កីឡការិនីផ្នែកចំបាប់ ជាឈាមជ័រខ្មែរ តំណាងឲ្យថៃ ដែលមានភាពរួសរាយ រាក់ទាក់គួរឲ្យស្រលាញ់ បានកំពុងធ្វើឲ្យមហាជនផ្ទុះចាប់អារម្មណ៍ និងនាំគ្នាជជែកវែកញែកឡើងព្រោងព្រាត បន្ទាប់ពីនាងបានបង្ហើបថា មកពីខ្មែរសិរីស្លាកេត (ថៃហៅស៊ីសាកេត) ជាប់ខេត្តសុរិន្ធ និងខេត្តព្រះវិហារផងដែរ ដែលធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល ព្រោះធ្លាប់តែឮខ្មែរសុរិន្ទ មិននឹកស្មានថា ខ្មែរលើមានច្រើន ដែលត្រូវបានថៃគ្រប់គ្រង។
កីឡាការិនីរូបនេះ ត្រូវបានដឹងថាមានឈ្មោះ ណារិន ណាដៀ (Narin Nadia) ដែលជាខ្មែរសិរីស្លាកេត និយាយភាសាខ្មែរយ៉ាងច្បាស់ៗ ជាមួយក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្ត និងអ្នកសារព័ត៌មាន អំឡុងពេលនាងទទួលការព្យាបាលក្រោយចប់ប្រកួត។ នាងទទួលបានមេដាយប្រាក់ ផ្នែកកីឡាចំប៉ាប់ លើប្រភេទទម្ងន់៥៣គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាទឹកដីខ្មែរកណ្តាល (កម្ពុជា)។
ក្រោយពីបានឃើញមានភាពរួសរាយ ជាមួយស្នាមញញឹមដ៏រីករាយជាប់ជានិច្ចបែបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមខ្មែរយើងជាច្រើន នាំគ្នាបង្ហាញការស្រលាញ់ចូលចិត្តគ្រប់ៗគ្នាថា៖ «និយាយភាសាខ្មែរបានពិរោះណាស់ ‘អូយចុក’ ឲ្យច្បាស់ចែស, ដូនតាខ្មែរតែមួយ រីករាយដែលបានជួប, រួសរាយ លេងសើច គួរឲ្យស្រលាញ់ណាស់, ជូនពរឲ្យឆាប់ជាណាក្មួយ…»។
ដោយឡែក នៅពេលមានខ្មែរកណ្តាលមួយចំនួន ស្គាល់តែខ្មែរសុរិន្ទ ឲ្យតែឮថាខ្មែរលើ គឺដឹងតែសុរិន្ធ ក៏មានបងប្អូនខ្មែរជាច្រើន ដែលស្គាល់ច្បាស់ពីខ្មែរលើ បានចេញមកប្រាប់ឲ្យដឹងថា៖ «អ្នកដឹងបានដឹង អ្នកសិរីស្លាកេត ខ្មែរសឹង ៨០% ភាគច្រើនមិនដែលនិយាយថៃទេ, ខ្មែរយើងមិនមែនមានតែខ្មែរសុរិន្ទមួយទេ មានទាំងខ្មែរបុរីរម្យ (ថៃហៅបុរីរាំ) ខ្មែរសិរិស្លាកេត (ថៃហៅស៊ីសាកេត) ខ្មែរនគរាជសីមា និងនៅមានច្រើនទៀត ហើយខ្មែរលើដែលនិយាយភាសាខ្មែរច្រើន គឺនៅខេត្តបុរីរាំនេះហើយ តែបើនិយាយពីវប្បធម៍ខ្មែរវិញ គឺនៅខេត្តសុរិន្ទដែលមានសប្បូរដោយវប្បធម៍ខ្មែរដើម,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង