Friday, March 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋភិបាលកម្ពុជា ដាក់ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦

ភ្នំពេញ ៖ ឆ្នាំ២០២៥កន្លងទៅ និន្នាការនៃឧក្រិដ្ឋកម្មគ្រឿងញៀនជាសកល នៅតែបន្តប្រែប្រួលស្មុគស្មាញ និង មានកំណើនគួរឱ្យបារម្ភ ជាពិសេសការប្រែប្រួលទាំងរូបភាពនិងសកម្មភាពនៃការផលិត ការកែច្នៃ ការជួញដូរ ច្រកដឹកជញ្ជូនឆ្លងកាត់ និងការពង្រីកភូមិសាស្ត្រនៃការប្រើប្រាស់។

ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវជាសកល និងការសន្និដ្ឋានវាយតម្លៃលើលទ្ធផលនៃកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន បានឆ្លុះបញ្ចាំងឃើញថា ឥទ្ធិពលគំរាមកំហែងនៃបទឧក្រិដ្ឋគ្រឿងញៀន មិនត្រឹមត មិនមានសញ្ញាថមថយប៉ុណ្ណោះទេ គឺថែមទាំងបន្តរីករាលដាលកាន់តែធំ កាន់តែគ្រោះថ្នាក់ ពិបាកទប់ទល់ ដែលក្នុងនោះ ពួកឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិ បានផ្លាស់ប្តូរវិធីសាស្ត្រថ្មីៗ ក្នុងការពង្រឹងបណ្ដាញទំនាក់ទំនង ធ្វើសកម្មភាពប្រទាក់ក្រឡា ដើម្បីផលិត កែច្នៃ ដឹកជញ្ជូន ជួញដូរកាន់តែសកម្ម ជាពិសេសការផ្លាស់ប្តូរវិធីសាស្ត ក្នុងការផលិត កែច្នៃសារធាតុញៀនប្រភេទថ្មីៗបន្ថែមទៀត ដោយប្រើប្រាស់សារធាតុគីមីផ្សំ សំយោគតាមបែប បច្ចេកវិទ្យាទំនើប ដែលបានបង្កើតនូវស្ថានភាពប្រឈម ប្រកបដោយហានិភ័យកាន់តែខ្លាំង និងកំពុងតែធ្វើឱ្យ សហគមន៍អន្តរជាតិចាប់អារម្មណ៍ និងខិតខំខ្នះខ្នែងប្រមូលផ្តុំនូវយុទ្ធសាស្ត្រ ដើម្បីរួមគ្នាដោះស្រាយវិញ្ញាសា ដ៏គ្រោះថ្នាក់នេះ សំដៅរក្សាស្ថិរភាពសន្តិសុខ សុវត្ថិភាព សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍសង្គមជាសកល។

ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅរងគ្រោះក្រោមឥទ្ធិពលអវិជ្ជមាននៃឧក្រិដ្ឋកម្មដែលមាន លក្ខណៈជាសកលនេះនៅឡើយ ដោយត្រូវប្រឈមមុខដោះស្រាយនូវឧបសគ្គដ៏គ្រោះថ្នាក់ដែលមានលក្ខណៈ រ៉ាំរ៉ៃយូរអង្វែងនេះ ក៏ដូចជាដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យប្រកបដោយសុច្ឆន្ទៈ ការពារសុខុមាលភាព ប្រជាពលរដ្ឋ ការពារលើកស្ទួយមូលធនមនុស្ស ធានាស្ថិរភាពសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍសង្គមជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាបន្តបន្ទាប់ ដែលគិតត្រឹមឆ្នាំ២០២៥កន្លងទៅ មានចំនួន ១០លើករួចមកហើយ ក្នុងគោលបំណងជំរុញ កៀរគរឱ្យមាន ការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រមូលផ្ដុំ កម្លាំងសរុប វិធានការសរុប បង្កើតឱ្យបាននូវចលនាជាតិរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ឆ្លងកាត់បទពិសោធក្នុងការអនុវត្តផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន ១០លើកកន្លងទៅ (២០១៧-២០២៥) ពិនិត្យឃើញថា ជាជំហានៗផែនការយុទ្ធនាការនេះ បានក្លាយជា ផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជា សម្រេចនូវក្តីសង្ឃឹម «កម្ពុជាគ្មានគ្រឿងញៀននាអនាគត»។

