ទង្វើដ៏គ្មានការទទួលខុសត្រូវ របស់អ្នកបើកឡាន Prius ១គ្រឿង បានធ្វើឲ្យមហាជនផ្ទុះការខឹងសម្បារ និងស្អប់យ៉ាងខ្លាំង បន្ទាប់ពីបើកកៀរម៉ូតូនារីម្នាក់ បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ ដោយមិនដឹងថា គ្រោះថ្នាក់ធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចស្ពានអាកាសតិចណូ។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ នារីរងគ្រោះបើកម៉ូតូក្នុងទិសដៅពី ជើងទៅត្បូង ចាកចេញពីស្តុបរង្វង់មូលទួលគោក លុះមកដល់ជិតក្រោមស្ពានអាកាស ក៏ស្រាប់តែរថយន្តព្រុស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-8891 បើកមកពីក្រោយ កៀរស្រស់ៗតែម្តង បណ្តាលឲ្យដួលម៉ូតូ បោកក្បាលទៅនឹងថ្នល់គួរឲ្យអាសូរ។
អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់វីដេអូនៃហេតុការណ៍នេះ ត្រូវបានគេបង្ហោះមិនបានប៉ុន្មានម៉ោង ស្រាប់តែអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏បានបញ្ចេញឲ្យដឹងថា ម្ចាស់រថយន្តព្រួសបើកបង្កគ្រោះថ្នាក់គ្មានការទទួលខុសត្រូវនេះ មានគណនីហ្វេសប៊ុកឈ្មោះ Sros Jin ដែលនៅពេលនេះ បានប្តូររូបប្រូហ្វាល់ហើយ នៅឡើយតែឈ្មោះមិនទាន់ដូរ។ លើសពីនេះ គេក៏បានបញ្ចេញឲ្យដឹងទៀតថា ឡានព្រុសនេះ គឺម្ចាស់ខាងលើ ទើបទិញក្នុងអំឡុងខែមេសា ឆ្នាំ២០២៣ មិនទាន់បាន១ខែទេ ខណៈនៅលើហ្វេសប៊ុកបានបង្ហោះរូបឡានទើបទិញ ដោយភ្ជាប់ Caption ថា៖ «សមាជិកថ្មីឆ្នាំថ្មី សុំអោយរកស៊ីមានបានហេងហេង»។
ជុំវិញការបើកកៀរនេះផងដែរ ថាតើជាចេតនា ឬ បើកភ្លើ មហាជនបានកំពុងផ្ទុះការវែកញែក ខណៈអ្នកខ្លះថា មនុស្សស្រីបើកម្នាក់ឯង ខណៈអ្នកខ្លះទៀតថា មនុស្សប្រុស បើកមានចេតនា សង្ស័យមានគំនុំរឿងអ្វី? រីឯអ្នកខ្លះទៀតថា បើកភ្លើតែម្តង ព្រោះតែប្រហែលបើកប្រញាប់តាមឡានពេទ្យ…។
ទោះជាយ៉ាងណា ជាមួយទង្វើដ៏គ្មានការទទួលខុសត្រូវនេះ មហាជនសូមឲ្យនារីរងគ្រោះ បើកបានឃើញវីដេអូនេះ និងបានស្គាល់ម្ចាស់ឡានច្បាស់ហើយ ត្រូវដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ដើម្បីចង់ដឹងថា តើម្ចាស់ឡានេះ មានចេតនារឿងអ្វី? ឬកុំឲ្យថ្ងៃមុខថ្ងៃក្រោយ បើកឡានភ្លើរបៀបនេះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









