ករណីរថយន្តព្រុស១គ្រឿង បើកកៀរនារីម្នាក់បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ បានផ្ទុះក្តៅគគុកនៅលើបណ្តាញសង្គម នោះក៏ដោយសារតែម្ចាស់រថយន្តបង្ក មិនឈប់ចុះមើលជនរងគ្រោះ តែបែរជាបើកឡានរត់គេចខ្លួន ដោយពុំទទួលខុសត្រូវ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨ ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចស្ពានអាកាសតិចណូ។ តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ នារីរងគ្រោះបើកម៉ូតូក្នុងទិសដៅពី ជើងទៅត្បូង ចាកចេញពីស្តុបរង្វង់មូលទួលគោក លុះមកដល់ជិតក្រោមស្ពានអាកាសតិចណូ ក៏ស្រាប់តែរថយន្តព្រុស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-8891 បើកមកពីក្រោយ កៀរស្រស់ៗតែម្តង បណ្តាលឲ្យដួលម៉ូតូ បោកក្បាលទៅនឹងថ្នល់គួរឲ្យអាសូរ។
ទោះជាយ៉ាងណា ក្រោយពីបានឃើញមហាជនផ្ទុះការរិះគន់ដាក់ឲ្យធ្ងន់ៗ និងសូម្បីស្នើឲ្យសមត្ថកិច្ចចាត់វិធានការ នៅពេលនេះ ម្ចាស់រថយន្តបង្ក បានចេញបកស្រាយថា ខ្លួនពិតជាមិនបានដឹងទាល់តែសោះ ខណៈបើកឡានកៀរជនរងគ្រោះឡើងរង្គើឡាន និងបានបញ្ជាក់ថា បានជួបនារីរងគ្រោះ និងសងសំណងជំងឺចិត្តផងដែរ។
ម្ចាស់ឡានខាងលើ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sros Jin ដែលបានប្តូរប្រូហ្វាល់ដាក់រូបចាស់វិញ បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «សួរស្តី បងប្អូនក្នុងបណ្តាញសង្គម ទាំងអស់គ្នា។ កាលពីថ្ងៃទី21 ខែ ឧសភា ឆ្នាំ 2023 ខ្ញុំបាទមានកុំដោយអចេតនា បានបើកឡានប៉ះម៉ូតូប្អនស្រីម្នាក់ ដោយខ្ញុំមិនបានដឹង ហើយក៍បន្តដំណើរទៅមើលម្តាយឈឺនៅស្រុក។លុះដល់ផ្ទះម្តាយក៍មើលឃើញក្នុង faceBook ក៍ឃើញ Comment ជាច្រើនថាខ្ញុំមិនទទួលខុលត្រូវ។ ខ្ញុំក៍ប្រញាប់ប្រញាលស្វែងរកជនរងគ្រោះភ្លាម ដើម្បីសង់ជំងឺចិត្តគាត់។ ខ្ញុំក៍បានជួបគាត់ហើយ ហើយខ្ញុំសុំការអព្យាស្រ័យ ពីគាត់ នឹងសុំទោសគាត់រួចរាល់ហើយ ហើយក៍សងសម្នងទៅគាត់ហើយដែរ។ ខ្ញុំសុំអភ័យទោសពីរមហាជន។ សូមអរគុណ!»។
ទោះជាយ៉ាងណា ក្រោយពីបានឃើញចេញមកបកស្រាយយកលេសដោះសារដ៏មិនសមទំនងនេះ មហាជនបានសម្តែងការហួសចិត្តថា៖ «បើកប៉ះគេប៉ុណ្ណឹងហើយឆ្លើយថា មិនដឹងទៀត នេះគ្រាន់លេះដោះសារយករួចខ្លួនប៉ុណ្ណោះ, កៀរគេឡើងរង្គើឡាន ថាអត់ដឹង សាកមានគេមកបុកគូទរថយន្តខ្លួនមើល បើមិនឈប់កណ្តាលផ្លូវយ៉ាងលឿនឡូវហ្នឹង, នេះកុំបានឡានក្រោយមានកាមេរ៉ា កុំអីរួចខ្លួនបាត់ ចេះឆ្លើយថាអត់ដឹងប៉ះគេហើយបើកបន្ថែមល្បឿនរត់យករួចខ្លួន ហើយឆ្លើយអត់ដឹង, ត្រូវចាំថា សម័យនេះលឿនណាស់ បើកបរឲ្យចេះប្រយ័ត្នដល់ជីវិតអ្នកដទៃផង!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



