តើអ្នកនឹងធ្វើអ្វីដើម្បីផ្គត់ផ្គង់គ្រួសាររបស់អ្នក ក្នុងគ្រាលំបាក? សម្រាប់ក្មេងស្រីអាយុ ១៣ ឆ្នាំ និងប្អូនប្រុសរបស់នាងអាយុ ៥ ឆ្នាំ នៅក្នុងប្រទេសចិន ដែលដើរលក់ការ៉េម (Ice Lolly) ដើម្បីជួយម្តាយរបស់ពួកគេដែលកើតជំងឺស្វិតដៃជើង បានកំពុងទទួលការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ពីសហគមន៍អនឡាញ។
រឿងដ៏គួរឱ្យកក់ក្ដៅនេះ បានទាក់ចិត្តមនុស្សជាច្រើននៅលើបណ្ដាញសង្គមក្នុងប្រទេសចិន ព្រោះថា បើទោះជាកាយវិការតូចមួយ ប៉ុន្តែ វាជាសក្ខីភាពមួយ បង្ហាញពីថាមពលនៃភាពធន់ និងការតាំងចិត្ត។ ហើយវាក៏ជាសក្ខីភាពមួយ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេ ក្នុងការជួយគ្រួសាររបស់ពួកគេផងដែរ។
នេះបើតាមបណ្តាញផ្សព្វផ្សាយចិន douyin បានរាយការណ៍ឲ្យដឹងថា ការធ្វើដំណើររបស់ពួកគេ ទៅកាន់ភាពជោគជ័យ មិនមែនជាការងាយស្រួលនោះទេ។ ពួកគេបានជិះកង់ចម្ងាយ ៣ គីឡូម៉ែត្រ ទៅកាន់កន្លែងទេសចរណ៍មួយ ដើម្បីលក់ការ៉េម ក្នុងអំឡុងថ្ងៃឈប់សម្រាក នៃខែឧសភា នេះ។ ទោះបីជាប្រាក់ចំណេញទាបតិចជាង ១ យន់ ក្នុងមួយដើមក៏ដោយ ក៏ពួកគេអាចលក់ការ៉េមបានជាង 1,000 ដើម ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ។
ម្ដាយដែលទទួលបានការគាំទ្រពីកូនៗ បាននិយាយថា កូនប្រុសស្រីតូចៗរបស់នាង បានជួយធ្វើកិច្ចការងារនៅជុំវិញផ្ទះ តាំងពីតូចម្ល៉េះ។
ទោះជាយ៉ាងណា រឿងនេះគឺជាការរំលឹកថា យើងទាំងអស់គ្នាអាចធ្វើជាចំណែក ដើម្បីជួយអ្នកជុំវិញខ្លួនយើង។ មិនថាជាការលក់ដុំការ៉េម ការស្ម័គ្រចិត្តនៅអង្គការសប្បុរសធម៌ក្នុងតំបន់ ឬគ្រាន់តែផ្តល់ពាក្យសប្បុរសដល់នរណាម្នាក់ដែលត្រូវការជំនួយនោះទេ គឺយើងទាំងអស់គ្នាមានអំណាចក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរទុក្ខលំបាក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង