Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកប្រវត្តិឃាតករសម្លាប់ទារកអស់ ១០០សព ដោយសារមូលហេតុ មិនចង់ឱ្យធំឡើងជួបនឹងរឿងអាក្រក់ៗ

នៅក្នុងសំណុំឯកសារប្រវត្តិឧក្រិដ្ឋជន ឬឃាតករសម្លាប់មនុស្សឥតឈប់ ដែលបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្រ អ្នកទាំងអស់នោះសុទ្ធតែមានមូលហេតុ និងហេតុផលខុសប្លែកពីគ្នាក្នុងការបង្កហេតុ។ អ្នកខ្លះថា សម្លាប់ដើម្បីឆ្លើយតបនឹងផ្លូវចិត្តរបស់ខ្លួន អ្នកខ្លះមកពីមូលហេតុមានសម្ពាធផ្លូវចិត្តកាលពីនៅក្មេង និងអ្នកខ្លះ អះអាងថា សម្លាប់ ព្រោះគិតថា ជាការជួយសង្គ្រោះមិត្តមនុស្សដូចគ្នា??

ត្រឡប់ទៅកាលពីឆ្នាំ១៩៤៥ កណ្ដាលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក្រោយចាញ់សង្គ្រាមលោកលើកទី២ ឃាតករសម្លាប់មនុស្សឥតឈប់ម្នាក់បានចាប់កំណើតឡើងនៅពេលនោះ…ដំណឹងនេះ បានសាងនូវក្ដីភិតភ័យរន្ធត់ទូទាំងប្រទេស នៅពេលមានការរកឃើញថា ជនរងគ្រោះនៅក្នុងអំពើឃាតកម្មនោះ មានចំនួនជាង ១០០នាក់ និងទាំងអស់នោះសុទ្ធតែជា “ក្មេងទារក”។

ក្នុងអំឡុងប្រមាណជាសប្ដាហ៍ទី២ នៃខែមករា ក្នុងឆ្នាំ១៩៤៨ អាជ្ញាធរប៉ូលិសក្នុងតូក្យូ បានប្រទះឃើញសាកសពទារក ៥នាក់ ដែលក្រោយពីពិនិត្យមើលរួចហើយ គេបានដឹងថា ទារកទាំងអស់នោះ មិនមែនស្លាប់ដោយធម្មជាតិឡើយ។ មនុស្សម្នាទូទាំងទីក្រុង នាំគ្នាភិតភ័យជាខ្លាំង ហើយក្ដីភ័យខ្លាចនេះ រឹតតែពង្រីកខ្លួនធំឡើង ក្រោយពីរកឃើញសាកសពទារកជាង ៤០នាក់ទៀតនៅក្នុងបរិវេណក្បែរៗមន្ទីរពេទ្យ និង ៣០នាក់ទៀតនៅក្នុងវត្តជាយក្រុង។

ដោយសារតែនៅក្នុងសម័យនោះ មិនទាន់មានតិចណូឡូជីទាន់សម័យដែលអាចជួយក្នុងការតាមដានចំនួនអ្នកស្លាប់ទាំងអស់ ទើបមានរបាយការណ៍ថា សាកសពរបស់ទារកមានចំនួនទាបបំផុត ៨៥នាក់ និងអាចមានច្រើនបំផុតដល់ទៅ ១៦៩នាក់។ តែយ៉ាងណាក្ដី នៅពេលក្រោយមក មានការបញ្ជាក់ពីទិន្នន័យថ្មីមួយថា ចំនួនដែលពិតប្រាកដគឺ ១០៣នាក់។

ជនបង្កហេតុមានឈ្មោះថា មីយូគិ អ៊ីស៊ីកាវ៉ា (Miyuki Ishikawa) ជាឆ្មប ដែលមានតួនាទីធ្វើការប្រសូត ឱ្យទារកបានចេញពីផ្ទៃម្ដាយមកដោយសុវត្ថិភាព។

Miyuki Ishikawa កើតនៅឆ្នាំ១៨៩៧ ក្រោយបញ្ចប់ការសិក្សាពីមហាវិទ្យាល័យតូក្យូ ក៏បានចូលធ្វើការជាឆ្មបនៅឯមន្ទីរពេទ្យក្នុងស្រុកកំណើតរបស់នាង ក្នុងខេត្តមីយ៉ាសាគិ។ ដោយភាពចំណាន និងបទពិសោធន៍ដែលមាន មិនយូរប៉ុន្មាន នាងក៏បានក្លាយជានាយិកាមន្ទីពេទ្យ ខូតូប៊ូគិ ដែលជាទីតាំងកើតហេតុដ៏គួរឱ្យរន្ធត់ចិត្តនាពេលក្រោយមក។

Miyuki Ishikawa ជាស្ត្រីដែលរៀបការហើយ តែដោយសារស្ថានភាពសេដ្ឋកិច្ចក្រោយសង្គ្រាមលោក ដែលខ្វះខាតធនធាន មនុស្សគ្មានការងារធ្វើ រួមទាំងអាហារដែលត្រូវដណ្ដើមគ្នាផងនោះ ធ្វើឱ្យនាង និងស្វាមីមិនអាចមានកូនជាមួយគ្នាបាន។

ក្ដីប្រាថ្នាដែលមិនបានទទួលការបំពេញបន្ថែម បានបង្កឱ្យកើតភាពអប្រក្រតីឡើងនៅក្នុងចិត្តរបស់ Miyuki…នាងមានអារម្មណ៍អាណិតក្មេងៗដែលត្រូវកើតមកនៅក្នុងគ្រួសារដែលទីទ័លក្រ ឬសូម្បីតែក្មេងដែលត្រូវបោះបង់ចោល ដោយសារតែឪពុកម្ដាយមិនអាចចិញ្ចឹមបានទៀតផង។

ដោយហេតុនេះហើយ ទើប Miyuki សម្រេចចិត្តថា ជំនួសឱ្យការដែលក្មេងៗទាំងនោះត្រូវធំធាត់ឡើងជួបនឹងជីវិតដ៏ស្រេកឃ្លាន និងលំបាកលំបិន នាងត្រូវតែធ្វើឱ្យពួកគេបាត់ខ្លួនទៅវិញយ៉ាងស្ងប់ស្ងាត់ប្រសើរជាង។ នាងគិតថា នេះគឺជាការធ្វើបុណ្យ ដើម្បីរំដោះទុក្ខលំបាកចំពោះក្មេងៗទាំងនោះ។

Miyuki ចាប់ផ្ដើមបង្កហេតុ រួមជាមួយស្វាមី និងជំនួយការរបស់នាងនៅពេលបន្តមកទៀត ចំណែកវិធី គឺការទុកឱ្យទារកទាំងនោះអត់ទឹក អត់អាហារ និងទុកចោលរហូតដល់ស្លាប់។

រឿងនេះ ស្រ្តីដែលជាគិលានុបដ្ឋាកជាច្រើននាក់ សុទ្ធតែបានដឹងទាំងអស់ តែពេលផ្ដល់ដំណឹងទៅអាជ្ញាធរក្នុងតំបន់ ពួកគេបែរជាធ្វើព្រងើយ រហូតធ្វើឱ្យពួកនាងមិនអាចទទួលយកបាន ហើយនៅទីបំផុត ក៏សុំឈប់ធ្វើការ។

ក្រោយពីសម្លាប់ទារករួចហើយ ស្វាមីរបស់ Miyuki បានទៅទារប្រាក់ពីឪពុកម្ដាយរបស់ទារកទាំងនោះ ដោយអាងថា ”ការស្លាប់របស់ទារក ដែលត្រូវលាក់ទុកជាការសម្ងាត់នោះ មានតម្លៃថោកជាងថ្លៃចិញ្ចឹមកូន ដែលពួកគេត្រូវចំណាយទៅទៀត”

ស៊ីរ៉ូ ណាកាយ៉ាម៉ា (Shiro Nakayama) ជំនួយការរបស់ Miyuki នឹងធ្វើជាពិនិត្យរកមើលមូលហេតុនៃការស្លាប់របស់ទារក និងបិទបាំងហេតុឃាតកម្មទាំងនោះយ៉ាងជិតដោយការធ្វើលិខិតមរណភាពក្លែងក្លាយ។

