Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ជម្រុញ​ការកែសម្រួល​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​អោយបាន​ល្អ​

ភ្នំពេញ​៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា បាន ជម្រុញ​លើ​ការកែសម្រួល​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​អោយបាន​ល្អ ហើយ​លោក​គ្រោង​នឹង​លើក​ស្ត្រីភេទ ធ្វើជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​អោយបាន​ច្រើន ខណៈ​មក​ដល់ពេលនេះ​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​មាន​ចំនួន​ត្រឹមតែ​៣​នាក់​ប៉ុណ្ណោះ​។​
​លោក វង សូ​ត បាន​លើកឡើង​បែប​នេះ​ក្នុង ពិធី​ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញា​គឺ​លោក​ស្រីមុំ ចាន់​ដា​នី ជំនួស​លោក​សន សុផល សម្រួល​ទៅកាន់​ភារកិច្ច​ថ្មី​កាលពី​រសៀល​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​កន្លងមកនេះ​អង្គការ​សង្គម​ស៊ីវិល តែង​វាយប្រហារ​យ៉ាងខ្លាំង​ចំពោះ​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ដោយ​គេ​ចោទ​យើង​ថា គ្រប់គ្រង​មិន​បាន​ល្អ មាន​បញ្ហា​ច្រើន។ ​ដូច្នេះ​ទេ​លោក​​ជម្រុញ​អោយ​ប្រធាន​មន្ទីរ​ថ្មី​ត្រូវ​យកចិត្តទុកដាក់​និង​កែសម្រួល​អោយបាន​ល្អ​ជាង​មុន​។ វា​ជា​រឿង​មិន​ធម្មតា​ពេក​ទេ​ចំពោះ​ការគ្រប់គ្រង​មនុស្ស​បាត់បង់​សតិ​នោះ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ត្រូវតែ​ខិតខំ ពិសេស​ត្រូវ​សហការ​អោយបាន​ល្អ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុងការ​ដើរ​ប្រមូល​ជន​អាណា​ថា នៅតាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ។​បើ​ទុកអោយ​ពួកគាត់​ដើរ​ពាសវាល​ពាសកាល វា​មិន​ល្អ​ភ្នែក​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​នោះ​ទេ ហើយ​វា​ក៏​ធ្វើអោយ​រាជធានី​ភ្នំពេញ​យើង​បាត់បង់​សណ្តាប់ធ្នាប់​និង​សោ​ភណ្ឌ​ភាព​ផងដែរ ។​ដូច្នេះ​ទេ​យើង​ត្រូវ​រួមគ្នា​ធ្វើ​កិច្ចការងារ​នេះ​បានល្អ​”​។​

​លោក​វង សូ​ត បាន​មានប្រសាសន៍​បន្ត​ថា នរណា​ម្នាក់​ក៏​រត់​មិន​រួច​ពី​សង្គមកិច្ច​ដែរ មានន័យ​ថា កាល​បើ​ចូល​និវត្តន៍​ហើយ គឺ​ពួកគាត់​ចូល​ច្រក​ក្រោម​ក្រសួង​សង្គមកិច្ច និង​បើក​លុយ​ពី​សង្គមកិច្ច​ហើយ ។​ដូច្នេះ​ក្នុង​នាម​យើង​ជា​មន្ត្រី​ដែល​បំរើ​លើ​ការងារ​នេះ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ពួក​គាត់ ដោយហេតុ​ថា នេះ​ជា​ជីវិតចុងក្រោយ​របស់​ពួកគាត់​ជា​មន្ត្រីរាជការ​ហើយ​។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ពី​គម្រោង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ផងដែរ​ថា ចំពោះ​ទិសដៅ​ខាងមុខ ក្រសួង​នឹង​ជ្រើសរើស​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា ជា​ស្ត្រី​អោយបាន​ច្រើន ៕ ដោយ​៖​កូឡាប​

 

×