Friday, May 31, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រំដែន​ម្នាក់ ដែល​កំហែង​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​តាម​ទូរស័ព្ទ ត្រូវ​ចាប់ខ្លួន​

spot_img

​ព្រះវិហារ ​៖ មន្ត្រីនគរបាល​ព្រំដែន​គោក​លេខ​៧៩៣​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កំហែង​ទារប្រាក់​តាម​ទូរស័ព្ទ ពី​ជនរងគ្រោះ​៣​នាក់ នៅ​ខេត្ត​ព្រះវិហារ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ឃាត់ខ្លួន និង​បាន​បញ្ជូន​ទៅ​សាលា ដំបូង​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨​ថា ពិតជា​មាន​ការឃាត់ខ្លួន​មន្ត្រីនគរបាល​ព្រំដែន គោក​លេខ​៧៩៣​មែន ពោល​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ថា មាន​ករណី​កំហែង​ទារប្រាក់​ពី​រូប​គាត់​តាមរយៈ​ទូរស័ព្ទ​។ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំង​នគរបាល​នាយកដ្ឋាន​ការពារ​ព្រំដែន​គោក និង​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ទើប​ឈាន​ដល់​ការឃាត់ខ្លួន​បាន ជនសង្ស័យ​រូបនេះ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨​។ ជនសង្ស័យ​ឈ្មោះ អៀ ហុក​លីម ហៅ​ណេង អាយុ​៣៩​ឆ្នាំ ជា​មន្ត្រី​នគរបាល​វរ​ការពារ​ព្រះ​ដែន​គោក លេខ​៧៩៣ មាន​ទីលំនៅ​ភូមិ​ចាត់តាំង ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ អៀ ហុក​លីម បាន​ប្រាប់​សមត្ថកិច្ច​ថា បាន​គំរាម​លើក​ទី​១ នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​១៖១៧​នាទី ដោយ​បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ​ឡេង តូ​ន ភេទ​ប្រុស រស់នៅ​ភូមិ​ដង​ផ្លិត ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដោយ​បន្លំ​ឈ្មោះ លឹ​ង ជា មេ​ចោរប្លន់ ទើប​ចេញពី​គុក ហើយ​គំរាម​ទារប្រាក់​ចំនួន​១.០០០​ដុល្លារ ប៉ុន្តែ​ជនរងគ្រោះ​ប្រាប់ថា គ្មាន​លុយ​ទេ ចាំ​២ ឬ​៣​ថ្ងៃ​ទៀត​។ ក្រោយមក ជនសង្ស័យ​បាន​ទូរស័ព្ទ​គំរាម​ម្តងទៀត ដោយ​គំរាម​សម្លាប់​រូបគេ និង​គ្រួសារ​ទាំងអស់ ហើយ​ឲ្យ​រក​មេក្រូ​ធ្វើ បុណ្យ​ទៅ​។ គំរាម​លើក​ទី​២ នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​រសៀល ជនសង្ស័យ​បាន​ទូរស័ព្ទ​កំហែង​ទារប្រាក់ ពី​អ្នក  ទិញ​ឈើ​ម្នាក់ទៀត នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដោយ​បន្លំ​ថា ខ្លួន​ជា​មេព្រៃ​ខេត្ត ហើយ​ទារ​ប្រាក់​ក្នុង​១​ខែ ៥០០​ដុល្លារ តែ​ជនរងគ្រោះ​ប្រាប់​វិញ​ថា គ្មាន​លុយ​ទេ ដោយសារ​ទិញ​ឈើ​អស់ហើយ និង​ឲ្យទៅ​សុំ​ឈ្មោះ​អេង ម្នាក់​ទៀត​ទៅ ព្រោះ​គាត់​ទិញ​ឈើ​ច្រើន​។ ពេល​នោះ​ជនសង្ស័យ បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ អេង ទៀត ដោយ​បន្លំ​ជា​ព្រះរាជអាជ្ញារង​ខេត្ត​ព្រះវិហារ ហើយ​កំហែង​ទារប្រាក់​៥០០​ដុល្លារ ពេលនោះ​ជនរងគ្រោះ​អង្វរ​សុំ​ឲ្យតែ​១០០​ដុល្លារ ដោយ​ចាំ​ផ្តល់ឲ្យ​តាម​ក្រោយ​។​

​ដោយ​ផ្អែក​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​ក្រោយ​ពី​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត តាម​ការប្រមូល​វត្ថុតាង ដែល​ចាប់​យក​បាន​នោះ ទើប​ធ្វើការ​សន្និដ្ឋាន​ថា ជនសង្ស័យ​ខាងលើ ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព ល្មើស​ពី​បទ​កំហែង​ទារប្រាក់​ពិតប្រាកដ​មែន ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×