ក្រោយមានការរកឃើញសាកសពទារក អាជ្ញាធរប៉ូលិសបានប្រញាប់ធ្វើការស៊ើបអង្កេត រហូតនាំឆ្ពោះទៅដល់ការចាប់ខ្លួន Miyuki និងបក្ខពួក។ នៅក្នុងសវនាការ Miyuki បានបានបដិសេធការចោទប្រកាន់ ដោយបាននិយាយថា អ្វីដែលនាងធ្វើនោះ មិនមែនជាកំហុសទេ តែជាការជួយសង្គ្រោះ និងឪពុកម្ដាយដែលបោះបង់កូនៗចោលទៅវិញទេ ដែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ទារកទាំងនោះ។

នាងបានរៀបរាប់ពីអនាគតដ៏គ្មានសង្ឃឹមរបស់ក្មេងៗ និងមូលហេតុដែលនាងសម្រេចចិត្តសម្លាប់ក្មេងៗទាំងនោះ មុនពេលដែលពួកគេត្រូវធំធាត់ឡើងព្រមជាមួយក្ដីលំបាក និងទុក្ខវេទនា។ ការរៀបរាប់នេះបានធ្វើឱ្យប្រជាជនភាគច្រើនមានអារម្មណ៍អាណិត និងផ្ដល់ការគាំទ្រ Miyuki យ៉ាងទូលំទូលាយ។

តែយ៉ាងណាក្ដី មានអ្នកវិភាគជាច្រើនមិនយល់ស្របឡើយ ដោយសារតែឋានៈខាងហិរញ្ញវត្ថុរបស់ Miyuki អាចនិយាយបានថា ធូរធារតាមរយៈការជំរិតទារប្រាក់ពីបណ្ដាគ្រួសាររបស់ទារកដែលស្លាប់ ហើយតាមរយៈហេតុការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ច្បាប់របស់ប្រទេសជប៉ុន មិនបានឃុំគ្រងការពារជីវិតរបស់ទារកឱ្យបានសមរម្យឡើយ។

Miyuki ត្រូវបានកាត់ក្ដីឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ ចំណែកស្វាមី និងបក្ខពួក ត្រូវជាប់គុក ៤ឆ្នាំ ពីបទសមគំនិត។ តែយ៉ាងណាក្ដី នៅពេលក្រោយមក ពួកគេបានដាក់ពាក្យតវ៉ាទៅសាលាឧទ្ធរណ៍ និងបានទទួលការបន្ថយទោសពាក់កណ្ដាល។

រឿងក្ដីដ៏ភ័យរន្ធត់ ដែលមានទារកត្រូវបានសម្លាប់អស់ជា ១០០នាក់នេះ បាននាំឆ្ពោះទៅរកការផ្លាស់ប្ដូរដ៏ធំមួយ ក្រោយពីមានសំឡេងរិះគន់យ៉ាងច្រើន ធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសជប៉ុន ធ្វើការពិចារណាលើច្បាប់រំលូតបុត្រ ដើម្បីកាត់បន្ថយចំនួនកុមារដែលកើតឡើងដោយមិនបានតាំងចិត្ត។

ទោះជាមនុស្សជាច្រើនមានអារម្មណ៍ឯកភាពចំពោះទង្វើរបស់ Miyuki ដូចដែលនាងបានអះអាងថា ធ្វើឡើងដើម្បីកុំឱ្យក្មេងៗត្រូវជួបនឹងជតាកម្មដ៏អាក្រក់នៅពេលធំឡើងមែន តែរឿងមួយដែលមិនអាចបដិសេធបាននោះគឺ នាងគ្មានសិទ្ធិក្នុងការសម្រេចពីវាសនាជីវិតជំនួសអ្នកណាបានឡើយ ទោះជាទារកដែលមិនទាន់ដឹងក្ដីក៏ដោយ៕

×