ផែនការដែលមានលក្ខណៈជាយុទ្ធសាស្ត្រនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចាត់តាំងអនុវត្តតាមតួនាទីនិងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងសកម្ម និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ សម្រេចបានកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ (១) ជំរុញការផ្សព្វផ្សាយ អប់រំយ៉ាងផុលផុស តាមគ្រប់មធ្យោបាយ គ្រប់រូបភាព និងដល់ទីកន្លែងសរុបចំនួន ២០៨ ៣១៨ លើក ដែល មានអ្នកចូលរួមនិងទទួលសារអប់រំក្នុងម្នាក់អាចទទួលសារអប់រំលើសពីម្តង (តួលេខបូកយោងសរុបចំនួន ២៣ ៣០១ ៤៤២ អង្គ/នាក់) ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រើប្រាស់យុទ្ធវិធីនៃការអប់រំ ផ្សព្វផ្សាយតាមបែបទាន់សម័យ តាមប្រព័ន្ធឌីជីថល និងបានកៀរគរ វិស័យឯកជន សមាគម សិល្បៈ កីឡា និង អង្គការនានា ក្នុងការចូលរួមជាជនបង្គោលក្នុងការងារផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងរៀបចំ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥» យ៉ាងអធិកអធម ប្រកបដោយខ្លឹមសារអត្ថន័យ និងបរិយាបន្ន (២) តាមរយៈការអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ ទីតាំងអាជីវកម្មសរុបចំនួន ១២ កន្លែង ត្រូវបានបិទ (៣) បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ១០ ៧៤៣ ករណី ដោយឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ២៧ ៨៨៤ នាក់ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ប្រមាណ ៥ ៨៩៧ គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៤២ ៨១៤ គីឡូក្រាម (៤) បានបញ្ចូនអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាល និងស្តារនីតិសម្បទាសរុបចំនួន ១៦ ២១៦ នាក់ បានធ្វើសមាហរណកម្មចូលក្នុងគ្រួសារនិងសហគមន៍វិញ សរុបចំនួន ១០ ៦៤០ នាក់។

លើសពីនេះទៀត គ្រប់ក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចូលរួមអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានធ្វើតេស្តមន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធសរុបចំនួន ១៣១ ៤៧៣ នាក់ រកឃើញវិជ្ជមានចំនួន ១០៤ នាក់ បានរៀបចំបែបបទបញ្ចប់មុខតំណែង បណ្ដេញចេញពីក្របខ័ណ្ឌចំនួន ១០៣ នាក់ និងកំពុងបន្តនីតិវិធីចំនួន ១ នាក់ ដែលនេះគឺជាការឆ្លើយតបទៅនឹង គោលការណ៍សម្អាតផ្ទះយើង និងសម្អាតចកចេញពីផ្ទៃបឹង របស់ប្រមុខរាជរដ្ឋាភិបាលសំដៅជំរុញអភិបាលកិច្ច ភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់។
ទោះបីជាប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ទទួលបានលទ្ធផលជា វិជ្ជមានដូចបានរៀបរាប់ខាងលើនោះក្តី ប៉ុន្តែស្ថិតក្នុងរបត់នៃនិន្នាការជាសកល កម្ពុជានៅតែប្រឈមយ៉ាង ស្រួចស្រាល់ទៅនឹងបញ្ហាស្មុគស្មាញថ្មីៗមួយចំនួន ដែលជាការប្រែប្រួលប្រកបដោយកលល្បិចនៃក្រុមឧក្រិដ្ឋជន អន្តរជាតិ ទាំងរូបភាពនិងសកម្មភាព នៃការផលិតនិងកែច្នៃដោយបន្តយកសារធាតុគីមីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម យកមកសំយោគជាសារធាតុញៀនប្រភេទថ្មីៗ ដោយប្រើប្រាស់វិធីសាស្ត្រផលិតប្លែកៗតាមគោលដៅ ងាយបំភាន់សមត្ថកិច្ច ការផ្លាស់ប្ដូរច្រក និងផ្លូវចរាចរ រួមទាំងរូបភាពនៃការនាំចូលឆ្លងកាត់ ការកែច្នៃផលិតជាដើម។ ក្តីបារម្ភដែលជាបញ្ហាប្រឈមរ៉ាំរ៉ៃនិងកំពុងបង្កហានិភ័យដល់សង្គមជាតិនោះគឺ ការប្រើប្រាស់គ្រឿងញៀននៅ តាមសហគមន៍នៅតែបន្តកើតមាននៅឡើយ និងកំពុងតែទាមទារឱ្យចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា។

