នាងក្រមុំភ្លើងគំនុំក្ដៅពេញក្នុងទ្រូង សង្សារទើបលែងគ្នាបាន ១ថ្ងៃ ស្រាប់តែមានថ្មី ខឹងខ្លាំង លើកឆ្នាំងបបរសាមចូក ស្រោចលើឡាន អស់ ៣ឆ្នាំង អ្នកលក់ឈរស្រឡាំងកាំង អ្នកលេងបណ្ដាញសង្គមនាំគ្នារិះគន់ក្ដៅគគុក។
ថ្ងៃទី២០ឧសភា បើសរសេរជាតួលេខគឺ ៥២០ វាប្រៀបដូចជាភាសាដែលក្រុមយុវវ័យចិន ប្រើសម្រាប់សារភាពស្នេហាជាមួយមនុស្សដែលខ្លួនស្រឡាញ់ ដោយតួលេខនេះអានថា “អ៊ូ អ៊ើ លីង” ស្រដៀងនឹងពាក្យថា “អួ អាយ នី” ដែលប្រែថា “ខ្ញុំស្រឡាញ់អ្នក” ហើយមនុស្សជាច្រើនក៏ឆ្លៀតឱកាសថ្ងៃនេះ ដើម្បីសារភាពស្នេហាដែរ។

ប៉ុន្តែសម្រាប់បុរសម្នាក់ មើលទៅហាក់ដូចជា គេបានសម្រេចចិត្តខុសយ៉ាងធំធេង ដែលជ្រើសយកថ្ងៃនេះ ធ្វើជាថ្ងៃបង្ហាញខ្លួនគូស្នេហ៍ថ្មី ទាំងដែលខ្លួនឯងទើបនឹងលែងលះជាមួយគូស្នេហ៍ចាស់បានត្រឹមតែ ១ថ្ងៃគត់ គឺកាលពីថ្ងៃទី១៩ឧសភាកន្លងទៅហ្នឹងឯង ហើយរឿងនេះ បែរជាធ្វើឱ្យរូបគេបានជួបនឹងថាមពលនៃកំហឹងពីអតីតសង្សារយ៉ាងមិននឹកស្មានដល់។
កាលពីថ្ងៃទី២១ឧសភា វេបសាយ CTWANT បានឱ្យដឹងថា មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើង នៅម្ដុំបរិវេណទីប្រជុំជនមួយនៅក្នុងទីក្រុងតុងកួន មណ្ឌលក្វាងទុង ប្រទេសចិន ដោយស្ត្រីម្នាក់កំពុងស្ថិតក្នុងអារម្មណ៍ក្រេវក្រោធយ៉ាងខ្លាំង បានរត់ទៅស្រវាចាប់លើកឆ្នាំងបបរសាមចូកក្ដៅៗ ១ឆ្នាំងធំរបស់អ្នកលក់នៅឯចិញ្ចើមថ្នល់ មកចាក់ឈុល លើឡានពណ៌សតម្លៃថ្លៃ ១គ្រឿងដែលកំពុងចតនៅជិតនោះដែរ រហូតដល់ឡានប្រឡាក់ឡើងស្រមក ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកធ្វើដំណើរទៅមកនៅម្ដុំនោះ។

របាយការណ៍របស់សារព័ត៌មានក្នុងតំបន់បានឱ្យដឹងថា ស្ត្រីរូបនោះ គឺជាអតីតសង្សាររបស់បុរសម្ចាស់រថយន្តពណ៌ស ដោយនាងទើបតែលែងលះជាមួយបុរសនោះកាលពីថ្ងៃម្សិលមិញនេះឯង លុះដល៉ថ្ងៃស្អែកឡើង ស្រាប់តែនាងឃើញគេបង្ហាញខ្លួនស្រីថ្មីម្នាក់មកឌឺដងដាក់នាង ទើបធ្វើឱ្យនាងមិនពេញចិត្តយ៉ាងខ្លាំង ក៏បើកឡានទៅឈប់ពាំងពីមុខ ដើម្បីឱ្យឡានរបស់បុរសនោះឈប់ រួចហើយក៏ដើរចូលទៅវាយកញ្ចក់ឡានរបស់គេ បន្ទាប់មកក៏រត់ទៅលើកឆ្នាំងបបរសាមចូក ម្ដង ១ឆ្នាំងៗ មកចាក់ស្រោចលើរថយន្តរបស់បុរសនោះ ព្រមទាំងស្រែកថា “អាប្រកាច់យក៍” ទៀតផង។
ហេតុការណ៍ដែលកើតឡើងនេះ ត្រូវបានថត និងនាំយកទៅផូស្តចែករំលែកតគ្នានៅក្នុងបណ្ដាញសង្គមអនឡាញ តាមដោយពាក្យរិះគន់យ៉ាងទូលំទូលាយ។ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាខំមិនត៍យ៉ាងក្ដៅគគុក ភាគច្រើននាំគ្នារិះគន់ និងទិតៀនថា ទង្វើរបស់នាងក្រមុំមិនសមរម្យឡើយ…«មិនមែនត្រឹមតែជាការជះចំណីអាហារចោលពាសវាលពាសកាល និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យកខ្វក់ដល់ទីសាធារណៈ ពិបាកដល់អ្នកសម្អាតទៀតផង» និង «អាណិតអ្នកលក់បបរសាមចូក គាត់បានអីលក់ទៅ?»៕




