បច្ចុប្បន្ននេះ ករណីអំពើចោរកម្ម ជាពិសេស ឆក់តែម្តង ពីសំណាក់ចោរស្ទាវៗ គឺគេសង្កេតឃើញតែងកើតឡើងស្ទើររៀងរាល់ថ្ងៃហើយ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះជាស្ថានភាពពេលនេះ មានអ្នកដំណើរឆ្លងការអ៊ូអរយ៉ាងណាក៏ដោយ ក៏ពួកវាហ៊ានធ្វើសកម្មភាព ដោយមិនខ្លាចញញើតសូម្បីបន្តិចឡើយ។
អ្វីដែលសាហាវខ្លាំងនោះ គឺសូម្បីតែអ្នកដំណើរជិះតាមកង់បី ក៏ពួកចោរស្ទាវ អាចធ្វើបានសម្រេចជារឿយៗ។ ជាក់ស្តែង ថ្មីៗនេះ ចោរស្ទាវម្នាក់ បានធ្វើសកម្មភាពឆក់កាបូប ពីស្រ្តីអ្នកដំណើរចំណាស់ម្នាក់ បណ្តាលឲ្យគាត់ធ្លាក់ចេញពីកង់បីគួរឲ្យអាសូរ និងជិះគេចខ្លួនដោយសុវត្ថិភាព ដោយគ្មានការរំខានពីបងប្អូនអ្នកដំណើរ ឬសមត្ថកិច្ចនោះទេ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Rothnavy Khou ដែលបានឃើញហេតុការណ៍ផ្ទាល់ ខណៈបើករថយន្តពីខាងក្រោយ បានបញ្ជាក់ឲ្យដឹងថា «ចោរឆក់កាបូបអ្នកជិះរ៉ឺម៉កកង់បី កាលពីថ្ងៃ16 05 2023 លើផ្លូវសហព័ន្ធរុស្សី វេលាម៉ោង10 សូមបងប្អូនអ្នកជិះរ៉ឺម៉ក កាន់កាបូបទាំងអស់ ប្រុងប្រយ័ត្ន»។
សូមបញ្ជាក់ថា ការហ៊ានធ្វើសកម្មភាពទាំងមានមនុស្សបែបនេះ គឺពួកវា មិនមែនចេញធ្វើតែម្នាក់ឯងនោះទេ គឺតែងតែមានគ្នីគ្នាចាំបិទគូទ។ ជាក់ស្តែង ដូចករណីនេះ បើតាមរយៈវីដេអូ បានបង្ហញក្រុមចោរឆក់នេះ មានគ្នីគ្នារហូត៣ម៉ូតូ អមតាមពីក្រោយ ដោយម៉ូតូ១គ្រឿង ជិះឌុបគ្នា២នាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