ដោយពិនិត្យឃើញថា មហន្តរាយដែលបណ្ដាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាល
ទាំងនៅក្នុងតំបន់និងលើពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្ត ដាក់ចេញនូវ ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ ឆ្នាំ២០២៦ ក្នុងគោលដៅ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃគ្រឿងញៀន ព្រមទាំងកសាង សង្គមដែលមានសុខុមាលភាពនិងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងការពារកិត្តិយស កិត្យានុភាពជាតិ
ដោយបានកំណត់នូវគោលការណ៍ និងវិធានការសំខាន់ៗដូចខាងក្រោម៖

  • បន្តពង្រឹង និងជំរុញ ចលនាជាតិ និងស្មារតីរួមទូទាំងប្រទេស ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀន គឺជា បញ្ហារួមដែលត្រូវគ្រប់វិស័យ គ្រប់តួអង្គ និងគ្រប់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមដោះស្រាយទាំងអស់គ្ន ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គា្ន ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ក្នុងគោលបំណងធ្វើ យ៉ាងណា កាត់ផ្តាច់ឫសគល់នៃគ្រឿងញៀនចេញពីសង្គមកម្ពុជា រារាំងទប់ស្កាត់ការវិវត្តវិលត្រឡប់នៃបញ្ហាគ្រឿងញៀន និងបញ្ចៀសប្រទេសកម្ពុជាឱ្យចាកចេញផុតពីគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យឥទ្ធិពល ដ៏សាហាវនៃគ្រឿងញៀន ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ ដើម្បីឆ្លើយតបទៅនឹងការប្តេជាចិត្តរបស់កម្ពុជា គឺការកសាង សង្គមមួយដែលបញ្ហាគ្រឿងញៀន លែងជាឧបសគ្គរារាំងដល់ការអភិវឌ្ឍសង្គមជាតិ
  • ពង្រឹងការអនុវត្តទិសដៅអាទិភាពការងារទាំង៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឱ្យបានសកម្មផុសផុល និងក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយរួមមាន (១) ការងារផ្សព្វផ្សាយអប់រំ (២) ការងារអនុវត្តច្បាប់ (៣) ការងារព្យាបាលនិងស្តារនីតិសម្បទា (៤) ការងារគ្រប់គ្រងសារធាតុញៀននិងសារធាតុគីមីផ្សំ និង (៥) ការងារពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
  • បន្តជំរុញអភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់របស់មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ តាមរយៈការបន្តអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍ «សម្អាតផ្ទះយើង» និង គោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង និង . រក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ»
  • ជំរុញលើកទឹកចិត្តពលរដ្ឋក្នុងសហគមន៍ទាំងអស់ តភ្ជាប់ជាស្ពានជាមួយសមត្ថកិច្ចក្នុងការសហការ យកគ្រឿងញៀនចញពីសហគមន៍ តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងប្រព័ន្ធទូរស័ព្ទ Hotline ដើម្បីរាយការណ៍ពីករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋាន ព្រមទាំងពង្រឹងយន្តការឆ្លើយតបរបស់សមត្ថកិច្ចមូលដ្ឋានគ្រប់ថ្នាក់ឱ្យទាន់ពេលនិងមានប្រសិទ្ធភាព នៅពេលមានពលរដ្ឋរាយការណ៍
  • បន្តយុទ្ធនាការបោសសម្អាត កាត់ផ្តាច់បណ្តាញ បង្ក្រាបឱ្យដល់ឫសគល់ និងចាត់វិធានការច្បាប់ដោយ គ្មានបន្ធូរបន្ថយចំពោះរាល់បទល្មើសគ្រឿងញៀន ស្របតាមទិសស្លោក «៣កុំ ១រាយការណ៍៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍» សំដៅជំរុញប្រសិទ្ធភាពគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការស្រាវជ្រាវបទល្មើសសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីកាត់ផ្តាច់ចរន្តហិរញ្ញវត្ថុផ្គត់ផ្គង់ដល់សកម្មភាពរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×