សុគន្ធ ឃើញថា នៅក្នុងមួយរដូវស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺល្បីល្បាញខ្លាំងណាស់ នោះក៏ព្រោះតែតារាកំពូលទើសរូបនេះ ត្រូវបានមហាជន ជាពិសេសពីសំណាក់យុវវ័យ ចាត់ទុកថា ជាមនុស្សកំពូលស៊យ កំពូលចង្រៃផុតលេខ ព្រោះតែម្នាក់ៗបានកត់សម្គាល់ឃើញថា បើ ម៉ៃ សុគន្ធ ធ្វើការស៊ែរផុស ឬ គាំទ្រ លើកទឹកចិត្ត ទៅលើក្រុមណាហើយ នោះលទ្ធផលបើមិនចាញ់ ក៏ស្នើដែរ។
ទន្ទឹមនឹងនោះផងដែរ លោក ម៉ៃ សុគន្ធ ក៏បានធ្វើឲ្យមហាជនខឹងសម្បារជាខ្លាំងផងដែរ ព្រោះតែម្នាក់ៗប្រាប់មិនស្តាប់ ថា កុំឲ្យស៊ែរ ឬ គាំទ្រទៀត ដោយឲ្យសុំផ្អាកមួយរយៈសិនទៅ ចាំផុតស៊ីហ្គេម ចាំធ្វើអីធ្វើទៅ។ ពិតណាស់ អ្វីដែលគ្រប់គ្នាបានកត់សម្គាល់នោះ គឺបន្ទាប់ពី ម៉ៃ សុគន្ធ ស៊ែរ ឬ លើកចិត្ត មិនបានប៉ុន្មានម៉ោង ក៏ស្រាប់តែក្រុមកីឡាករកម្ពុជាយើង «ចាញ់» តែម្តង។ ក្នុងនោះ ដូចជា ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ចាញ់ឥណ្ឌូនេស៊ី ក្នុងពិន្ទុ ១៥ ទល់ ២៥ ទទួលបានមេដាយប្រាក់ បន្ទាប់ពី ម៉ៃ សុគន្ធ បានចូលខមិនថា «ជ័យោ កម្ពុជា»។
ដោយឡែក សម្រាប់លទ្ធផល ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា «គោព្រៃ» ចាញ់ឥណ្ឌូនេស៊ី ទៀត ក្នុងពិន្ទុ ១ ទល់ ២ ក៏ ម៉ៃ សុគន្ធ បានចេញវីដេអូ និងរៀបរាប់បែបនេះថា៖ «សូមឲ្យកម្ពុជាឈ្នះៗ!, ល្ងាចម៉ោង7 នេះ គោព្រៃកម្ពុជា VS ឥណ្ឌូនេស៊ី ពូងោលផ្លូវក្នុងសូមជូនពរគោព្រៃកម្ពុជា ឈ្នះៗ កម្ពុជាពេញបេះដូង លោកតាៗ បើកម្ពុជាឈ្នះកូនចៅ សែនជ្រូកកណ្តុរអាំងមួយ និងមាន់១0»។
ក្រោយឃើញមហាជន នាំគ្នា Troll លេងសើចផង រីឯអ្នកខ្លះទៀត ក៏លេងមែនទែន ថាខ្លួនជាមនុស្សកំពូលចង្រៃ ជាមនុស្សនាំស៊យខ្លាំងពេក ថ្មីៗនេះ មហាបារមីផ្លូវក្នុង ម៉ៃ សុគន្ធ បានទៅឲ្យព្រះសង្ឃនៅវត្តសំរោងអណ្តែត ស្រោចទឹកចេញហើយ ដើម្បីឲ្យអស់គ្រោះ អស់ចង្រៃ ហេងៗ ចាប់ពីថ្ងៃនេះតទៅមុខ ឈប់ចង្រៃទៀត។
ទោះជាយ៉ាងណា ទន្ទឹមនឹង ម៉ៃ សុគន្ធ ស្រោចទឹក ហើយពោលពាក្យថា «សូមជម្រើសជាតិកម្ពុជាទាំងអស់ ទទួលជោគជ័យ មេដាយមាសច្រើនៗ» ក៏ស្រាប់តែ ក្រុមជម្រើសជាតិបាល់ទាត់ផ្នែកនារីកម្ពុជា ចាញ់វៀតណាម ដោយគេបានបញ្ជាក់ថា «១ម៉ោងមុនស្រោចទឹក ១ម៉ោងក្រោយ ៤-០»។
បន្ទាប់ពីបានទៅឲ្យលោកស្រោចទឹក ហើយនៅតែស៊យទៀត មហាជនជាហ្វេនៗ នាំគ្នាលេងសើចដាក់ឲ្យបែបនេះថា៖ «ស្រោចទឹក៧វត្តបានបាត់ចង្រៃពូងោល, កោតតែលោកបងហ៊ានទទួលស្រោចទឹកដែរ សង្ស័យឆ្លងចង្រៃដល់លោកទេមើលទៅ, ស្រោចប៉ុន្នឹងក៏ទប់មិនជាប់ដែរ ទាល់តែថែមឡានទឹក២ ៣ គ្រឿងទៀត ទើបបំណងប៉ងប្រាថ្នាអ្វីៗបានសម្រេច និងផុតចង្រៃ,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






