ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៣នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរ នៅលើដងផ្លូវ គេច្រើនឃើញមានអ្នកបើកបរនិយាយទូរស័ព្ទ ចំណែកអ្នកខ្លះទៀតនោះ ពេលឈប់ស្តុបម្តងៗនាំគ្នាចុចទូរស័ព្ទ លេងហ្វេសប៊ុកថែមទៀតផង ។
ក្រសួងសាធារណការបានបញ្ជាក់ថា ជាការពិត មិនថា អ្នកបើកបរឡាន ឬម៉ូតូទេ នៅពេលលើកទូរស័ព្ទចុចនិយាយ ឬក៏លេងហ្វេសប៊ុកមើលសារផ្សេងៗ គឺអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ ដោយនឹកស្មានមិនដល់អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងអ្នកដទៃផងដោយសាររវល់តែដៃម្ខាងកាន់ទូរស័ព្ទ ហើយដៃម្ខាងកាន់ចង្កូត ។

នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៨ថ្មី ចំនុចទី៦ បានចែងថា «ហាមអ្នកបើកបរប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានជំនិះ ដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង» ។ ក្នុងករណីអ្នកបើកបរដែលត្រូវការប្រើទូរស័ព្ទបន្ទាន់ត្រូវឈប់អែបខាងផ្លូវ នៅកន្លែងមានសុវត្ថិភាពដើម្បីប្រើទូរស័ព្ទ ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្តិភាពរបស់យើងទាំងគ្នា។ ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី



