Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោកនាដកម្មទីលានបាល់ទាត់…ស្លាប់១២ របួសជាង១០០ ក្រោយចូលទស្សនាបាល់ទាត់ ច្រើនលើសចំណុះ

គឺជាព័ត៌មានដ៏គួរឱ្យសោកស្ដាយបំផុតនៅក្នុងពិភពបាល់ទាត់ពិភពលោក នៅពេលមានរបាយការណ៍ថា មានអ្នកស្លាប់យ៉ាងតិច ១២នាក់ និងរងរបួសជាង ១០០នាក់ ដោយសារមូលហេតុចូលទស្សនាបាល់ទាត់នៅក្នុងទីលាន ច្រើនលើសចំណុះ រហូតដល់គ្មានខ្យល់ដកដង្ហើម នៅក្នុងប្រទេសអេល សាវ៉ាឌ័រ កាលពីថ្ងៃអាទិត្យកន្លងទៅ។

ការប្រកួតបាល់ទាត់នោះ គឺជាការជួបគ្នារវាងក្រុម អាលិអាន់ហ្សា អេហ្វស៊ី ជាមួយនឹង ដេព័រទីវ៉ូ ហ្វាស់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៅឯកីឡដ្ឋាន អេស្តាឌីអូ គូស្កាត់ឡាន់ ក្នុងទីក្រុងសាន សាល់វ៉ាឌ័រ ដែលជាទីក្រុងធំរបស់ប្រទេសមួយនេះ។

បន្ទាប់ពីការប្រកួត ដំណើរការទៅបានប្រមាណជា ១៦នាទី ក៏មានហេតុការណ៍មិននឹកស្មានដល់មួយបានកើតឡើង នៅពេលទស្សនិកជនជាច្រើន ដែលកំពុងអង្គុយទស្សនាយ៉ាងប្រជ្រៀតគ្នានោះ បាននាំគ្នាលោតចុះមកក្នុងទីលាន ដោយសារតែខ្វះខ្យល់ដកដង្ហើម ក្រោយពីមានអ្នកចូលមកទស្សនាច្រើនលើសចំណុះហួសហេតុពេក។

ចំណែកខាងមន្ត្រីសង្គ្រោះបន្ទាន់ បានប្រាប់ពីមូលហេតុដែលកើតឡើងនោះថា “ដោយសារតែមានអ្នកទស្សនា ចូលមកក្នុងកីឡដ្ឋានច្រើនជ្រុលពេក ហើយពួកគេត្រូវបានរុញឱ្យកៀបជាប់នឹងរបងដែក រហូតដល់កើតចលាចលឡើង ដែលនៅពេលនេះយើងអាចអះអាងបានថា មានមនុស្សស្លាប់យ៉ាងតិច ១២នាក់ និងត្រូវសែងទៅមន្ទីរពេទ្យជាង ១០០នាក់ ក្រៅពីនេះនៅមានជនរងគ្រោះដែលកំពុងស្ថិតក្នុងការតាមដានប្រមាណជាជាង ៥០០នាក់ទៀត”។

សហព័ន្ធបាល់ទាត់នៃប្រទេស អែល សាល់វ៉ាឌ័រ បានចេញសេចក្ដីថ្លែងការណ៍ចំពោះហេតុការណ៍ក្នុងគ្រានេះថា “ខាងសហព័ន្ធ សូមសម្ដែងការសោកស្ដាយចំពោះសាច់ញាតិបងប្អូនរបស់អ្នកដែលរងផលប៉ះពាល់ និងអ្នកស្លាប់នៅក្នុងហេតុការណ៍នេះផង”

សម្រាប់កីឡាដ្ឋាន អេស្តាឌិអូ គូស្កាត់ឡាន់ អាចនិយាយបានថា ជាកីឡដ្ឋានដ៏ធំបំផុតនៅក្នុងតំបន់អាមេរិកកណ្ដាល ដែលអាចផ្ទុកអ្នកចូលទស្សនាបានច្រើនជាង ៤៤ ០០០នាក់ តែយ៉ាងណាក៏ដោយ តាមរយៈឃ្លីបហេតុការណ៍ដែលកើតឡើងនោះ បានបង្ហាញឱ្យឃើញពីការដែលទស្សនិកជនបាននាំគ្នាចូលទស្សនានៅក្នុងទីលានច្រើនជ្រុល លើសពីចំណុះផ្ទុក រហូតដល់ហៀរចេញមកខាងក្រៅកីឡដ្ឋាន ទើបឱ្យកើតសោកនាដកម្មដ៏អាក្រក់នេះឡើង៕

×