រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់ឯកឧត្តម។
ឯកឧត្តមឧបនាយករដ្ឋមន្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ឯកឧត្តម Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងរបស់អង្គការយូណេស្កូ ប្រចាំនៅកម្ពុជា និងបានកត់សម្គាល់ថា វត្តមានរបស់ ឯកឧត្តម ឆ្លុះបញ្ចាំងពីតម្លៃដែលកម្ពុជាផ្ដល់លើភាពជាដៃគូយូរអង្វែងជាមួយអង្គការយូណេស្កូ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណដល់អង្គការយូណេស្កូ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការបន្តគាំទ្រកម្ពុជា ជាពិសេស ក្នុងការជំរុញអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា លើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ នវានុវត្តន៍ បរិស្ថាន និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃជំនួយបច្ចេកទេសរបស់ អង្គការយូណេស្កូ ក្នុងការការពារប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងដែលបាន ទទួលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានលើកឡើងថា គ្មានប្រទេសណាមួយស្គាល់ច្បាស់អំពីតម្លៃនៃសន្តិភាពជាងប្រទេសកម្ពុជានោះទ ដោយសារកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍អស់ជាច្រើនឆ្នាំ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការបន្តពង្រឹងភាពជាដៃគូ
និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ នាពេលខាងមុខ។
ដោយឡែក ឯកឧត្តម Flavio Bonetti បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលត្រូវបានចាត់ ឱ្យមកបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់ ឯកឧត្តម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបន្តខិតខំប្រឹងប្រែងចូលរួមក្នុងកិច្ចអភិរក្សបេតិកភណ្ឌ និងវិស័យពាក់ព័ន្ធនានា ដូចជាវិស័យអប់រំ បរិស្ថាន វិទ្យាសាស្ត្រ នវានុវត្តន៍ ព្រមទាំងការលើកកម្ពស់ សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការត្រៀមលក្ខណៈសម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការរបស់ កបទ.សអ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវជោគជ័យន បេសកកម្មរបស់ ឯកឧត្តម Flavio Bonetti នៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី





