ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំគណៈប្រតិភូអន្តរ ស្ថាប័នកម្ពុជា ចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្ម សិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូកម្ពុជានឹងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធចំនួន២៩ ដែលរួមមាន ប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសទទួលបន្ទុកវិស័យសិទ្ធិនានា ដើម្បីបង្ហាញពីស្ថានភាពពិតជាក់ស្តែង នៃព្រំដែនកម្ពុជា-ថៃ ដែលប៉ះពាល់ដល់សិទ្ធិមនុស្ស។
បន្ថែមលើនេះ បេសកកម្មនេះ ក៏ឆ្លុះបញ្ចាំងពីជំហរឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាព តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍មិនប្រើកម្លាំងអាវុធ តាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



