ភ្នំពេញ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ឆាប់ៗខាងមុខនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា MoU រួចរាល់ហើយ ជាមួយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានរបស់ប្រទេសចិន លើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ដែលត្រូវប្រើប្រាស់ថវិកាប្រមាណ ១.៤០០លានដុល្លារ។

តាមការគ្រោងទុក ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិតនេះ នឹងបើកការដ្ឋានថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលផ្លូវល្បឿនលឿនខ្សែទីបី ភ្នំពេញ-សៀមរាប ក៏គ្រោងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព ក្នុងបំណាច់ខែឧសភា ហើយនិងចុះ MoU ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

មន្រ្តីរាជរដ្ឋាភិបាល បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថា នឹងរួចរាល់ក្នុងពេលដំណាលគ្នា ដើម្បីដាក់ឲ្យដំណើរការ ជួយជំរុញបន្ថែមទៀតដល់សកម្មភាពសេដ្ឋកិច្ច ពិសេសងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងទេសចរណ៍ឆ្លងប្រទេស។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៅថ្ងៃទី ១៨ខែឧសភា ឆ្នាំ ២០២៣នេះ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)។
ឯកឧត្ដម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត មានចម្ងាយប្រហែល ១៣៥គីឡូម៉ែត្រ មាន៤គន្លង គឺ២គន្លងទៅ និង២គន្លងមក ដែលត្រូវប្រើថវិកាប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល នឹងបញ្ចេញថវិកាប្រមាណ ២៣០ លានដុល្លារ ដើម្បីសាងសង់ស្ពានថ្មីចម្ងាយ ២៥០០ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលឆ្លងកាត់ខេត្ដកណ្ដាល, ខេត្ដព្រៃវែង និងខេត្ដស្វាយរៀង ដោយរាជរដ្ឋាភិបាល នឹងឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនធ្វើស្ពាននេះ ហើយរាជរដ្ឋាភិបាលជាអ្នកចំណាយលើការសាងសង់នេះ។
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា ស្ពាននេះ សាងសង់ឡើង ដើម្បីកាត់បន្ថយថ្លៃចំណាយរបស់ប្រជាពលរដ្ឋទើបរាជរដ្ឋាភិបាលសម្រេចបញ្ចេញថវិកាសាងសង់ស្ពាន និងដាក់ឲ្យពលរដ្ឋធ្វើដំណើរដោយមិនគិតថ្លៃ។ ឯកឧត្តម បន្តថា ដំបូងឡើយក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ចង់ធ្វើស្ពានមួយនេះដែល ហើយគិតថ្លៃធ្វើដំណើរពីប្រជាពលរដ្ឋ ប៉ុន្ដែរាជរដ្ឋាភិបាលមិនព្រម ដោយសារខ្លាចប្រជាពលរដ្ឋចំណាយច្រើនលើការធ្វើដំណើរ។
សូមជម្រាបជូនថា គម្រោងផ្លូវល្បឿននេះ គឺដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល ៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល៕