ជាការកត់សម្គាល់ គឺចាប់តាំងពីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឃើញថាអ្វីៗបានដំណើរយ៉ាងរលូន ដោយគ្រាន់តែនៅលើបណ្តាញសង្គម មានការផ្លែផ្កាសំដីដាក់គ្នារវាងអ្នកគាំទ្រប៉ុណ្ណោះ។ តែអ្វីដេលហួសចិត្តខ្លាំងបំផុតនោះ គឺកាលពីយប់មិញនេះ ដែលជាថ្ងៃចុងក្រោយ នៃការបញ្ចប់ស៊ីហ្គេម បែរជាកើត «សង្គ្រាមបាល់ទាត់» រវាងក្រុមឥណ្ឌូណេស៊ី និងថៃ វ៉ៃគ្នាផ្អើលពេញស្តាតតែម្តង ដែលបង្កឡើងដោយក្រុមថៃ ព្រោះតែខឹងលទ្ធផលចាញ់។
ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើង គឺនៅចុងម៉ោង បន្ទាប់ពីកីឡាករលេខ១៧ របស់ឥណ្ឌូណេស៊ីស៊ុតចូលគ្រាប់ទីបី ដែលនាំឱ្យលទ្ធផលនាំមុខ ៣-២ ស្រាប់តែកើតមានរឿងចម្រូងចម្រាស់ខ្លាំង រហូតវាយប្រតប់គ្នា ទាំងកីឡាករ និងក្រុមគ្រូបង្វឹក នៅក្រៅទីលាន បង្កភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ គ្មានកោតក្រែងម្ចាស់ផ្ទះសោះឡើយ។
ទន្ទឹមនឹងនោះផងដែរ កីឡាករឥណ្ឌូណេស៊ី និងអ្នកចាំទីថៃ ក៏ត្រូវបានដឹងថា ទទួលបានកាតក្រហមម្នាក់មួយ និងត្រូវបានដកចេញពីទីលាន រួមជាមួយនឹងក្រុមការងារគ្រូបង្វឹកផងដែរ។ លើសពីនេះ ក្រុមកីឡាករថៃ ក៏ត្រូវបានដឹងថា ទទួលបានកាតលឿងច្រើនទៀតផង។
ទោះជាយ៉ាងណា លទ្ធផលចុងក្រោយ ឥណ្ឌូនេស៊ី ទទួលបានមេដាយមាស ដោយយកឈ្នះថៃ ក្នុងលទ្ធផល ៥ ទល់នឹង ២ នាយប់ចុងក្រោយស៊ីហ្គេម ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




