ថ្មីៗនេះ តុលាការម៉ិចស៊ិចកូ បានបង្ករលកកំហឹងពីសាធារណជន បន្ទាប់កាត់ទោសនារីវ័យក្មេងម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទ «ប្រើប្រាស់ការការពារខ្លួនហួសហេតុ» ដោយសារតែនាងបានសម្លាប់បុរសម្នាក់ ដែលកំពុងរំលោភនាង។
ការកាត់ទោសទៅលើនាង Roxana Ruiz ជាស្រ្តីមេម៉ាយអាយុ ២៣ ឆ្នាំ រស់នៅ Nezahualcoyotl ប្រទេសម៉ិកស៊ិក កាលពីថ្ងៃចន្ទ បានធ្វើឲ្យព័ត៌មានក្តៅគគុកពេញមួយសប្តាហ៍ ខណៈសកម្មជនសិទ្ធិស្រ្តី បានផ្ទុះការតវ៉ា និងថ្កោលទោសការសម្រេចចិត្តនេះរបស់តុលាការ។ នារីវ័យក្មេងរូបនេះ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ដោយប្រើប្រាស់ការការពារខ្លួន ចាប់ច្របាច់កបុរសម្នាក់ ដែលរំលោភនាងនៅក្នុងផ្ទះរបស់នាង ហើយឥឡូវនេះ កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ និងក៏ដូចជាកាតព្វកិច្ចសងជំងឺចិត្តដល់គ្រួសាររបស់ជនល្មើសផងដែរ។
Ruiz ដែលបានជាប់ពន្ធនាគាររយៈពេល ៩ខែ រួចមកហើយ បន្ទាប់ពីការចាប់ខ្លួនដំបូងរបស់នាងក្នុងឆ្នាំ២០២១ បានអះអាងថា នាងទំនងជាត្រូវបានសម្លាប់ដោយបុរសដែលរំលោភនាង ប្រសិនបើនាងមិនសម្លាប់គាត់ជាមុន ប៉ុន្តែចៅក្រមបានសំរេចថា ជាការវាយប្រហារដ៏សាមញ្ញមួយ។
នៅខែឧសភា ឆ្នាំ២០២១ នាង Roxana កំពុងលក់ដំឡូងបំពង នៅ Nezahualcoyotl រដ្ឋម៉ិកស៊ិក ហើយញ៉ាំស្រាបៀរជាមួយមិត្តភ័ក្តិ។ ពេលនោះហើយ ដែលនាងបានជួបបុរសម្នាក់ដែលនាងធ្លាប់ឃើញនៅម្តុំក្បែរនោះពីមុនមក ហើយបន្ទាប់ពីដើរលេងមួយរយៈមក បុរសនោះបានសុំដើរទៅផ្ទះនាងវិញ។ ពេលនោះ បុរសនោះបានសួរថាតើ រូបគេអាចគេងមួយយប់បានទេ ព្រោះយប់ជ្រៅហើយ ផ្ទះនៅឆ្ងាយ ហើយនាងក៏យល់ព្រម។
Ruiz និយាយថា នៅពាក់កណ្តាលយប់ បុរសនោះបានលូនចូលលើគ្រែរបស់នាង ហើយចាប់ផ្តើមវាយនាង ហើយស្រាតខោអាវចេញ។ ភ្លាមៗនោះ នាងក៏បានការពារខ្លួន ដោយដាល់ជនដៃដល់ចំច្រមុះ ហើយបុរសនោះក៏បានគំរាមសម្លាប់នាង ប៉ុន្តែនាងបានចាប់អាវ និងច្របាច់ករហូតស្លាប់តែម្តង។ ដោយការភ័យស្លន់ស្លោ Roxana បានដាក់សាកសពបុរសនោះនៅក្នុងថង់ធំមួយ ហើយអូសសាកសពទៅទម្លាក់ចោលតាមផ្លូវ តែនាងត្រូវបានប៉ូលីសប្រទះឃើញ និងចាប់ខ្លួនតែម្តង។
Roxana បានប្រាប់សារព័ត៌មាន AP ថា «ខ្ញុំសោកស្តាយចំពោះអ្វីដែលខ្ញុំបានធ្វើ ប៉ុន្តែប្រសិនបើខ្ញុំមិនបានធ្វើទេ ខ្ញុំនឹងស្លាប់នៅថ្ងៃនោះ» ។ នាងក៏សម្តែងការហួសចិត្តខ្លាំង ចំពោះមន្រ្តីដែលសូម្បីនិយាយចោទតថា ដំបូងនាងប្រហែលជាចង់ដេកជាមួយបុរសនោះ ប៉ុន្តែ បន្ទាប់មកក៏ប្តូរចិត្ត។
តុលាការបានកាត់ទោស Ruiz ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ហើយថែមទាំងបានបង្គាប់ឱ្យនាងបង់ប្រាក់ចំនួន ១៦០០០ ដុល្លារ ជាសំណងដល់គ្រួសាររបស់អ្នករំលោភនាងទៀតផង។ តែមេធាវីរបស់ស្ត្រីវ័យក្មេងរូបនេះបានហៅការកាត់ទោសនេះថា មានការរើសអើង ហើយបានប្តេជ្ញាថានឹងប្តឹងឧទ្ធរណ៍៕ រក្សាសិទ្ធិដោយ៖ លឹម ហុង