វីដេអូមួយ ដែលកំពុងផ្ទុះការចែករំលែកថ្មីៗនេះ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ពិតជាមានការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានស្តាប់សម្តីបុរសម្នាក់ ដែលត្រូវបានដឹងថា ជាអធិការរងស្រុកប៉ុនមេឃ បែរសំដីនិយាយមក ដូចក្មេងទើបកើតបាន២ខួប ខណៈសមត្ថកិច្ចថ្នាក់ក្រោម ចុះទៅណែនាំឲ្យឈប់លេងល្បែងជល់មាន់ទៀត។
តាមរយៈវីដេអូ អធិការរងស្រុកកូនមុំម្នាក់នេះ បានច្រឡោតខឹង ដោយបានបោះសម្តីដាក់សមត្ថកិច្ចថ្នាក់ក្រោមខ្លួនថា «អ្ហើយអា អញធើអ្នកមានមែនអា អញអផ្សុកលេង១គូ២គូហ្នឹងអា»។ ហើយនៅពេលប៉ូលិសម្នាក់នោះ និយាយថា គេធ្លាប់ប្រាប់បងឯងហើយថា យើងជាសមត្ថកិច្ចកុំឲ្យពាក់ព័ន្ធនឹងល្បែងស៊ីសង ស្រាប់តែអធិការរងស្រុករូបនេះ បាននិយាយទៀតថា «អ្ហើយអា អ្ហែងទៅមើលគ្រប់ខេត្ត គេលេងម៉ាគគោកហ្នឹងអា ចុះអញមួយ អ្ហែងក៏មើលឃើញហ្មេសអា…»។
អធិការរងស្រុកកូនមុំរូបនេះ ក៏បានទម្លាយចេញឲ្យដឹងថា នៅក្នុងភូមិសាស្រ្តស្រុករបស់ខ្លួន មានការល្បែងជល់មាន់គ្រប់ទិសទី ប៉ុន្តែ មិនធ្វើការបង្រ្កាប ព្រោះខ្លួនក៏ជាអ្នកញៀនល្បែងជល់មាន់នេះផងដែរ បើទោះជាកូនចៅណែនាំកុំធ្វើគំរូអាក្រក់នេះយ៉ាងណាក៏ដោយ។
ក្រោយពីបានស្តាប់សម្តីអធិការរងស្រុករូបនេះហើយ មហាជនអ្នកលេងបណ្តាញសង្គម បានសម្តែងការហួសចិត្តយ៉ាងខ្លាំង និងដាក់ម្នាក់មួយមាត់ថា៖ «មិនបាច់ណែនាំទៀតទេ បើតួនាទីមាន ច្បាប់មាន បុគ្គលមិនគោរព ដាក់ទៅ កូនចៅវ៉ៃខ្នោះមេម្តងទៅរាងហើយ!, អធិការរងស្រុកប៉ុនមេឃ សំដីនិយាយមកដូចក្មេងទើបបាន២ខួប ! តើនៅមានប៉ុន្មានម៉ឺននាក់ទៀត ស្រុកខ្មែរធុនៗនេះ?, សូមលោកស្នងការខេត្តរតនគិរី ហៅអធិការរងនេះ ទៅដុសក្អែលផង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



