បច្ចុប្បន្ននេះ សកម្មភាពអំពើចោរកម្ម ជាពិសេសចោរឆក់ គឺតែងតែកើតមានឡើងស្ទើរជារៀងរាល់ថ្ងៃ ពីសំណាក់ក្រុមចោរជាស្ទាវៗតែម្តង ដោយពួកវាធ្វើសកម្មភាពទាំងនៅកន្លែងស្ងាត់ និងសូម្បីលើដងផ្លូវសាធារណៈ គ្មានខ្លាចញញើតសោះឡើយ។
ជាក់ស្តែង កាលពីវេលាម៉ោង ៥ និង ២៥ នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ប្តីប្រពន្ធជនជាតិឥណ្ឌា ខណៈកំពុងដើរហាត់ប្រាណ២នាក់ប្តីប្រពន្ធ ត្រូវបានចោរស្ទាវដៃឆៅម្នាក់ បានជិះម៉ូតូ Scoopy ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1KB-0542 ធ្វើសកម្មភាពដណ្តើមឆក់ពីដៃ យកទៅដោយសុវត្តិភាព។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញប្តីប្រពន្ធជនជាតិឥណ្ឌានោះ កំពុងដើរហាត់ប្រាណនៅផ្លូវលេខ400 ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ខណៈពេលនោះ ចោរម្នាក់ជិះម៉ូតូ Scoopy ឆ្លងកាត់ ឃើញបុរសជាប្តីដើរបណ្តើរ ចុចទូរស័ព្ទបណ្តើរ ឃើញឱកាសល្អបែបនេះ ចោរនោះក៏បានបកម៉ូតូត្រឡប់ក្រោយ ជិះចូលទៅកៀក រួចធ្វើសកម្មភាពចាប់ដណ្តើមទូរស័ព្ទពីដៃ ជិះគេចខ្លួនបាត់ស្រមោលតែម្តង ខណៈប្តីប្រពន្ធនោះបានត្រឹមរត់ដេញតាមស្រែកឆោឡោតែពីរនាក់ប៉ុណ្ណោះ។
បើតាមបុរសខ្មែរម្នាក់ត្រូវជាមិត្តភក្តិ បានប្រាប់ CEN ឲ្យដឹងថា ទូរស័ព្ទដែលបាត់បង់នោះ ម៉ាក iphone 14pro គឺមានឯកសារសំខាន់ៗជាច្រើន។ គាត់ក៏បានប្រាប់ថា ពួកគាត់បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចរួចហើយ ជាមួយជាវីដេអូ សកម្មភាពចោរឆក់ទូរស័ព្ទ មានទាំងស្លាកលេខ និងភិនភាគចោរទៀតផង ប៉ុន្តែ រហូតមកទល់ពេលនេះ ស្ងាត់សូន្យឈឹង ដោយមិនដឹងថា សមត្ថកិច្ចបានជួយធ្វើការស្រាវជ្រាវ ឬក៏ទុកចោលនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



