កណ្តាល ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភរិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានជំរុញដល់រដ្ឋបាលខេត្តកណ្តាល ធ្វើយ៉ាងណាត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋ ដើម្បីឱ្យពួកគាត់មានទំនុកចិត្តកាន់តែខ្ពស់មកលើអាជ្ញាធរខេត្ត ក៍ដូចជារាជរដ្ឋាភិបាល។
ការលើកឡើងខាលើ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤៨ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្រោមគណៈអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលនិងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត។

ក្នុងនាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់ ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋតាមរយៈពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលបានប្ដឹងតាមប្រអប់សំបុត្រ របស់ការិយាល័យប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល ដែលពាក្យបណ្ដឹងទាំងនោះ ភាគច្រើនផ្ដោតទៅលើការផ្ដល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាន។

ទោះយ៉ាងនេះក្តីឯកឧត្ដមបណ្ឌិត បានធ្វើការកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំក្នុងការបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួននាពេលកន្លងមកបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ ទន្ទឹមនឹងនេះ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក៍បានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយបានយ៉ាងល្អប្រសើរនៅទូទាំងខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍ខែមេសា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្ដាល ការិយាល័យប្រជាពលរដ្ឋបានទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗ ចំនួន១៩ករណីនិង បានសម្រុះសម្រួលដោះស្រាយបញ្ចប់ចំនួន០៩ករណី និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច០៣ករណី និងការផ្ដល់ព័ត៌មានត្រឡប់តាមរយៈសារ អេឡិចត្រូនិក ចំនួន០៩ករណីផងដែរ៕



















