រឿងរ៉ាវពីរផ្ទួនៗគ្នា របស់ក្រុមកីឡាករបាល់ទាត់ថៃ កាលពីម្សិលមិញនេះ (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣) បានធ្វើឲ្យផ្ទុះកក្រើកខ្លាំងតែម្តង បន្ទាប់ពីក្រុមនេះ បានបង្កបាតុភាពហឹង្សាទៅលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ថ្ងៃចុងក្រោយ បន្ទាប់ពីក្រុម U-22 របស់ឥណ្ឌូនេស៊ី បាននាំមុខថៃ 3-2 ដោយសារការស៊ុតបញ្ចូលទី ពីកីឡាករលេខ១៧ Irfan Jauhari នៅចុងម៉ោងបន្ថែមក្នុងតង់ទីមួយ។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់បញ្ចប់ការប្រកួត ដោយថៃបានប្រកួតចាញ់ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៥-២ ស្រាប់តែខ្សែការពារកូនកាត់ថៃម្នាក់ ដែលគេស្គាល់ឈ្មោះថា Jonathan Khemdee បានគប់តុក្កតា និងមេដាយប្រាក់ ទៅកាន់អ្នកទស្សនាតែម្តង បន្ទាប់ទទួលយកក្នុងអាកប្បកិរិយាដ៏ក្រអើតក្រទោម ពីក្រុមការងារស៊ីហ្គេមចែកជូនវត្ថុអនុស្សាវរីយ៍ និងមេដាយ ដល់ក្រុមកីឡាករទាំងពីរ។
ជាមួយទង្វើដ៏ជ្រុលហួសហេតុបំផុតនេះ គឺមិនត្រឹមតែធ្វើឲ្យប្រជាជនខ្មែរ ផ្ទុះការស្អប់ខ្ពើមយ៉ាងខ្លាំងប៉ុណ្ណោះ តែក៏បានធ្វើប្រជាជាតិក្នុងតំបន់ជិតខាង សម្តែងការមិនពេញចិត្តផងដែរ ខណៈវីដេអូនៃទង្វើរបស់កីឡាករថៃរូបនេះ ត្រូវបានរីករាលពាសពេញបណ្តាញសង្គម។
ទោះជាយ៉ាងណា ក្រោយពីបានឃើញមហាជនផ្ទុះការរិះគន់ខ្លាំងៗ ទៅនឹងទង្វើរបស់ខ្លួន កីឡាករថៃដ៏ទំនើងរូបនេះ ក៏បានចេញមុខបង្ហោះសារតាមរយៈគណនី Instagram របស់ខ្លួន ដោយបានបញ្ជាក់មូលហេតុដ៏ហួសចិត្តបែបនេះថា៖ «សួស្តី អ្នកទាំងអស់គ្នា ខ្ញុំបានឲ្យមេដាយប្រាក់ និងតុក្កតាទៅអ្នកគាំទ្រ ព្រោះខ្ញុំចង់ថ្លែងអំណរគុណចំពោះហ្វេន ដែលបានមកគាំទ្រខ្ញុំដូចកាលពីស៊ីហ្គេមកន្លងទៅ ហើយខ្ញុំគ្មានចេតនា មិនគោរពដល់ការប្រកួត និងមេដាយ ដែលខ្ញុំបានឈ្នះនោះទេ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






