សមត្ថកិច្ចហៅឈប់ព្រោះតែមានការសង្ស័យ ជារឿងមួយវាមិនជាការខុសទាស់ធ្ងន់ធ្ងរអ្វីនោះទេ បើយើងមិនប្រព្រឹត្តអ្វីខុសនោះ ប៉ុន្តែ សព្វថ្ងៃនេះ ប្រជាពលរដ្ឋពិតជាមានការភ័យខ្លាចជាខ្លាំង ព្រោះលែងសូវទុកចិត្តលើសមត្ថកិច្ច ខណៈជារឿយៗតែងតែឮ តែងតែឃើញរូបភាពដែលសមត្ថកិច្ច ទៅចាប់ប្រជាពលរដ្ឋទាំងគ្មានដីការ ដល់ប្រជារាស្រ្តផ្ទុះការតវ៉ា បែរលើកហេតុផលថាចាប់ច្រឡំ នេះជាមូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ជាងជួបចោរទៅទៀត។
ដោយឡែក រឿងរ៉ាវថ្មីមួយនេះ បានកំពុងបង្កការវែកញែក ខណៈមហាជនបានរិះគន់ទៅលើសមត្ថកិច្ចល្បាតពេលយប់មួយក្រុម បន្ទាប់ពីបានប្រដេញតាមឃាត់ និងធាក់បុរសម្នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន បណ្តាលឲ្យដួលម៉ូតូរងរបួស ដោយសារតែបុរសនោះមិនឈប់សហការ និងបន្តបង្កើនល្បឿនម៉ូតូ ព្រោះតែគាត់ភ័យខ្លាចសមត្ថកិច្ចខ្លាំងពេក ខណៈទើបចេញពីផឹកស៊ីជាមួយមិត្តភក្តិ ជាពិសេសគឺខ្លាចសមត្ថកិច្ចធ្វើស៊ីតែម្តង។
បុរសរូបនោះ បានប្រាប់ឲ្យដឹងថា ខណៈរូបគាត់ជិះម៉ូតូចាកចេញពីកន្លែងផឹកស៊ីជាមួយមិត្តភក្តិ នៅម្តុំសួនវឌ្ឍនៈ (ផ្លូវេងស្រេង) ស្រាប់តែសមត្ថកិច្ច ប្រដេញតាមតែម្តង។ បុរសរងគ្រោះព្រោះតែភ័យសមត្ថកិច្ច បានបន្តថា ខណៈពេលនោះ គាត់ក៏បានសួរនាំទៅសមត្ថកិច្ចទាំងនោះថា តើគាត់ខុសអ្វី? តើដេញចាប់ហ្នឹង ចង់មានន័យម៉េច បើគាត់មិនខុសផងហ្នឹង ចុះបើសមត្ថកិច្ចមិនត្រឹមត្រូវ មានបំណងធ្វើស៊ី យកគ្រឿងញៀនញ៉ុកមិនចប់ហើយ។
ដោយសារតែបុរសនោះ មិនព្រមឈប់ សមត្ថកិច្ចក៏បានធាក់ផ្តួលម៉ូតូ បណ្តាលឲ្យរងរបួសកែងដៃ និងជើង តែម្តង។ ទាក់ទងរឿងធាក់ផ្តួលនេះ គឺដំបូងឡើយ ខណៈបុរសនោះបានប្រកែកតវ៉ាថា ត្រូវបានធាក់ផ្តួល សមត្ថកិច្ចម្នាក់ បាននិយាយថា អើបើអ្ហែងមិនឈប់ធើអី!!។ ប៉ុន្តែ អ្វីដែលហួសចិត្តនោះ គឺនៅពេលអ្នកសារព័ត៌មានសួរនាំ ស្រាប់តែនិយាយបែបមានក្រមសីលធម៌ថា «មិនបានប្រើធាក់ទេ ដោយបានហៅគាត់ឲ្យឈប់ត្រឹមត្រូវ ប៉ុន្តែ គាត់មិនឈប់ បន្តជិះលឿន ហើយភ័យចាប់ហ្វ្រាំងម៉ូតូដួលខ្លួនឯងប៉ុណ្ណោះ»។
ទោះជាយ៉ាងណា ជាមួយទង្វើដ៏មិនសមរម្យនេះ មហាជនបានផ្ទុះការរិះគន់ និងចែករំលែកឲ្យដឹងថា៖ «អាងតែខ្លួនសមត្ថកិច្ច ដើរតែហៅគេឲ្យឈប់តាមតែចិត្តចឹងមែន!?, ករណីជនរងគ្រោះ សមត្ថកិច្ចហៅមិនព្រមឈប់ មកពីគាត់អស់ជំនឿ ទោះបីមានពាក់ឯកសណ្ឋានក៏ដោយ សូមកុំអោយយល់ច្រលំថា គាត់ជិះគេចគោលដៅត្រួតពិតនិត្យណា! ឯករណីប៉ូលីសប្រើហឹង្សាលើពលរដ្ឋ បង្កគ្រោះថ្នាក់ដល់ពលរដ្ឋដោយចេតនា ជារឿងមិនត្រឹមត្រូវទេ ពេលយប់គ្រាន់តែជិះម៉ូតូលឿន មានអីខុស? រថយន្តទំនើបជិះលឿន មានបានសង្ស័យគេអត់ហ្នឹង?, ធ្លាប់ជួបហើយដេញតាមឱ្យខ្ញុំឈប់ ពេលខ្ញុំឈប់កន្លែងភ្លឺ អត់ឆែកទេ ជិះទៅបាត់អស់ មិនមែនខ្ញុំឆ្លាតទេ តែខ្ញុំខ្លាចសមត្ថកិច្ចជាងខ្លាចចោរទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





