ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់គោលនយោបាយ គាំពារដល់កម្មការិនី មានផ្ទៃពោះ ឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ

ភ្នំពេញ ៖ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់គោលនយោបាយគាំពារដល់កម្មការិនី មានផ្ទៃពោះ ឧបត្ថម្ភថវិកាចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។​

នៅព្រឹកថ្ងៃចន្ទទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺទី១-កម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត, ទី២-ទស្សនាពិព័រណ៍សមិទ្ធផល និងទី៣-ពិធី សម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។

សម្តេចតេជោបានបន្តថា ការឧបត្ថម្ភថវិកាដល់កម្មការិនីចាប់ពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ជាគោលនយោបាយជាក់លាក់ មិនមែនឆក់កណ្តៀត ឬជាសន្យាខ្យល់នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ការពារសន្តិភាពឱ្យបាន គឺមិនបារម្ភរឿងអត់ការងារធ្វើនោះទេ ក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលអាចការពារសន្តិភាព និងការពារឆ្នាំងបាយរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករកម្មការិនីបាន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្មការិនីចាប់ផ្ដើមពីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ត្រូវទទួលបានការឧបត្ថម្ភ។ អញ្ចឹងខ្ញុំសូមប្រកាសនៅថ្ងៃនេះ ជូនចំពោះកម្មការិនីទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវការអនុវត្តដូចគ្នាចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នកម្មការិនី ដែលមានប័ណ្ណ ប.ស.ស នៅពេលទៅពិនិត្យសុខភាពដោយមិនគិតលុយ តែនៅពេលក្រោយការប្រកាសអនុវត្តគោលនយោបាយគាំពារសង្គមនេះ កម្មការិនីដែលទៅពិនិត្យផ្ទៃពោះ នឹងទទួលបានថវិកាត្រឡប់មកវិញ ម្ដង៤ម៉ឺនរៀល ខណៈសម្ដេចនឹងពិនិត្យផ្ដល់ថវិកាបន្ថែមឲ្យបានច្រើនជាងនេះ។ បើតាមសម្ដេចតេជោ, គោលនយោបាយនេះក៏ត្រូវបានអនុវត្តរួចរាល់ហើយផងដែរ ទៅលើអ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសិករមួយចំនួន។

ស្របពេលជាមួយការប្រកាសនេះ សម្ដេចតេជោ ហ៊ុន សែន យល់ឃើញថា ចំនួនកម្មការិនីដែលមានផ្ទៃពោះ អាចមានចំនួន១០ភាគរយ នៃកម្មការិនីសរុបប្រមាណជាង១លាន២សែននាក់ប៉ុណ្ណោះ។ ដូច្នេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើការងារនេះភ្លាមជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

យោងតាមអ្វីដែលធ្លាប់អនុវត្ត បានឲ្យដឹងថា សរុបតាំងពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ កម្មការិនីម្នាក់នឹងត្រូវទទួលបានការឧបត្ថម្ភថវិកា សរុប៧៦ម៉ឺនរៀល។ សេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានឲ្យដឹងថា ការឧបត្ថម្ភថវិកា ៧៦ម៉ឺនរៀលនេះចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ចំនួន ៤ដង មួយដង ៤ម៉ឺនរៀល, ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់ ២០ម៉ឺនរៀល និងដំណាក់កាលទី៣ គឺនៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ គឺត្រូវផ្តល់ប្រាក់ចំនួន ១០ដង ក្នុងមួយដង ៤ម៉ឺនរៀល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម