ថ្មីៗនេះ សមត្ថកិច្ចថៃ TCSD បានធ្វើការរឹបអូស «ប្រដាប់បម្រើផ្លូវភេទ» ដែលត្រូវបានគេអះអាងថា សុទ្ធសឹងជា «ផលិតផល» ជប៉ុន និងចិន ជាងមួយពាន់មុខ ដែលមានតម្លៃរាប់លានបាត និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួន ៣ នាក់ ផងដែរ។
សមត្ថកិច្ចថៃ បានឲ្យដឹងថា មនុស្សចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធ ក្នុងជំនួញជួញដូរផលិតអាសអាភាសខុសច្បាប់នេះ ក្នុងនោះមាន៖ បុរសម្នាក់ឈ្មោះ លោក Tanayong អាយុ ២៩ ឆ្នាំ និងនារី២នាក់ឈ្មោះ Kanravee Jarussilpacheep អាយុ ២៧ ឆ្នាំ និងឈ្មោះ Ilada អាយុ ៣២ ឆ្នាំ យោងតាមដីកាស្រាវជ្រាវរបស់តុលាការខេត្ត Min Buri លេខ 9326 ចុះថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ ពីបទល្មើសតាមមាត្រា 287 (2) នៃក្រមព្រហ្មទណ្ឌ។
យោងតាមបទល្មើសនេះមាត្រា ២៤២ នៃច្បាប់ថៃ នោះសកម្មភាពចូលរួមក្នុងពាណិជ្ជកម្មទាក់ទងនឹងសម្ភារៈអាសអាភាស ដូចជា ផ្តល់ឲ្យ ឬបង្អួតជាសាធារណៈ ឬជួល, ជួយលាក់បាំង, ជួយលក់ ឬទទួលយកតាមមធ្យោបាយណាមួយ នោះនឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី៥ឆ្នាំ ឬពិន័យជាប្រាក់ចំនួនបួនដងនៃតម្លៃទំនិញដែលបានរួមបញ្ចូលកាតព្វកិច្ចរួចហើយ ឬទាំងពីរនេះតែម្តង ព្រោះនេះគឺជាទង្វើដ៏អសិលធម៌ ជះឥទ្ធិពលអវិជ្ជមានដល់សង្គមទាំងមូល។
ប៉ូលីសថៃ ក៏បានបញ្ជាក់ឲ្យដឹងថា ឧបករណ៍អាសអាភាសទាំងនេះ ត្រូវបានលក់យ៉ាងចំហរ តាមរយៈទំព័រ Facebook ដែលមានឈ្មោះថា “Sex Toys, Dildo, Canned Pussy” និងឈ្មោះទំព័រ “Adult Toys Imported from Japan” ដែលបញ្ជាទិញផលិតផលនាំចូលពីប្រទេសចិន តាមរយៈគេហទំព័រ https://www.1688.com និងបានផ្ញើតាមរយៈការដឹកជញ្ជូន និងបានបង្កើតបណ្តាញអ្នកចែកចាយជាច្រើននៅលើទំព័រជាច្រើន និងក៏ត្រូវបានដឹងថា ទទួលបានប្រាក់ចែកចំនេញ ៥០ ភាគរយ ជាមួយភ្នាក់ងារលក់ ដោយមានលោក Tanayong អាយុ ២៩ ឆ្នាំ, នាង Kanravee អាយុ ២៧ ឆ្នាំ ជាអ្នកបញ្ជាទិញឧបករណ៍អាសអាភាស ខណៈនាង Ilada អាយុ ៣២ ឆ្នាំ ជាអ្នកគ្រប់គ្រងផេក។
ក្រោយការសាកសួរបឋម ជនជាប់ចោទទាំង៣ ត្រូវបានបញ្ជូនទៅផ្នែកស៊ើបអង្កេតបន្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់។ ចំណែកវត្ថុតាងដែលរឹបអូសបាន តុលាការបញ្ជាឲ្យកម្ទេចចោលទាំងអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង